កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានសហរដ្ឋអាមេរិក The Washington Post បានចុះផ្សាយថាមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាអាចនឹងត្រូវបានផ្តល់ឳ្យចិនប្រើប្រាស់ជាមូលដ្ឋានកងទ័ពរបស់ខ្លួន។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយផ្អែកទៅលើប្រភពដែលបានមកពីបទសម្ភាសន៍ជាមួយមន្ត្រីទូតរបស់ប្រទេសលោកខាងលិច និងមន្ត្រីរដ្ឋាភិបាលរបស់ចិន។ របាយកាយការណ៍ថ្មីនេះហាក់ដូចជាការបញ្ជាក់បន្ថែមទៅលើព័ត៌មានដែលបានចុះផ្សាយដោយ The Wall Street Journal កាលពីឆ្នាំ ២០១៩ ដែលបានចោទកម្ពុជាថាបានចុះកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិន ដែលអនុញ្ញាតឳ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពរាម។ ពិតណាស់រឿងអាស្រូវ មូលដ្ឋានទ័ពចិននៅកម្ពុជាបានធ្វើឳ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសជិតខាងរបស់កម្ពុជា និងប្រទេសមហាអំណាចផ្សេងទៀត។ ឧទាហរណ៍ កាលពីខែមិថុនា ឆ្នាំ ២០២១ ប្រទេសវៀតណាមបានបង្កើតកងចល័តតូចមួយនៅក្នុងខេត្តកិនកឿង (Kien Giang) ដែលមានចំងាយប្រហែលជា ២០០ គីឡូម៉ែតពីដែនដីរបស់កម្ពុជា។ កងចល័តនេះគឺត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើត្រួតពិនិត្យក្នុងតំបន់ ហើយវាត្រូវបានគេជឿថាវាត្រូវបានបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលទាក់ទងទៅនឹងមូលដ្ឋានទ័ពចិននៅមូលដ្ឋានកងទ័ពរាម។ កាលពីនៅចុងឆ្នាំ ២០២១ លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៏រួមទាំងកម្ពុជាផង។ គោលដៅចំបងរបស់លោកស្រីដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់ពីបញ្ហាទាក់ទងទៅនឹងរឿងអាស្រូវមូលដ្ឋានទ័ពចិននៅកម្ពុជា។ នៅថ្ងែទី៧ ខែមិនុថា រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ហើយបញ្ហាមូលដ្ឋានទ័ពរាមក៏បានក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចពិភាក្សានោះដែរ។ ទោះបីជាយ៉ាងនេះក្តី ព័ត៌មានដែលបានចុះផ្សាយដោយ The Washington Post មិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាមួយទាក់ទងទៅនឹងមូលដ្ឋានទ័ពចិននៅកម្ពុជាឡើយ។ ព័ត៌មាននេះផងដែរ ហាក់ដូចជាផ្ទុយពីគោលនយោបាយការបទេសកម្ពុជាបច្ចុប្បន្ន ។ ដើម្បីធ្វើការវាយតម្លៃថាតើកម្ពុជាមានបំណងអនុញ្ញាតឳ្យបរទេសប្រើប្រាស់នៅមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន ដែលវាផ្ទុយពីរដ្ឋធម្មនុញរបស់កម្ពុជា ជាដំបូងយើងត្រូវពិនិត្យមើលទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាង។ យើងក៏នឹងពិនិត្យមើលផងដែរ ពីឥរិយាបថរបស់កម្ពុជាចំពោះបញ្ហាក្នុងតំបន់ ពិភពលោក និងតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានកន្លងមក។ នាពេលបច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួនទាំងថៃនិងវៀតណាម។ ទោះបីជាកម្ពុជាធ្លាប់ប្រឈមមុខដាក់គ្នាជាមួយថៃកាលពីឆ្នាំ ២០០៨-២០១១ រឿងប្រាសាទព្រះវិហារ ក៏ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរមានល្អប្រសើរឡើងវិញ ជាពិសេសបន្ទាប់ពីមានរដ្ឋប្រហានៅថៃដែលដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចារ។ នៅឆ្នាំ២០១៨ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទៀបាញ់បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិថៃលោក Prawin Wongsuwon ដែល ផ្តោតទៅលើការបង្រ្កាបឧក្រិត្តកម្មឆ្លងដែន។ នៅខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកប្រាយុទ្ធបានអបអរសាទរ ខួប ៧០ ឆ្នាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នៅក្នុងពេលនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាថានឹងពង្រឹងទំនាក់ទំនងរបស់ខ្លួនឳ្យកាន់តែរឹងមាំឡើង ដោយផ្តោតសំខាន់ទៅលើបញ្ហាបច្ចុប្បន្នដោយមិនរំលឹកពីជម្លោះក្នុងអតីតកាល។ នាពេលបច្ចុប្បន្ន ថៃក៏បានជួយដល់កម្ពុជាក្នុងការដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា ដែលនេះបង្ហាញពីភាពល្អប្រសើរឡើងនៃទំនាក់ទំនងប្រទេសទាំងពីរ។ ចំណែកទំនាក់ទំនងកម្ពុជាជាមួយវៀតណាមក៏នៅតែមានភាពល្អប្រសើរ ទោះបីជាក្នុងពេលបច្ចុប្បន្ននេះកម្ពុជាមានទំនោរខ្លាំងទៅរកចិនក៏ដោយ។ នៅក្នុងកម្រឹតថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់កម្ពុជារាប់ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោករដ្ឋមន្ត្រីទៀបាញ់មានទំនាក់ទំនងយ៉ាងល្អជាមួយមេដឹកនាំវៀតណាម ហើយតែងតែធ្វើទស្សនកិច្ចទៅវៀតណាមជាញឹកញ៉ាប់។ ដូចគ្នានោះដែរ ថ្នាក់ដឹកនាំវៀតណាមក៏តែងតែធ្វើទស្សនកិច្ចមកកម្ពុជាផងដែរ។ នៅឆ្នាំ ២០២១ ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានធ្វើទស្សនកិច្ចមកកម្ពុជាដែលនោពេលនោះ លោក សួស យ៉ារា ដែលជាសមាជិករដ្ឋសភារបស់កម្ពុជាបាននិយាយថា ទំនាក់ទំនងកម្ពុជា-វៀតណាមគឺជាទំនាក់ទំនងមួយដែលមានការគោរពគ្នា យល់គ្នា ជឿទុកចិត្តគ្នា និងផ្តល់ផលប្រយោជន៍ឳ្យគ្នាទៅវិញទៅមក។ នៅលើផ្នែកយោធាវិញ កម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយវៀតណាម ដែលកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០១៩ កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្រាប់រយៈពេល៥ឆ្នាំជាមួយវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរសម្រាប់ឆ្នាំ ២០២០-២០២៥។ កាលពីខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Phan Van Giang បានធ្វើទស្សនកិច្ចមកទីក្រុងភ្នំពេញហើយជួបជាមួយលោករដ្ឋមន្ត្រីទៀ បាញ់។ ជំនួបនោះបានផ្តល់ឪកាសឳ្យប្រទេសទាំងពីររឹតចំណងសាមគ្គីភាពទាក់ទងទៅនឹងវិស័យការពារជាតិ ហើយប្រទេសទាំងពីរក៏បានសន្យានិងមិនឳ្យ ប្រទេសណាមួយប្រើប្រាស់ខ្លួនដើម្បីប្រឆាំងគ្នាទៅវិញទៅមក។ និយាយជារួម ទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាងពោរពេញដោយកិច្ចសហប្រតិបត្តិការនិងការផ្តល់ផលប្រយោជន៍ឳ្យគ្នាទៅវិញទៅមក។ នៅក្នុងន័យនេះ ការអនុញ្ញាតឳ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា អាចនឹងធ្វើអោយមានផលអាក្រក់ដល់ទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាងរបស់ខ្លួន។ យើងត្រូវដឹងថា ថៃជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៏ ដែលបច្ចុប្បន្ននៅតែបន្តរពឹងផ្អែកយ៉ាងខ្លាំងទៅបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិក។ ចំណែកប្រទេសវៀតណាមវិញ បច្ចុប្បន្នកំពុងតែមានជម្លោះជាមួយចិនទាក់ទងទៅនឹងដែនសមុទ្រចិនខាងត្បូង។ ដូច្នេះ ប្រសិនបើកម្ពុជាអនុញ្ញាតឪ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួន គឺគោលដៅមានតែមួយប៉ុណ្ណោះ គឺកម្ពុជាចង់ប្រឈមមុខដោយផ្ទាល់ជាយោធាជាមួយវៀតណាម។ តើការប្រឈមមុខជាមួយវៀតណាមជាអ្វីដែលថ្នាក់ដឹកនាំកម្ពុជាបច្ចុបន្នចង់បានមែនឬទេ? លើសពីនេះទៅទៀត នៅក្នុងសៀវភៅសការពារជាតិរបស់វៀតណាមដែលបានចុះផ្សាយកាលពីឆ្នាំ ២០១៩ បានប្រមាណយ៉ាងច្បាស់ពីការលូកដៃរបស់ចិននឹងធ្វើឳ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ លើសពីនោះទៅទៀត ការអនុញ្ញាតឳ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមអាចនឹងធ្វើឳ្យការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នក្លាយជាអាសាបង់ នេះមិនទាន់និយាយដល់តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានផង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានបង្ហាញពីជំហរអព្យាក្រឹត របស់ខ្លួនដែលមិនអនុញ្ញាតឳ្យមេដឹកនាំយោធាមីយ៉ាន់មាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយសារតែរបបសឹកភូមានៅតែមិនអនុវត្តទៅការព្រមព្រៀងជាឯកឆន្ទរបស់អាស៊ាន។ កម្ពុជាក៏បានចេញមុខថ្កោលទោសការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនផងដែរ។ ការឆ្លើយតបរបស់កម្ពុជាទៅលើបញ្ហានេះបានធ្វើឳ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលដំបូងឡើយគេបានរំពឹងទុកជាមុនថាកម្ពុជានឹងដើរតាមគន្លងរបស់ចិនដើម្បីគាំទ្ររបបផ្តាច់ការនៅរុស្សី ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខំព្យាយាមរក្សានូវអព្យាក្រឹតរបស់អាស៊ានដោយព្យាយាមរក្សានូវតុល្យភាពរបស់អង្កការតំបន់មួយនេះជាមួយមហាអំណាចខាងក្រៅ ជាពិសេសជាមួយសហរដ្ឋអាមេរិកនិងចិន។ នៅក្នុងពេលនៃកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក-អាស៊ាន កម្ពុជាបានបង្ហាញការស្វាគមន៍ដល់ការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សកម្មភាពនេះវាបានបង្ហាញពីជំហររបស់កម្ពុជាដើម្បីពង្រឹកទំនាក់ទំនងអាស៊ានជាមួយប្រទេសមហាអំណាចទាំងអស់នៅក្នុងក្របខណ្ឌអាស៊ាន។ ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនឹងទៅជាគ្មានន័យប្រសិនបើកម្ពុជាអនុញ្ញាតឪ្យចិនប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន។ ក្នុងពេលនៃកិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិក-អាស៊ាន កម្ពុជាបានចេញផ្សាយនូវសៀវភៅសការពារជាតិ ដែលខ្លឹមសារបានសង្កត់ធ្ងន់ទៅលើមូលដ្ឋានទ័ពរៀម ដោយបានលើកលើងថា ទំនើបកម្មយោធានេះនឹងមិនបង្ករការគំរាមគំហែងដល់ប្រទេសណាមួយឡើយក្នុងតំបន់ ហើយកម្ពុជានឹងមិនអនុញ្ញាតឳ្យកងទ័ពបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីតាំងទ័ពឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានបង្ហាញយ៉ាងច្បាស់ពីជំហរអព្យាក្រឹត និងឯករាជ្យភាពរបស់កម្ពុជា។ សកម្មភាពនេះបានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលក្នុងពេលថ្មីៗនេះ កម្ពុជាបានទទួលសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដោយសារតែការខិតជិតខ្លាំងពេករបស់ទៅរកចិន។ មូលហេតុចម្បងដែលកម្ពុជាព្យាយាមរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នេះដោយសារតែកម្ពុជាយល់ថាកម្ពុជាមិនអាចពឹងចិនតែម្ខាងបានទេ។ គួរកត់សម្គាល់ថាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ និយាយជារួម ការលើកឡើង ថាមានមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជានៅតែជារឿងមិនចម្រោងចម្រាស […]
More Infoកម្ពុជានឹងបញ្ចប់តួនាទីជាប្រធានអាស៊ានប្តូរវេនជុំទី៣ នៅដំណាច់ឆ្នាំ២០២២នេះ ខណៈកាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ញញួរនិមិត្តរូបប្រធានអាស៊ានទៅឱ្យប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ រួចទៅហើយ។ តើក្នុងរយៈពេល១ឆ្នាំមកដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ សម្រេចបានលទ្ធផលអ្វីខ្លះ? ហើយបញ្ហាអ្វីខ្លះ ដែលកម្ពុជាមិនអាចសម្រេចបាន? សូមទស្សនាបទសម្ភាសន៍របស់លោក សេង ថៃ ជាមួយលោក វណ្ណ ប៊ុនណា អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ។ ប្រភព៖ VOD Khmer
More InfoThe Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស ផ្តោតសំខាន់ទៅលើភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ វេទិកានេះបង្កើតឡើងក្នុងគោលបំណងឲ្យយុវជន សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅអាចបញ្ចេញគំនិត និងទស្សនៈទៅលើបញ្ហាព្រួយបារម្ភរបស់ពួកគេ ដើម្បីធ្វើឲ្យសំឡេងរបស់ពួកគាត់អាចត្រូវបានឮជាសាធារណៈ និងត្រូវបានពិចារណាដាក់បញ្ចូលទៅក្នុងដំណើរការរៀបចំគោលនយោបាយ។ លោក វណ្ណ ប៊ុនណា ប្រធានវេទិកា The Thinker Cambodia ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា វេទិកា The Thinker Cambodia បង្កើនចំណេះដឹង និងផ្តល់ឱកាសឱ្យយុវជនបញ្ចេញសំឡេង និងកង្វល់ ជាពិសេសពាក់ព័ន្ធនឹងផ្នែកនយោបាយការបរទេស៕ (អ្នកស្រី កាន់ វិច្ឆិកា, ភ្នំពេញ, ៨ សីហា ២០២២) ចុចស្តាប់ឬទស្សនាទីនេះ ប្រភពៈ VOA Khmer
More Infoភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក វណ្ណ ប៊ុនណា ជាអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ ។លោកចូលខ្លួនមកវិភាគជុំវិញអ្វីដែលសហរដ្ឋអាមេរិកបន្តបារម្ភពីមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវរូបនេះ ការដែលអាមេរិកបន្តជំរុញឲ្យកម្ពុជាបង្ហាញតម្លាភាព គឺដោយសារតែកម្ពុជារងឥទ្ធិពលចិន ខណៈនៅក្នុងការសម្រេចចិត្តរបស់កម្ពុជាគឺដឹកនាំដោយគណបក្សតែមួយ។ ប៉ុន្តែលោកយល់ថា បញ្ហានេះនៅតែអូសបន្លាយ ប្រសិនបើសហរដ្ឋអាមេរិកនៅតែមិនបង្ហាញឯកសារសំងាត់។ ចុចស្តាប់ទីនេះ ប្រភពៈ RFI Khmer
More Infoឆ្នាំ២០២២នេះ កម្ពុជាត្រូវបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេន្តជាលើកទី៣។ នាពេលកន្លងទៅ នៅពេលធ្វើជាប្រធានអាស៊ានលើកទី២នៅឆ្នាំ២០១២ កម្ពុជាត្រូវបានទទួលរងការរិះគន់យ៉ាងចាស់ដៃ ថាបានរារាំងមិនឱ្យអាស៊ានចេញសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន។ រឿងនេះបានចារជាប់ជាប្រវត្តិសាស្រ្តរបស់អាស៊ានជាលើដំបូងដែលអាស៊ានមិនអាចចេញសេចក្តីថ្លែងការរបស់ខ្លួនរួច ដោយសារតែរងឥទ្ធិពលពីចិន។ មុនពេលដែលកម្ពុជាគ្រងតំណែងជាប្រធានអាស៊ានឆ្នាំនេះ មានការលេចឡើងនូវការសន្មត និងការវិភាគវែកញែកជាច្រើនជុំវិញរបៀបដែលកម្ពុជាដឹកនាំអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់និងអន្តរជាតិ និងថាតើសមាគមន៍នេះអាចនឹងជួបនូវបញ្ហាប្រឈមស្រដៀងគ្នាដូចដែលកម្ពុជាបានជួបកាលធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ ២០១២ដែរឬយ៉ាងណា។ ទោះបីជាមិនមាននរណាម្នាក់អាចដឹងប្រាកដថាតើនឹងមានអ្វីកើតឡើងនៅរយៈពេល៦ខែបន្ទាប់ក៏ដោយ ក៏អម្រែកក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជានៅតែបន្តជួបប្រទះនូវបញ្ហាជាច្រើនទៀត។ តើមានអ្វីខ្លះបានកើតឡើងរហូតមកទល់ពេលនេះសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជា? នៅពេលចាប់ផ្តើមតួនាទីជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាលោកនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិដែលជាប់គាំង ដែលបង្ករឡើងដោយរដ្ឋប្រហារយោធានៅដើមឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ មីន អ៊ុង លាំង។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ាបានបង្កឱ្យមានការរិះគន់ច្រើនជាងការសាទរ។ មតិរិះគន់បានផ្តោតទៅលើហេតុការណ៍ដែលកម្ពុជាអនុវត្ត “ ការទូតខាវប៊យ” និងព្រមទាំងបានពិភាក្សាកិច្ចការនយោបាយជាមួយមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ានដោយមិនមានការយល់ព្រមពីសមាជិកអាស៊ានដ៏ទៃទៀត។ ក្រៅពីរឿងរ៉ាវទាក់ទងជាមួយវិបត្តិនៅមីយ៉ាន់ម៉ា និងរបៀបដែលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន, បញ្ហាជុំជម្លោះសមុទ្រចិនខាងត្បូង, ការឆ្លើយតបរបស់តំបន់ទៅកាន់ការឈ្លានពាន់របស់រុស្ស៊ីនៅអ៊ុយក្រែន, និងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បានក្លាយជាប្រធានបទសំខាន់ក្នុងរបៀបវារៈរបស់អាស៊ាន។ ដំបូងឡើយ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានរំពឹងថានឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញនៅខែមករា ប៉ុន្តែត្រូវបានពន្យាពេលដោយសាររដ្ឋមន្ត្រីការបរទេសអាស៊ានភាគច្រើននៅជាប់ភារកិច្ចរៀងៗខ្លួន។ ទោះយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ឃើញថា នេះបណ្តាលមកពីការខ្វែងគំនិតគ្នានៅក្នុងតំបន់ជុំវិញការអនុញ្ញាតឱ្យភាគីមីយ៉ាន់ម៉ាក្រោមការកាន់កាប់ដោយរបបយោធាចូលរួមកិច្ចប្រជុំ។ យ៉ាងណាមិញ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានប្រារព្វដោយជោគជ័យនៅខែកុម្ភៈ តែមិនមានភាគីតំណាងមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំនោះឡើយ។ ការកំណត់កាលបរិច្ឆេទសារជាថ្មីនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលបានទន្ទឹងរងចាំមកជាយូរ បានទាក់ទាញចំណាប់អារម្មណ៍អ្នកសារព័ត៌មានជាច្រើន។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំនេះបានប្រារព្ធឡើងវដោយជោគជ័យរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែឧសភា ខណៈពេលដែលទំនាក់ទំនងចម្រុះរវាងសមាជិកអាស៊ានជាមួយអាមេរិកនៅតែបន្ត គឺដោយសារតែការកើនឡើងនៃឥទ្ធិពលរបស់ចិន គួបផ្សំជាមួយនឹងរបាយការណ៍នៃទំនាក់ទំនងល្អក់កកររវាងកម្ពុជានិងអាមេរិក ដែលបណ្តាលមកពីបញ្ហាផ្សេងៗ ដូចជាការប្រែប្រួលនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងផលវិបាកនៃភូមិសាស្ត្រនយោបាយ។ អ្នកវិភាគមួយចំនួនអះអាងថាកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិកបានផ្តល់ឱកាសជាច្រើនដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដើម្បីធ្វើឱ្យមានភាពប្រសើរឡើងរវាងទំនាក់ទំនងជាមួយអាមេរិក និងក៏ដូចជាសម្រាប់អាស៊ានទាំងមូល ដើម្បីលើកកម្ពស់ទំនាក់ទំនង អាស៊ាន-អាមេរិកទៅដល់ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសហរដ្ឋអាមេរិកសន្យាថានឹងផ្តល់កញ្ចប់អភិវឌ្ឍចំនួន ១៥០ លានដុល្លាអាមេរិក ដល់អាស៊ាន ក៏លទ្ធផលនៃកិច្ចប្រជុំទទួលបានផ្លែផ្កាតិចតួចខុសពីការរំពឹងទុក ដែលទុកជាដើមទុនដើម្បីបង្កើននូវជំនួបទ្វេភាគីដ៏មានន័យ និងផែនការសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំដែលអាមេរិកត្រូវតែធ្វើដើម្បីរក្សាភាពទាក់ទងនិងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។ ពេលវេលានៅសេសសល់ក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជា ទោះបីកម្ពុជាបានបំពេញតួនាទីជាប្រធានអាស៊ានអស់រយៈពេល៦ខែមកហើយក៏ដោយ ក៏នៅតែមានសំណួរចោទសួរជាច្រើនថាតើកម្ពុជានឹងដឹកនាំអង្គការតំបន់មួយនេះនៅរយៈពេល៦ខែបន្ទាប់ដោយរបៀណា។ បញ្ហាប្រឈមសំខាន់ៗសម្រាប់កម្ពុជានិងអាស៊ាននៅតែមានដដែលដូចជា ដំដោះស្រាយវិបត្តនៅមីយ៉ាន់ម៉ា ការពន្លឿននៃសេចក្តីសម្រេចក្រមប្រត្តិបត្តិសមុទ្រចិនខាងត្បូង និងការស្វែងរកនូវបញ្ហាប្រឈមសម្រាប់ថ្នាក់តំបន់និងសកល។ ជាការពិតណាស់ វិបត្តិមីយ៉ាន់ម៉ានៅតែជាបន្លាក្នុងទ្រូងរបស់អាស៊ាន ហើយនឹងនៅតែបន្តបង្ករការលំបាកដល់ភាពជាប្រធានរបស់កម្ពុជាពេញមួយឆ្នាំតែម្តង។ ការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីឱ្យភាគីជម្លោះនៅមីយ៉ាន់ម៉ាព្រមចូលតុចចារនៅតែមិនទាន់ទទួលបានជោគជ័យ នេះក៏ដោយសារតែពួកយោធាហាក់បីដូចជាមិនមានឆន្ទៈក្នុងការអនុវត្តពេញលេញនូវគោលការណ៍ កូសង់ស៊ីស-៥-ចំណុចរបស់អាស៊ាន។ ដូច្នេះហើយកម្ពុជាត្រូវតែបន្តធ្វើការជាមួយសមាជិកអាស៊ាននិងភាគីដែលពាក់ព័ន្ធដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ទោះបីកម្ពុជាបានបង្ហាញពីក្តីសង្ឃឹមក្នុងការសម្រេចក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូងនៅឆ្នាំនេះក៏ដោយ តែឱកាសទទួលបានជោគជ័យហាក់បីដូចជាតិចតួស្តួចស្តើង។ ការសម្រេចក្រមប្រតិបត្តិបានគឺអាស្រ័យទៅលើឆន្ទៈរបស់ចិននិងសមាជិកអាស៊ានដែលមានរួមចំណែកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ជាពិសេស ហ្វីលីពីននិងវៀតណាម។ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក ហ្វឺឌីណៀនដ៍ ម៉ាកូច ជេអរ (Ferdinand Marcos Jr.) ថ្មីៗនេះបានមានប្រសាសន៍ថាលោកនឹងនៅតែប្រកាន់ភ្ជាប់នៃការគ្រប់គ្រងសមុទ្រចិនខាងត្បូងប្រឆាំងនឹងចិន ហើយនឹងមិនធ្វើឱ្យបាត់បង់បូរណភាពទឹកដីរបស់ខ្លួនឡើយ។ ការខិតជិតរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យវៀតណាមមិនសូវចាញ់ប្រៀបទៅនឹងការទន្ទ្រានកាន់កាប់ទឹកដីរបស់ចិននៅក្នុងឈូងសមុទ្រចិនខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះត្រូវចំណាយពេលយូរសម្រាប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដែលអាចឈានទៅដល់ការសម្រេចនូវកិច្ចព្រមព្រៀងបាន។ ការកើនឡើងនៃកម្តៅភូមិសាស្រ្តនយោបាយ រួមទាំងការអះអាងរបស់សហរដ្ឋអាមេរិកអំពីសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង អាចជារឧបសគ្គរាំងស្ទះដល់ការចចារក្រមប្រតិបត្តិ។ ទោះជាយ៉ាងណា ក្នុងនាមជាប្រទេសដែលមិនពាក់ព័ន្ធជម្លោះនិងជាសម្ព័នមិត្តជិតស្និតជាមួយចិន កម្ពុជាអាចដើរតួនាទីជាអ្នកសម្របសម្រួលនិងជម្រុញសេចក្តីសម្រេចក្រមប្រតិបត្តិនៅឆ្នាំនេះ ដែលអាចជាលទ្ធផលមួយជួយស្តារមុខមាត់របស់ខ្លួននៅក្នុងតំបន់។ នៅពេលដែលកម្ពុជា និងអាស៊ានទន្ទឹងរងចាំប្រារព្ធកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួននៅចុងឆ្នាំនេះ វានៅតែជាបញ្ហាដែលថាតើអាស៊ានអាចដើរតាមវិធានរបស់ខ្លួន (ASEAN Way) និងពង្រឹងមជ្ឃភាពអាស៊ាន(ASEAN Centrality) របស់ខ្លួនយ៉ាងណា។ ជំងឺរាតត្បាត COVID-19 នៅតែវាយលុកក្នុងតំបន់ ដែលបន្តរប៉ះពាល់ដល់លទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។ បញ្ហាប្រឈមនៅក្នុងតំបន់និងអន្តរជាតិ ដូចជាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន, ការរះឡើងនៃរបបផ្ដាច់ការនិយមនៅក្នុងតំបន់, បញ្ហាជុំរិញការបំរ៉ែបំរួលអាកាសធាតុ, ការបំផ្លិចបំផ្លាញបរិស្ថាន, និងសន្តិសុខនៅក្នុងតំបន់ នៅតែជាបញ្ហាប្រឈមខ្លាំងដែលអាស៊ានត្រូវតែដោះស្រាយ។ ដូច្នេះហើយ កម្ពុជានឹងដឹងខ្លួនឯងយ៉ាងច្បាស់ថាកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅចុងឆ្នាំនេះ។ បញ្ហាប្រឈមជាក់ស្តែងមួយទៀតនោះគឺថា តើត្រូវអញ្ជើញរបបយោធាមីយ៉ាន់ម៉ាមកចួលរួមកិច្ចប្រជុំកំពូលឬយ៉ាងណា មួយទៀតគឺស្វែងរកបញ្ហាប្រឈមទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ ទោះបីជាមានការរំពឹងទុកថាប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក៏ដោយ សំនួរថាតើគាត់សុខចិត្តអង្គុយជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឬជាមួយអ្នកតំណាងរបស់គាត់ដែរឬទេ? កម្ពុជានឹងទទួលរងសម្ពាធជាច្រើនដើម្បីរក្សាតុល្យភាពក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់ទាំងនេះ។ កម្ពុជាត្រូវតែរក្សាតុល្យភាពនៃសម្ពាធទាំងនេះកំឡុងការប្រារព្ធកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួន។ អ្វីដែលកម្ពុជាគួរធ្វើបន្ត ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកយកបញ្ហាខាងលើមកពិភាក្សា។មានន័យថាក្នុងនាមជាប្រទេសតូច កម្ពុជាត្រូវតែចាប់យកឱកាស ដើម្បីបង្ហាញឱ្យឃើញថាខ្លួន គឺជាតួរអង្គដែលមានសមត្ថភាពមួយរូបក្នុងតំបន់។ ប្រការនេះ គឺវាមានសារៈសំខាន់ដូចដែលកម្ពុជាធ្លាប់បានលើកសរសើរខ្លូនឯងថា”ជាប្រទេសតូចតែមានចិត្តទូលាយ”។ ទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការបង្កើតកិត្តិនាមល្អបានខ្លះហើយក៏ពិតមែន ក៏ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលកម្ពុជាត្រូវដោះស្រាយ។ ក្នុងនាមជាសម្ពន្ធ័មិត្តជិតស្និតរបស់ចិន កម្ពុជាអាចប្រើប្រាស់ឥទ្ធិពលនៃសិទ្ធិអំណាចរដ្ឋតូចរបស់ខ្លួនសម្រាប់អត្ថប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ តែទន្ទឹមនឹងនេះកម្ពុជាត្រូវតែបោះជំហានការទូតប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីរក្សាទំនាក់ទំនងល្អជាមួយនឹងពួកមហាអំណាច ដូចជាសហរដ្ឋអាមេរិកនិងចិន។ ទីក្រុងភ្នំពេញក៏ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយនឹងមហាអំណាចក្នុងតំបន់ផ្សេងទៀតដូចជាជប៉ុនជាដើម ដែលមានតួនាទីចម្បងក្នុងការកំណត់សណ្ឋាននៃគន្លងអភិវឌ្ឍនិងថាមវ័ន្ដសន្តិសុខនៅក្នុងតំបន់។ លើសពីនេះទៅទៀត កម្ពុជាក៏មិនត្រូវបំភ្លេចបញ្ហាដែលមាននៅក្នុងដៃដែរ។ កម្ពុជាត្រូវតែចេះគ្រប់គ្រងនិងធ្វើឱ្យមានភាពប្រសើរនៃទំនាក់ទំនងត្រីកោណយ៉ាងស្មុគ្រស្មាញជាមួយចិននិងវៀតណាមប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដោយសារប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា។ ទីក្រុងភ្នំពេញត្រូវតែដោះស្រាយវិបត្តិនយោបាយក្នុងស្រុកដែលបន្តរជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេសរបស់ខ្លួនជាពិសេសជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សម្រាប់អាណត្តិ៦ខែដែលនៅបន្តក្នុងងារជាប្រធានអាស៊ាន កម្ពុជាត្រូវតែត្រៀមខ្លួនរួចរាល់ទុកជាមុនដើម្បីស្វាគមន៍បញ្ហាខាងលើ ជាពិសេសនៅពេលដែលខ្លួនដឹកនាំកិច្ចប្រជុំកំពូលកម្រិតខ្ពស់ នៅចុងឆ្នាំនេះ។កម្ពុជាអាចទាញយកភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានទៅបាន គឺអាស្រ័យទៅលើសមត្ថភាពរបស់មេដឹកនាំ និងប្រមុខអ្នកការទូតជាន់ខ្ពស់របស់ខ្លួនក្នុងការស្វែងរកបញ្ហាប្រឈមដែលមានភាពស្មុគស្មាញទាំងនៅក្នុងតំបន់ និងអន្តរជាតិ៕ ដោយ៖ លោក ហេង គឹមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងជាសហស្ថាបនិកវេទិកាអប់រំកម្ពុជា។ ប្រែសម្រួលអត្ថបទដោយៈ លោក ដាំង ដាំរ៉ុង អ្នកនិពន្ធអត្ថបទ […]
More Infoការខ្វែងគំនិតខាងនយោបាយ នៅនាទីចុងក្រោយនេះ របស់មេដឹកនាំកំពូលៗទាំងពីរ នៃគណបក្សសង្រ្គោះជាតិ ត្រូវគេមើលឃើញថា ហាក់ជាសញ្ញាបង្ហាញពីការបែកបាកផ្ទៃក្នុងបក្សមួយនេះ។ សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ចាត់ទុកថា ប្រសិនបើសម្ព័ន្ធភាពនេះ ត្រូវរង្គោះរង្គើមែន វានឹងនាំឱ្យប្រជាធិបតេយ្យ ដែលមានភាពទន់ខ្សោយស្រាប់ផង នឹងត្រូវធ្លាក់ចុះកាន់តែខ្លាំង។ ដើម្បីបានជ្រាប់អំពីរឿងនេះបន្ថែម សូមទស្សនិជន ទស្សនាបទសម្ភាសន៍ របស់លោក ម៉ម មុនីរតន៍ ជាមួយនិងលោក វណ្ណ ប៊ុនណា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយដូចតទៅ៖ ប្រភព៖ VOD
More Infoកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិននិងវៀតណាម ដែលប្រទេសទាំងពីរជាគូបដិបក្សនឹងគ្នា។ កត្តានេះបានធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រឈមជាយុទ្ធសាស្រ្តមួយក្នុងគោលនយោបាយការបទេសរបស់ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកាន់តែពិបាកនៅក្នុងការរក្សានូវតុល្យភាពទំនាក់ទំងរបស់ខ្លួនរវាងប្រទេសទាំងពីរ ដែលបណ្តាលមកពីភាពរកាំរកូសរវាងចិននិងវៀតណាមជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាតំបន់ទន្លេមេគង្គ ។ ប្រសិនបើគិតពិចារណាដល់ការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រដែលកំពុងកើតមានរវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយ ទីក្រុងភ្នំពេញត្រូវរក្សាតុល្យភាពទំនាក់ទំនងជាមួយទីក្រុងទាំងពីរ ដែលពួកគេសុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់កម្ពុជា។ ការមិនអាចរក្សាតុល្យភាពរវាងប្រទេសទាំងពីរ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។ កម្ពុជាមានទំនាក់ទំនងល្អជាមួយចិននិងវៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ។ ដូច្នេះការជ្រើសយកភាគីណាមួយចោលភាគីណាមួយអាចនឹងធ្វើឱ្យភាគីមួយទៀតមិនសប្បាយចិត្ត។ បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតថ្មីមួយគួរឱ្យកត់សម្គាល់ ដែលកម្ពុជាបានក្លាយជាសម្ព័ន្ធមិត្តដែកថែបរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចិនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសគឺជំនួយខាងផ្នែកបរិក្ខាយោធា និងសេដ្ឋកិច្ច។ ជាទំនាក់ទំនងដែលមានផលប្រយោជន៍រួម ជានិច្ចកាល ទង្វើរបស់កម្ពុជាត្រូវបានគេមើលឃើញថាតែងតែមានទំនោទៅបម្រើផលប្រយោជន៍យុទ្ធសាស្រ្តរបស់ចិននៅអាស៊ីអាគ្នេយ៍។ ការងាកទៅរកចិនកាន់តែខ្លាំងឡើងរបស់កម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេស វៀតណាម និងពួកមហាអំណាចមួយចំនួនដូចជា អាមេរិក និងជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមមានការព្រួយបារម្មណ៍ជាងគេ ដោយហេតុថាខ្លួនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់កម្ពុជា ហើយក៏ជាសត្រូវសួរពូជជាមួយចិនផងដែរ។ ខណៈពេលដែលកម្ពុជាទោរទៅរកចិនកាន់តែខ្លាំងឡើងៗ បានធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមមានភាពស្មុគ្រស្មាញខ្លាំងឡើងផងដែរ។ ទំនាក់ទំនងកម្ពុជាជាមួយចិននិងវៀតណាមក្នុងពេលអតីតកាល ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងទំនាក់ទនងជាមួយចិននិងវៀតណាមនាពេលបច្ចុប្បន្នយើងគម្បីស្វែងយល់ពីប្រវត្តិសាស្រ្តជាមុនសិន។ នៅឆ្នាំ ១៩៧៨ កងទ័ពវៀតណាមរួមបញ្ជូលទាំងកងទ័ពអតីតខ្មែឬក្រហមប្រមានណជា ១២០,០០០ បានធ្វើការវាយលុកដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយប៉ុលពត។ ចាប់ពីចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៩០ រដ្ឋាភិបាលកម្ពុជាដែលបង្កើតឡើងដោយវៀតណាមមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិនៅឡើងទេ ជាពិសេស ចិននិងអាម៉េរិក។ របបប្រល័យពូជសាសន៍ប៉ុលពត នៅតែត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយថែមទាំងទទួលបាននូវជំនួយសព្វាវុធ បរិក្ខាធ្វើសឹកសង្គ្រាមយ៉ាងច្រើនពីចិននិងអាម៉េរិក ហើយនិងបានសម្ងំលាក់ខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាឧទាហរណ៍ នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានទទួលរថក្រោះ ធី-៥៩ របស់ចិនចំនួន ២៤គ្រឿង និងជំនួយយោធាផ្សេងទៀតដែលបានដឹកជញ្ជូនតាមព្រំដែនថៃ។ ជំនួយរបស់ចិនទៅកាន់ខ្មែរក្រហមអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គឺកើតឡើងដោយសារផលប្រយោជន៍ផ្នែកយុទ្ធសាស្រ្ត ។ ក្រោយមក អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (UNTAC) ត្រូវបានបង្កើតឡើងបន្ទាប់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ ១៩៩១។ ចាប់ពីពេលនោះមក ចិនបានបោះបង់ចោលខ្មែរក្រហមនិងចាប់ដៃជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលដឹកនាំដោយគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។ ចិនបានចាប់ផ្តើមមានទំនាក់ទំនងនយោបាយល្អជាមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច ហើយបន្ទាប់មកជាមួយគណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ ១៩៩៦ ចិនបានអញ្ជើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ហើយភាគីទាំងពីរក៏បានប្រារព្ធកិច្ចប្រជុំជាមួយគ្នាជាច្រើនលើកផងដែរ។ នៅគ្រានោះ កម្ពុជាក៏នៅតែមានទំនាក់ទំនងរឹងមាំជាមួយវៀតណាម។ វៀតណាមបានជួយដល់ទីក្រុងភ្នំពេញដើម្បីក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។ មេដឹកនាំមួយចំនួនរបស់កម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានទំនាក់ទំនងពិសេសជាមួយមេដឹកនាំបក្សកម្មុយនីស្តវៀតណាមផងដែរ។ ជាឧទាហរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។ នៅឆ្នាំ ២០១៨ អមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោកបានធ្វើដំណើរចូលរួមពីធីមរណៈទុក្ខនិងបង្ហាញពីការគោរពទៅកាន់ប្រធានាធិបតីរៀតណាម លោក ត្រាន ដាយ គង់ (Tran Dai Quang)។ នៅឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសវៀតណាមនិងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ។លើសពីនេះទៅទៀត ទំនាក់ទំនាក់ស៊ីជម្រៅរវាង កម្ពុជានិងវៀតណាមត្រូវបង្ហាញឱ្យឃើញតាមរយៈស្តូបមិត្តភាពកម្ពុជា-វៀតណាមជាច្រើនដែលត្រូវបានសាងសង់ស្ទើរគ្រប់បណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីរំលឹកដល់ជ័យជម្នះលើរបបខ្មែរក្រហម និងរំលឹកអំពីចំណងមិត្តភាពដ៏មាំងរវាងប្រទេសទាំងពីរ។ ថ្មីៗនេះ កម្ពុជានិងវៀតណាមបានចុះកិច្ចព្រមព្រៀងសហប្រតិបិត្តការយោធា ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពយោធានិងជំនួយរវាងប្រទេសទាំងពីរសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥។ ការកើនឡើងឥទ្ធិពលរបស់ចិននៅម្ពុជា ទំនាក់ទំនងទ្វេភាគីរវាងចិននិងកម្ពុជាមានការវិវត្តយ៉ាងខ្លាំងចាប់ពីឆ្នាំ១៩៩៧មក នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះលើគណបក្សហ៊ុនស៊ិនប៉ិចក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ១៩៩៧ ដែលបើកផ្លូវឱ្យខ្លួនឈ្នះឆ្នោតនៅឆ្នាំបន្ទាប់។ ក្រោយមក នៅពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបានអន្តរជាតិដាក់ឱ្យនៅឯកោនិងប្រឈមនឹងការកាត់ផ្តាចជំនួយពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលលោកខាងលិច រំពេចនោះចិនបានផ្តល់ជំនួយជាសព្វាវុធដល់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណជា ២.៨ លាន ដុល្លាអាមេរិក ។ នៅឆ្នាំ ១៩៩៧ ចិនបានផ្តល់ជំនួយប្រមាណ ៦លានដុល្លាអាមេរិកដល់កម្ពុជា។ ចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរត្រូវបានជំរុញបន្ថែមទៀត គឺពេលដែលការវិនិយោគ របស់ចិនមានការហក់ឡើងពី ៣៦ លានដុល្លាអាមេរិក នៅឆ្នាំ១៩៩៦ ដល់ ១១៣ លានដុល្លាអាមេរិក នៅឆ្នាំ ១៩៩៧។ ថ្វីបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ថា “ចិនជាឫសគល់នៃគ្រោះមហន្តរាយនៅកម្ពុជា” តែឥឡូវចិនគឺ ”ជាមិត្តដែកថែបរបស់កម្ពុជា”។ ទោះជាយ៉ាងណាក៏ដោយ ការមិនទុកចិត្តទាំងនោះបានរលាយបាត់ទៅវិញបន្តិចម្តងៗពេលដែលចិនបានផ្តល់ជំនួយនិងការវិនិយោគជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលសហរដ្ឋអាមេរិចនិងបណ្តាប្រទេសលោកខាងលិចបានរិះគន់មកលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ទាប់មក កម្ពុជានិងចិនបានលើកកម្ពស់កម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀតឱ្យឈានដល់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ដែលធ្វើឱ្យតួនាទីនិងវត្តមានរបស់ចិននៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ២០១៤ ចិនបានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍មកកាន់កម្ពុជាពីចន្លោះ ៥០០ លានដុល្លាអាមេរិក ទៅ៧០០ លានដុល្លាអាមេរិក ជារៀងរាល់ឆ្នាំ។ អំឡុងពេលកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលីនៅឆ្នាំ២០១៦ ចិនបានផ្តាច់ជ្ញារផ្តល់ជំនួយមកកម្ពុជា ៦០០លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ ២០១៨។ នៅឆ្នាំ២០១៧ ចិនក៏បានសន្យាថានឹងផ្តល់ជំនួយ ៦០០លានដុល្លាជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ […]
More Infoអទិភាពនយោបាយការបរទេសអាមេរិកជំនាន់ប៊ូសកូន (Junior Bush) គឺការរះឡើងរបស់ចិន។ ប៉ុន្តែអទិភាពនេះ ត្រូវបានរុញច្រានទៅមួយកន្លែងក្រោយភេរកម្មវាយប្រហារអាគាំងថ្ងៃ១១ កញ្ញា ២០០១។ ជាលទ្ធផល អាហ្គាសនីស្ថាន និងអ៊ីរ៉ាក់ ត្រូវបានអាមេរិកឈ្លានពាន។ ការដកខ្លួនរបស់អាមេរិកពីអាហ្គាសនីស្ថាន ក៏ដើម្បីទប់ស្កាត់ការរះឡើងរបស់ចិន។ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាដែកឆក់ឬដែនម៉ាញេទិច ដែលទាញឱ្យពួកអឺរ៉ុបដែលដេកលក់ក្នុងសន្តិភាពនិងអាងលើឆ័ត្រសន្តិសុខរបស់អាមេរិកឱ្យរួមគ្នាជាធ្លុងមួយទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដែលអ្នកសិក្សានយោបាយអន្តរជាតិហៅថានយោបាយអំណាច (power politics)។ យោងតាម Rob De Wijk នយោបាយអំណាចជាការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសមួយក្នុងការប្រើប្រាស់អំណាចនិងមធ្យោបាយដែលប្រើប្រាស់អំណាចនោះ។ ជាការវិភាគ រុស្ស៊ីជាមហាអំណាចកំពុងធ្លាក់ចុះ (declining power) ទាំងសេដ្ឋកិច្ច និងយោធា បើប្រៀបធៀបជាមួយអាមេរិក និងចិន។ ប៉ុន្តែ នៅចំពោះមុខកម្សោយរបស់អឺរ៉ុបឆ្លើយតបការផ្តាច់ទឹកដីគ្រីមៀរបស់អ៊ុយក្រែនដោយរុស្ស៊ី ក្នុងឆ្នាំ២០១៤ ពូទីនបានវាយតម្លៃទាប(underestimate)ក្នុងការឈ្លានពានអ៊ុយក្រែនលើកនេះដោយសំអាងលើទ្រឹស្តីប្រាកដនិយមនៃតុល្យភាពអំណាច (balance of power) និងទ្វេគ្រោះសន្តិសុខ (security dilemma) ដែលថាការរីករាលដាលនៃសមាជិកភាពណាតូនិងសហភាពអឺរ៉ុប ជាការគម្រាមកំហែងដល់សន្តិសុខរុស្ស៊ី ប៉ុន្តែធ្លាក់ខ្លួនក្នុងទ្រឹស្តីតុល្យភាពគម្រាមកំហែង(balance of threat) និងជាតិនិយមរបស់ពលរដ្ឋអ៊ុយក្រែន។ សូមរំលឹកថា អាមេរិកធ្លាប់បរាជ័យក្នុងសមរភូមិវៀតណាម មួយផ្នែកដោយសារជាតិនិយមរបស់វៀតណាមនេះឯង។ អត្ថបទដោយ៖ បណ្ឌិត រ៉ូ វណ្ណៈ សហស្ថានិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
More Infoជាមួយនឹងវត្តមានផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់ចិនយ៉ាងរឹងមាំនៅកម្ពុជា ជាពិសេសការជួយកម្ពុជាឥតសំចៃកម្លាំងអំឡុងពេលភ្នំពេញ រងសម្ពាធផ្នែកប្រជាធិបតេយ្យពីលោកខាងលិច និងរងគ្រោះពីវិបត្តិកូវីដ១៩ នាំឱ្យកើតជាសំណួរថា ចិននឹងរំពឹងអ្វីត្រឡប់វិញ ឬទេ ពេលកម្ពុជាឡើងធ្វើជាប្រធានអាស៊ានពីខែមករា ឆ្នាំ២០២២ ខាងមុខនេះទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានចូលរួមមកបកស្រាយប្រធានខាងលើ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃវីអូអេ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕ ចុចស្តាប់នៅទីនេះ
More Infoនៅកម្ពុជា មានសាកលវិទ្យាល័យច្រើនគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែការសិក្សាអំពីមុខជំនាញទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទ្រឹស្តីទំនាក់ទំនងរដ្ឋនិងរដ្ឋផ្សេងទៀត នៅតាមសាកលវិទ្យាល័យទំាងនោះ ហាក់នៅពុំទាន់មានភាពទូលំទូលាយស៊ីជម្រៅនៅឡើយ។ ដូច្នេះហើយ កត្តាដែលមិនយល់ដឹងអំពីទ្រឹស្តីមនោគមន៍វិជ្ជា និងការសិក្សាគោលនយោបាយការបរទេសរបស់រដ្ឋនីមួយៗ អាចជាកត្តាលិករដែលបង្អាក់ការគិតបែបតក្កវិជ្ជាក្នុងការវិភាគបែបស៊ីជម្រៅរបស់សិស្សនិស្សិត ទៅលើព្រឹត្តិការណ៍ពិភពលោកដែលកំពុងកើតមានឡើង។ អ្វីទៅជាទ្រឹស្តីប្រាកដនិយម? ជារួមទំនាក់ទំនងអន្តរជាតិ គឺជាការសិក្សាអំពីទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ និងជាមួយអង្គការអន្តរជាតិ និងអង្គភាពក្រោមជាតិមួយចំនួន – ឧទាហរណ៍៖ ការិយាធិបតេយ្យ គណបក្សនយោបាយ និងច្បាប់ជាដើម។ ជាងនេះទៅទៀត ជាញឹកញាប់ទ្រឹស្តីពីរតែងតែលិចឡើងជារឿយៗសម្រាប់និស្សិតដែលសិក្សាបញ្ហាអន្តជាតិ ពោលគឺ ទ្រឹស្តីប្រាកដនិយម (Realism) និងសេរីនិយម (Liberalism)។ ក៏ប៉ុន្តែ ស្មេរសូមលើកយកតែទ្រឹស្តីប្រាកដនិយមមកពិភាក្សាប៉ុណ្ណោះ។ ដូច្នេះ តើអ្វីទៅជានិយមន័យទ្រឹស្តីប្រាកដនិយម។ សៀវភៅ «ការណែនាំអំពីភាពប្រាកដនិយមក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិ» ដែលធ្វើការស្រាវជ្រាវដោយលោក Sandrina Antunes and Isabel Camisão បានពន្យល់យ៉ាងក្បោះក្បាយអំពីគំនិតនឹងទស្សនៈនឹងការយល់ឃើញទៅលើទ្រឹស្តីប្រាកដនិយមនិង តួរអង្គសំខាន់ៗនៃទស្សនៈវិទូប្រាកដនិយម តួរយ៉ាងដូចជា Machiavelli និង Morgenthau។ ការសន្មត់ដំបូងនៃភាពប្រាកដនិយមគឺថារដ្ឋ គឺជាតួអង្គសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយរដ្ឋមានកាតព្វកិច្ចក្នុងការសម្រេចចិត្តលើគោលនយោបាយការណ៍បរទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋដ៏ទៃទៀត ឫក៏ស្ថានប័នអន្តរជាតិណាមួយ។ ជារួម អ្នកដែលធ្វើសេចក្តីសម្រេច គឺជាតួអង្គអ្នកកាច់ចង្កូតនាវារបស់រដ្ឋនោះ ដែលប្រកបដោយសុភវិនិច្ឆ័យនិងការសម្រេចចិត្តដ៏សមហេតុផល ដើម្បីស្វែងរកនូវផលប្រយោជន៍រួមសម្រាប់ជាតិ និងគេចចេញពីព្រឹត្ដិការណ៍ ឬដានប្រវត្តិសាស្រ្តណាមួយដែលនាំឱ្យរដ្ឋធ្លាក់ចុះ។ ទ្រឹស្តីប្រាកដនិយមក៏បានបង្ហាញថា អ្នកដឹកនាំទាំងអស់ មិនថាយុទ្ធសាស្រ្តបញ្ចុះបញ្ចូលនយោបាយរបស់ពួកគេបែបណានោះទេ ពួកគេត្រូវតែប្រយ័ត្ននៅពេលដែលពួកគេព្យាយាមគ្រប់គ្រងកិច្ចការរដ្ឋនិងការសម្រេចចិត្តលើគោលនយោបាយការបរទេសរបស់ពួកគេជាមួយរដ្ឋផ្សេងៗ ដើម្បីរស់ក្នុងបរិយាកាសប្រកួតប្រជែង។ ដោយន័យម្យ៉ាងទៀត នៅក្នុងគំនិតនៃក្រុមប្រាកដនិយម អ្នកដឹកនាំពេលខ្លះត្រូវធ្វើសម្តែងជាមនុស្សមានអត្មានិយម ហើយពេលខ្លះក៏គួរបន្ទន់ខ្លួននៅពេលដែលការសម្រេចចិត្តលើកិច្ចការនយោបាយការបរទេសណាក្នុងក្របខណ្ឌប្រឈមនឹងមេដឹកនាំការបរទេសនៃប្រទេសមហាអំណាច។ ជាឧទាហរណ៍ អ្នកការទូតអ៊ីតាលី ប្រវត្តិវិទូ និងទ្រឹស្តីនយោបាយវិទូ លោកម៉ាគីយ៉ាវែល (Niccolò Machiavelli) ផ្តល់ជាគំនិតថា ដើម្បីអនុវត្តការងារកិច្ចការរដ្ឋ (គោលនយោបាយការបរទេស) ប្រកបដោយជោគជ័យ និងការបន្តនៃនិរន្តរភាពនៃប្រទេសជាតិ អ្នកដឹកនាំត្រូវមានការប្រុងប្រយ័ត្ន និងប្រសព្វទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយការគំរាមកំហែងខាងក្នុង ក៏ដូចជាខាងក្រៅចំពោះការគ្រប់គ្រងរបស់អ្នកដឹកនាំរដ្ឋនោះដែលពេលខ្លះ អ្នកដឹកនាំត្រូវតែធ្វើខ្លួនឱ្យដូចជាតោ ហើយពេលខ្លះគួរតែដូចកញ្ជ្រោង។ ដូចគ្នាផងដែរ ទស្សនៈវិទូ Morgenthau បង្ហាញថារាល់សកម្មភាពនយោបាយ គឺសំដៅសំខាន់ឆ្ពោះទៅរកការរក្សា បង្កើន ឬបង្ហាញអំណាច។ ការគិតបែបនេះគឺថា គោលនយោបាយដែលផ្អែកលើសីលធម៌ ឬបែបការឆ្លើយតបរហ័សទៅលើកិច្ចការទូតអ្វីមួយ នឹងអាចនាំទៅរកភាពទន់ខ្សោយ រហូតដល់ពេលខ្លះនឹងមានការបំផ្លិចបំផ្លាញ ឬការគ្រប់គ្រងរដ្ឋដោយគូប្រជែង។ ក្នុងន័យសាមញ្ញ ការស្វែងរកផលប្រយោជន៍ជាតិ ដោយផ្អែកលើសីលធម៌ វាមិនមែនជាកម្មវត្ថុនៃការដឹកនាំរដ្ឋប្រកបដោយគុណតម្លៃសម្រាប់អ្នកប្រាកដនិយមនោះទេ។ ហេតុអ្វីនិស្សិតគួរយល់ដឹងអំពីទ្រឹស្តីប្រាកដនិយម? ជាការពិតនិស្សិតដែលបានសិក្សាអំពីទ្រឹស្តីបទនេះ ប្រហែលជាអាចមានភាពច្បាស់លាស់នឹងអាចមានលទ្ធភាពក្នុងការពិនិត្យ ឬវិភាគលើការដឹកនាំរដ្ឋនិងការសម្រេចចិត្តរបស់មេដឹកនាំខ្លួនជាពិសេសលើការសម្រេចចិត្តលើគោលនយោបាយការបរទេស ដែលកំពុងកើតឡើងនៅលើពិភពលោក។ ក៏ប៉ុន្តែសម្រាប់និស្សិតដែលពុំបានសិក្សាយល់ដឹងស៊ីជម្រៅទៅលើទ្រឹស្តីបទនៃទំនាក់ទំនងអន្តរជាតិ ចង់មិនចង់ប្រហែលនឹងពិបាកក្នុងការវិភាគឱ្យបានស៊ីជម្រៅទៅលើព្រឹត្តិការណ៍ ប្រសិនណាបើពួកគេពុំបានយល់ដឹងឱ្យច្បាស់អំពីគោលដៅ ឬគោលនយោបាយនៃរដ្ឋនីមួយៗ និងគំនិតរបស់អ្នកអ្នកដឹកនាំនោះទេ។ ការសិក្សាទ្រឹស្តីប្រាកដនិយម គឺជាវិធីដ៏ល្អមួយសម្រាប់និស្សិតដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសកល និងបញ្ហាការប្រកួតប្រជែកអំណាចរវាងមហាអំណាចនិងមហាអំណាច ឬមហាអំណាចជាមួយប្រទេសតូចៗ។ ត្បិតអី ការយល់ដឹងអំពីភាពប្រាកដប្រជារបស់ថ្នាក់ដឹកនាំអាចផ្តល់នូវសូចនាករ សម្រាប់និស្សិតធ្វើការវិភាគបានលម្អិតក៏ដូចជាផ្តល់ភាពងាយស្រួលដល់និស្សិតដើម្បីក្តោបព័ត៌មានបានច្បាស់។ អ្វីដែលពិសេសជានេះទៅទៀត ការយល់ដឹងអំពីទ្រឹស្តីមួយនេះ វាអាចនឹងជួយពង្រឹងផ្នែកវិភាគបែបតក្តវិជ្ជាឬធ្វើការសំយោគអំពីធម្មជាតិនៃមេដឹកនាំនឹងការប្រព្រឹត្តិទៅនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ បន្ថែមទៅទៀត ការសិក្សាស៊ីជម្រៅអំពីទ្រឹស្តីមួយនេះ វាក៏អាចជួយពង្រីកការយល់ដឹងអំពីដំណើរនៃប្រព័ន្ធដឹកនាំរដ្ឋ មានភាពច្បាស់លាស់ជាមួយមេដឹកនាំប្រទេសខ្លួន និងមានគំនិតបែបតក្កវិជ្ជាច្រើនក្នុងការបកស្រាយអំពីព្រឹត្តិការណ៍ពិភពលោក ឬបង្ហារាំរ៉ៃនៃសង្រ្គាម ក៏ដូចជាការយល់ដឹងអំពីមហិច្ចតារបស់មហាអំណាចក្នុងការយករដ្ឋតូចៗធ្វើជាកូនអុកសម្រាប់ប្រជែងគ្នាក្នុងជម្លោះដឹកនាំពិភពលោក៕ ដោយ៖ លោក ជា សំអៀង អ្នកនិពន្ធអត្ថបទ The Thinker Cambodia និងនិស្សិតទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
More Info