Hello VOA សំឡេង​ជំនាន់​ថ្មី៖ វេទិកា The Thinker Cambodia​​​​ លើកកម្ពស់​ការ​យល់​ដឹង​​​វិស័យ​នយោបាយ​​ការបរទេស​​​ដល់​យុវជន

The Thinker Cambodia គឺជាវេទិកាអត្ថាធិប្បាយនិងវិភាគទៅលើកិច្ចការបរទេស ផ្តោត​សំខាន់​ទៅ​លើ​ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ វេទិកា​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​យុវជន សិស្សនិស្សិត អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ​អាច​បញ្ចេញគំនិត និងទស្សនៈទៅលើបញ្ហាព្រួយបារម្ភរបស់ពួកគេ​ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​ពួកគាត់​អាច​ត្រូវ​បាន​ឮ​ជា​សាធារណៈ និង​ត្រូវ​បាន​ពិចារណា​ដាក់​បញ្ចូល​ទៅក្នុង​ដំណើរការ​រៀបចំ​គោល​នយោបាយ។ លោក វណ្ណ ប៊ុនណា ប្រធានវេទិកា​ The Thinker Cambodia ​ថ្លែង​​​ក្នុង​​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា វេទិកា​ The Thinker Cambodia បង្កើន​ចំណេះដឹង និង​ផ្តល់ឱកាសឱ្យ​យុវជន​បញ្ចេញ​សំឡេង និង​កង្វល់ ជាពិសេស​ពាក់ព័ន្ធនឹង​ផ្នែក​នយោបាយការបរទេស៕ (អ្នកស្រី​ កាន់ វិច្ឆិកា, ភ្នំពេញ, ៨ សីហា ២០២២) ចុច​​ស្តាប់​ឬ​ទស្សនាទីនេះ ប្រភពៈ VOA Khmer

More Info
លោក វណ្ណ ប៊ុនណា៖ ការដែលអាមេរិកបន្តបារម្ភពីមូលដ្ឋានកងទ័ពចិន ដោយសារតែចិនមានឥទ្ធិពលខ្លាំងនៅកម្ពុជា
រយៈពេល៦ខែកន្លងផុតទៅនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា

  ឆ្នាំ២០២២នេះ កម្ពុជាត្រូវបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេន្តជាលើកទី៣។ នាពេលកន្លងទៅ នៅពេលធ្វើជាប្រធានអាស៊ានលើកទី២នៅឆ្នាំ២០១២ កម្ពុជាត្រូវបានទទួលរងការរិះគន់យ៉ាងចាស់ដៃ ថាបានរារាំងមិនឱ្យអាស៊ានចេញសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន។ រឿងនេះបានចារជាប់ជា​​ប្រវត្តិសាស្រ្តរបស់អាស៊ានជាលើដំបូងដែលអាស៊ានមិនអាចចេញសេចក្តីថ្លែងការរបស់ខ្លួនរួច   ដោយសារតែរងឥទ្ធិពលពីចិន។ មុនពេលដែលកម្ពុជាគ្រងតំណែងជាប្រធានអាស៊ានឆ្នាំនេះ មានការលេចឡើងនូវការសន្មត និងការវិភាគវែកញែកជាច្រើនជុំវិញរបៀបដែលកម្ពុជាដឹកនាំអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់និងអន្តរជាតិ និងថាតើសមាគមន៍នេះអាចនឹងជួបនូវបញ្ហាប្រឈមស្រដៀងគ្នាដូចដែលកម្ពុជាបានជួបកាលធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ ២០១២​ដែរឬយ៉ាងណា។ ទោះបីជាមិនមាននរណាម្នាក់អាចដឹងប្រាកដថាតើនឹងមានអ្វីកើតឡើងនៅរយៈពេល៦ខែបន្ទាប់ក៏ដោយ ក៏អម្រែកក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជានៅតែបន្តជួបប្រទះនូវបញ្ហាជាច្រើនទៀត។   តើមានអ្វីខ្លះបានកើតឡើងរហូតមកទល់ពេលនេះសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជា? នៅពេលចាប់ផ្តើមតួនាទីជាប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានប្រកាសថាលោកនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិដែលជាប់គាំង ដែលបង្ករឡើងដោយរដ្ឋប្រហារយោធានៅដើមឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ មីន អ៊ុង លាំង។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ាបានបង្កឱ្យមានការរិះគន់ច្រើនជាងការសាទរ។ មតិរិះគន់បានផ្តោតទៅលើហេតុការណ៍ដែលកម្ពុជាអនុវត្ត “ ការទូតខាវប៊យ” និងព្រមទាំងបានពិភាក្សាកិច្ចការនយោបាយជាមួយមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ានដោយមិនមានការយល់ព្រមពីសមាជិកអាស៊ានដ៏ទៃទៀត។ ក្រៅពីរឿងរ៉ាវទាក់ទងជាមួយវិបត្តិនៅមីយ៉ាន់ម៉ា និងរបៀបដែលកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង,  កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន, បញ្ហាជុំជម្លោះសមុទ្រចិនខាងត្បូង, ការឆ្លើយតបរបស់តំបន់ទៅកាន់ការឈ្លានពាន់របស់រុស្ស៊ីនៅអ៊ុយក្រែន,  និងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក បានក្លាយជាប្រធានបទសំខាន់ក្នុងរបៀបវារៈរបស់អាស៊ាន។ ដំបូងឡើយ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានរំពឹងថានឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញនៅខែមករា ប៉ុន្តែត្រូវបានពន្យាពេលដោយសាររដ្ឋមន្ត្រីការបរទេសអាស៊ានភាគច្រើននៅជាប់ភារកិច្ចរៀងៗខ្លួន។ ​ទោះយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនយល់ឃើញថា នេះបណ្តាលមកពីការខ្វែងគំនិតគ្នានៅក្នុងតំបន់ជុំវិញការអនុញ្ញាតឱ្យភាគីមីយ៉ាន់ម៉ាក្រោមការកាន់កាប់ដោយរបបយោធាចូលរួមកិច្ចប្រជុំ។ យ៉ាងណាមិញ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានប្រារព្វដោយជោគជ័យនៅខែកុម្ភៈ តែមិនមានភាគីតំណាងមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំនោះឡើយ។   ការកំណត់កាលបរិច្ឆេទសារជាថ្មីនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក​ ដែលបានទន្ទឹងរងចាំមកជាយូរ បានទាក់ទាញចំណាប់អារម្មណ៍អ្នកសារព័ត៌មានជាច្រើន។ តែទោះជាយ៉ាងនេះក្តី កិច្ចប្រជុំនេះបានប្រារព្ធឡើងវដោយជោគជ័យរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែឧសភា ខណៈពេលដែលទំនាក់ទំនងចម្រុះរវាងសមាជិកអាស៊ានជាមួយអាមេរិកនៅតែបន្ត គឺដោយសារតែការកើនឡើងនៃឥទ្ធិពលរបស់ចិន គួបផ្សំជាមួយនឹងរបាយការណ៍នៃទំនាក់ទំនងល្អក់កកររវាងកម្ពុជានិងអាមេរិក ដែលបណ្តាលមកពីបញ្ហាផ្សេងៗ ដូចជាការប្រែប្រួលនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងផលវិបាកនៃភូមិសាស្ត្រនយោបាយ។ អ្នកវិភាគមួយចំនួនអះអាងថាកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិកបានផ្តល់ឱកាសជាច្រើនដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានដើម្បីធ្វើឱ្យមានភាពប្រសើរឡើងរវាងទំនាក់ទំនងជាមួយអាមេរិក​ និងក៏ដូចជាសម្រាប់អាស៊ានទាំងមូល ដើម្បីលើកកម្ពស់ទំនាក់ទំនង អាស៊ាន-អាមេរិកទៅដល់ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសហរដ្ឋអាមេរិកសន្យាថានឹងផ្តល់កញ្ចប់អភិវឌ្ឍចំនួន ១៥០ លានដុល្លាអាមេរិក ដល់អាស៊ាន ក៏លទ្ធផលនៃកិច្ចប្រជុំទទួលបានផ្លែផ្កាតិចតួចខុសពីការរំពឹងទុក ដែលទុកជាដើមទុនដើម្បីបង្កើននូវជំនួបទ្វេភាគីដ៏មានន័យ និងផែនការសកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំដែលអាមេរិកត្រូវតែធ្វើដើម្បីរក្សាភាពទាក់ទងនិងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។   ពេលវេលានៅសេសសល់ក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជា ទោះបីកម្ពុជាបានបំពេញតួនាទីជាប្រធានអាស៊ានអស់រយៈពេល៦ខែមកហើយក៏ដោយ ក៏នៅតែមានសំណួរចោទសួរជាច្រើនថាតើកម្ពុជានឹងដឹកនាំអង្គការតំបន់មួយនេះនៅរយៈពេល៦ខែបន្ទាប់ដោយរបៀណា។ បញ្ហាប្រឈមសំខាន់ៗសម្រាប់កម្ពុជានិងអាស៊ាននៅតែមានដដែលដូចជា​ ដំដោះស្រាយវិបត្តនៅមីយ៉ាន់ម៉ា ការពន្លឿននៃសេចក្តីសម្រេចក្រមប្រត្តិបត្តិសមុទ្រចិនខាងត្បូង និងការស្វែងរកនូវបញ្ហាប្រឈមសម្រាប់ថ្នាក់តំបន់និងសកល។ ជាការពិតណាស់ វិបត្តិមីយ៉ាន់ម៉ានៅតែជាបន្លាក្នុងទ្រូងរបស់អាស៊ាន ហើយនឹងនៅតែបន្តបង្ករការលំបាកដល់ភាពជាប្រធានរបស់កម្ពុជាពេញមួយឆ្នាំតែម្តង។​ ការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីឱ្យភាគីជម្លោះនៅមីយ៉ាន់ម៉ាព្រមចូលតុចចារនៅតែមិនទាន់ទទួលបានជោគជ័យ នេះក៏ដោយសារតែពួកយោធាហាក់បីដូចជាមិនមានឆន្ទៈក្នុងការអនុវត្តពេញលេញនូវគោលការណ៍ កូសង់ស៊ីស-៥-ចំណុចរបស់អាស៊ាន។ ដូច្នេះហើយកម្ពុជាត្រូវតែបន្តធ្វើការជាមួយសមាជិកអាស៊ាននិងភាគីដែលពាក់ព័ន្ធដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។   ទោះបីកម្ពុជាបានបង្ហាញពីក្តីសង្ឃឹមក្នុងការសម្រេចក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូងនៅឆ្នាំនេះក៏ដោយ តែឱកាសទទួលបានជោគជ័យហាក់បីដូចជាតិចតួស្តួចស្តើង។ ការសម្រេចក្រមប្រតិបត្តិបានគឺអាស្រ័យទៅលើឆន្ទៈរបស់ចិននិងសមាជិកអាស៊ានដែលមានរួមចំណែកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ជាពិសេស ហ្វីលីពីន​និងវៀតណាម។ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក ហ្វឺឌីណៀនដ៍ ម៉ាកូច ជេអរ (Ferdinand Marcos Jr.) ថ្មីៗនេះបានមានប្រសាសន៍ថា​លោកនឹងនៅតែប្រកាន់ភ្ជាប់នៃការគ្រប់គ្រងសមុទ្រចិនខាងត្បូងប្រឆាំងនឹងចិន​ ហើយនឹងមិនធ្វើឱ្យបាត់បង់បូរណភាពទឹកដីរបស់ខ្លួនឡើយ។ ការខិតជិតរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យវៀតណាមមិនសូវចាញ់ប្រៀបទៅនឹងការទន្ទ្រានកាន់កាប់ទឹកដីរបស់ចិននៅក្នុងឈូងសមុទ្រចិនខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះត្រូវចំណាយពេលយូរសម្រាប់ភាគីពាក់ព័ន្ធដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដែលអាចឈានទៅដល់ការសម្រេចនូវកិច្ចព្រមព្រៀងបាន។   ការកើនឡើងនៃកម្តៅភូមិសាស្រ្តនយោបាយ រួមទាំងការអះអាងរបស់សហរដ្ឋអាមេរិកអំពីសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង អាចជារឧបសគ្គរាំងស្ទះដល់ការចចារក្រមប្រតិបត្តិ។ ទោះជាយ៉ាងណា ក្នុងនាមជាប្រទេសដែលមិនពាក់ព័ន្ធជម្លោះនិងជាសម្ព័នមិត្តជិតស្និតជាមួយចិន កម្ពុជាអាចដើរតួនាទីជាអ្នកសម្របសម្រួលនិងជម្រុញសេចក្តីសម្រេចក្រមប្រតិបត្តិនៅឆ្នាំនេះ ដែលអាចជាលទ្ធផលមួយជួយស្តារមុខមាត់របស់ខ្លួននៅក្នុងតំបន់។ នៅពេលដែលកម្ពុជា និងអាស៊ានទន្ទឹងរងចាំប្រារព្ធកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួននៅចុងឆ្នាំនេះ វានៅតែជាបញ្ហាដែលថាតើអាស៊ានអាចដើរតាមវិធានរបស់ខ្លួន (ASEAN Way) និងពង្រឹងមជ្ឃភាពអាស៊ាន​(ASEAN Centrality) របស់ខ្លួនយ៉ាងណា។   ជំងឺរាតត្បាត COVID-19 នៅតែវាយលុកក្នុងតំបន់ ដែលបន្តរប៉ះពាល់ដល់លទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។ បញ្ហាប្រឈមនៅក្នុងតំបន់និងអន្តរជាតិ ដូចជាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន, ការរះឡើងនៃរបបផ្ដាច់ការនិយមនៅក្នុងតំបន់, បញ្ហាជុំរិញការបំ​រ៉ែ​បំ​រួល​អាកាសធាតុ, ការបំផ្លិចបំផ្លាញបរិស្ថាន, និងសន្តិសុខនៅក្នុងតំបន់ នៅតែជាបញ្ហាប្រឈមខ្លាំងដែលអាស៊ានត្រូវតែដោះស្រាយ។ ដូច្នេះហើយ កម្ពុជានឹងដឹងខ្លួនឯងយ៉ាងច្បាស់ថាកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅចុងឆ្នាំនេះ។ បញ្ហាប្រឈមជាក់ស្តែងមួយទៀតនោះគឺថា តើត្រូវអញ្ជើញរបបយោធាមីយ៉ាន់ម៉ាមកចួលរួមកិច្ចប្រជុំកំពូលឬយ៉ាងណា មួយ​ទៀត​គឺ​ស្វែង​រក​បញ្ហា​ប្រឈម​ទាក់​ទង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។ ទោះបីជាមានការរំពឹងទុកថាប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក៏ដោយ សំនួរថាតើគាត់សុខចិត្តអង្គុយជួបប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឬជាមួយអ្នកតំណាងរបស់គាត់ដែរឬទេ? កម្ពុជា​នឹងទទួល​រង​​សម្ពាធ​ជា​ច្រើនដើម្បីរក្សាតុល្យភាព​ក្នុង​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ទាំង​នេះ។ កម្ពុជាត្រូវតែរក្សាតុល្យភាពនៃសម្ពាធទាំងនេះកំឡុងការប្រារព្ធកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួន។   អ្វីដែលកម្ពុជាគួរធ្វើបន្ត ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកយកបញ្ហាខាងលើមកពិភាក្សា។មានន័យថាក្នុងនាមជាប្រទេសតូច  កម្ពុជាត្រូវតែចាប់យកឱកាស ដើម្បីបង្ហាញឱ្យឃើញថាខ្លួន គឺជាតួរអង្គដែលមានសមត្ថភាពមួយរូបក្នុងតំបន់។ ​ប្រការនេះ គឺវាមានសារៈសំខាន់ដូចដែលកម្ពុជាធ្លាប់បានលើកសរសើរខ្លូនឯងថា”ជាប្រទេសតូចតែមានចិត្តទូលាយ”។ ទោះបីជាកម្ពុជាទទួលបានជោគជ័យក្នុងការបង្កើតកិត្តិនាមល្អបានខ្លះហើយក៏ពិតមែន ក៏ប៉ុន្តែនៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលកម្ពុជាត្រូវដោះស្រាយ។ ក្នុងនាមជាសម្ពន្ធ័មិត្តជិតស្និតរបស់ចិន កម្ពុជាអាចប្រើប្រាស់ឥទ្ធិពលនៃសិទ្ធិអំណាចរដ្ឋតូចរបស់ខ្លួនសម្រាប់អត្ថប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ តែទន្ទឹមនឹងនេះកម្ពុជាត្រូវតែបោះជំហានការទូតប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីរក្សាទំនាក់ទំនងល្អជាមួយនឹងពួកមហាអំណាច ដូចជាសហរដ្ឋអាមេរិកនិងចិន។ ទីក្រុងភ្នំពេញក៏ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយនឹងមហាអំណាចក្នុងតំបន់ផ្សេងទៀតដូចជាជប៉ុនជាដើម ដែលមានតួនាទីចម្បងក្នុងការកំណត់សណ្ឋាននៃគន្លងអភិវឌ្ឍនិងថាមវ័ន្ដសន្តិសុខនៅក្នុងតំបន់។   លើសពីនេះទៅទៀត កម្ពុជាក៏មិនត្រូវបំភ្លេចបញ្ហាដែលមាននៅក្នុងដៃដែរ។ កម្ពុជាត្រូវតែចេះគ្រប់គ្រងនិងធ្វើឱ្យមានភាពប្រសើរនៃទំនាក់ទំនងត្រីកោណយ៉ាងស្មុគ្រស្មាញជាមួយចិននិងវៀតណាមប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដោយសារប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា។ ​ទីក្រុងភ្នំពេញត្រូវតែដោះស្រាយវិបត្តិនយោបាយក្នុងស្រុកដែលបន្តរជះឥទ្ធិពលដល់ទំនាក់ទំនងការបរទេសរបស់ខ្លួនជាពិសេសជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សម្រាប់អាណត្តិ៦ខែដែលនៅបន្តក្នុងងារជាប្រធានអាស៊ាន កម្ពុជាត្រូវតែត្រៀមខ្លួនរួចរាល់ទុកជាមុនដើម្បីស្វាគមន៍បញ្ហាខាងលើ ជាពិសេសនៅពេលដែលខ្លួនដឹកនាំកិច្ចប្រជុំកំពូលកម្រិតខ្ពស់ នៅចុងឆ្នាំនេះ។កម្ពុជាអាចទាញយកភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានទៅបាន គឺអាស្រ័យទៅលើសមត្ថភាពរបស់មេដឹកនាំ និងប្រមុខអ្នកការទូតជាន់ខ្ពស់របស់ខ្លួនក្នុងការស្វែងរកបញ្ហាប្រឈមដែលមានភាពស្មុគស្មាញទាំងនៅក្នុងតំបន់ និងអន្តរជាតិ៕   ដោយ៖ លោក ហេង គឹមគង់ ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា និង​ជា​សហ​ស្ថាបនិក​វេទិកា​អប់រំ​កម្ពុជា។ ប្រែសម្រួលអត្ថបទដោយៈ លោក ដាំង ដាំរ៉ុង អ្នកនិពន្ធអត្ថបទ […]

More Info
ការបែកបាកនៃមេដឹកនាំបក្សប្រឆាំង តើនឹងនាំឱ្យអនាគតប្រជាធិបតេយ្យនៅកម្ពុជាទៅជាបែបណា?
គោលនយោបាយការបរទេសកម្ពុជា: ការរក្សាតុល្យភាពទំនាក់ទំនងជាមួយចិននិងវៀតណាម

  កម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិននិងវៀតណាម ដែលប្រទេសទាំងពីរជាគូបដិបក្សនឹងគ្នា​។ កត្តានេះបានធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រឈមជាយុទ្ធសាស្រ្តមួយក្នុងគោលនយោបាយការបទេសរបស់ខ្លួន។  ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកាន់តែពិបាកនៅក្នុងការរក្សានូវតុល្យភាពទំនាក់ទំងរបស់ខ្លួនរវាងប្រទេសទាំងពីរ ដែលបណ្តាលមកពីភាពរកាំរកូសរវាងចិននិងវៀតណាមជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាតំបន់ទន្លេមេគង្គ​ ។ ប្រសិនបើគិតពិចារណាដល់ការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រដែលកំពុងកើតមានរវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយ ទីក្រុងភ្នំពេញត្រូវរក្សាតុល្យភាពទំនាក់ទំនងជាមួយទីក្រុងទាំងពីរ ដែលពួកគេសុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់កម្ពុជា។ ​ការមិនអាចរក្សាតុល្យភាពរវាងប្រទេសទាំងពីរ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។   កម្ពុជាមានទំនាក់ទំនងល្អជាមួយចិននិងវៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ។ ដូច្នេះការជ្រើសយកភាគីណាមួយចោលភាគីណាមួយអាចនឹងធ្វើឱ្យភាគីមួយទៀតមិនសប្បាយចិត្ត។ ​បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតថ្មីមួយគួរឱ្យកត់សម្គាល់ ដែលកម្ពុជាបានក្លាយជាសម្ព័ន្ធមិត្តដែកថែបរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​​​ចិនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសគឺជំនួយខាងផ្នែកបរិក្ខាយោធា និងសេដ្ឋកិច្ច។ ជាទំនាក់ទំនងដែលមានផលប្រយោជន៍រួម ជានិច្ចកាល ទង្វើរបស់កម្ពុជាត្រូវបានគេមើលឃើញថាតែងតែមានទំនោទៅបម្រើផលប្រយោជន៍យុទ្ធសាស្រ្តរបស់ចិននៅអាស៊ីអាគ្នេយ៍។​ ការងាកទៅរកចិនកាន់តែខ្លាំងឡើងរបស់កម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេស វៀតណាម និងពួកមហាអំណាចមួយចំនួនដូចជា​ អាមេរិក និងជប៉ុន។​ ទោះជាយ៉ាងណាក៏ដោយ វៀតណាមមានការព្រួយបារម្មណ៍ជាងគេ ដោយហេតុថាខ្លួនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់កម្ពុជា ហើយក៏ជាសត្រូវសួរពូជជាមួយចិនផងដែរ។​ ខណៈពេលដែលកម្ពុជាទោរទៅរកចិនកាន់តែខ្លាំងឡើងៗ បានធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមមានភាពស្មុគ្រស្មាញខ្លាំងឡើងផងដែរ។   ទំនាក់ទំនងកម្ពុជាជាមួយចិននិងវៀតណាមក្នុងពេលអតីតកាល ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងទំនាក់ទនងជាមួយចិននិងវៀតណាមនាពេលបច្ចុប្បន្នយើងគម្បីស្វែងយល់ពីប្រវត្តិសាស្រ្តជាមុនសិន។​ នៅឆ្នាំ ១៩៧៨ កងទ័ពវៀតណាមរួមបញ្ជូលទាំងកងទ័ពអតីតខ្មែឬក្រហមប្រមានណជា ១២០,០០០ បានធ្វើការវាយលុកដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយប៉ុលពត។ ចាប់ពីចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៩០​ រដ្ឋាភិបាលកម្ពុជាដែលបង្កើតឡើងដោយវៀតណាមមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិនៅឡើងទេ ជាពិសេស ចិននិងអាម៉េរិក។ របបប្រល័យពូជសាសន៍ប៉ុលពត នៅតែត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយថែមទាំងទទួលបាននូវជំនួយសព្វាវុធ បរិក្ខាធ្វើសឹកសង្គ្រាមយ៉ាងច្រើនពីចិននិងអាម៉េរិក ហើយនិងបានសម្ងំលាក់ខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាឧទាហរណ៍ នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានទទួលរថក្រោះ ធី-៥៩ របស់ចិនចំនួន ២៤គ្រឿង និងជំនួយយោធាផ្សេងទៀតដែលបានដឹកជញ្ជូនតាមព្រំដែនថៃ។ ជំនួយរបស់ចិនទៅកាន់ខ្មែរក្រហមអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គឺកើតឡើងដោយសារផលប្រយោជន៍ផ្នែកយុទ្ធសាស្រ្ត ។​ ក្រោយមក អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា​ (UNTAC)​ ​​ត្រូវបានបង្កើតឡើងបន្ទាប់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ ១៩៩១។   ចាប់ពីពេលនោះមក ចិនបានបោះបង់ចោលខ្មែរក្រហមនិងចាប់ដៃជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលដឹកនាំដោយគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។ ចិនបានចាប់ផ្តើមមានទំនាក់ទំនងនយោបាយល្អជាមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច  ហើយបន្ទាប់មកជាមួយគណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ ១៩៩៦ ចិនបានអញ្ជើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ហើយភាគីទាំងពីរក៏បានប្រារព្ធកិច្ចប្រជុំជាមួយគ្នាជាច្រើនលើកផងដែរ។​ នៅគ្រានោះ កម្ពុជាក៏នៅតែមានទំនាក់ទំនងរឹងមាំជាមួយវៀតណាម។ វៀតណាមបានជួយដល់ទីក្រុងភ្នំពេញដើម្បីក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។   មេដឹកនាំមួយចំនួនរបស់កម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានទំនាក់ទំនងពិសេសជាមួយមេដឹកនាំបក្សកម្មុយនីស្តវៀតណាមផងដែរ។ ជាឧទាហរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។ នៅឆ្នាំ ២០១៨ អមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោកបានធ្វើដំណើរចូលរួមពីធីមរណៈទុក្ខនិងបង្ហាញពីការគោរពទៅកាន់ប្រធានាធិបតីរៀតណាម លោក ត្រាន ដាយ គង់ (​Tran Dai Quang)​។​ នៅឆ្នាំ ២០១៩ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសវៀតណាម​និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ។លើសពីនេះទៅទៀត ទំនាក់ទំនាក់ស៊ីជម្រៅរវាង កម្ពុជានិងវៀតណាមត្រូវបង្ហាញឱ្យឃើញតាមរយៈស្តូបមិត្តភាពកម្ពុជា-វៀតណាមជាច្រើនដែលត្រូវបានសាងសង់ស្ទើរគ្រប់បណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីរំលឹកដល់ជ័យជម្នះលើរបបខ្មែរក្រហម និងរំលឹកអំពីចំណងមិត្តភាពដ៏មាំងរវាងប្រទេសទាំងពីរ។ ថ្មីៗនេះ កម្ពុជានិងវៀតណាមបានចុះកិច្ចព្រមព្រៀងសហប្រតិបិត្តការយោធា ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពយោធានិងជំនួយរវាងប្រទេសទាំងពីរសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥។   ការកើនឡើងឥទ្ធិពលរបស់ចិននៅម្ពុជា ទំនាក់ទំនងទ្វេភាគីរវាងចិននិងកម្ពុជាមានការវិវត្តយ៉ាងខ្លាំងចាប់ពីឆ្នាំ១៩៩៧មក នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះលើគណបក្សហ៊ុនស៊ិនប៉ិចក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ១៩៩៧ ដែលបើកផ្លូវឱ្យខ្លួនឈ្នះឆ្នោតនៅឆ្នាំបន្ទាប់។ ក្រោយមក នៅពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបានអន្តរជាតិដាក់ឱ្យនៅឯកោនិងប្រឈមនឹងការកាត់ផ្តាចជំនួយពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលលោកខាងលិច រំពេចនោះចិនបានផ្តល់ជំនួយជាសព្វាវុធដល់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណជា ២.៨​ លាន ដុល្លាអាមេរិក ។ នៅឆ្នាំ ១៩៩៧ ចិនបានផ្តល់ជំនួយប្រមាណ ៦លានដុល្លាអាមេរិកដល់កម្ពុជា។ ចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរត្រូវបានជំរុញបន្ថែមទៀត គឺពេលដែលការវិនិយោគ របស់ចិនមានការហក់ឡើងពី ៣៦ លានដុល្លាអាមេរិក នៅឆ្នាំ១៩៩៦ ដល់ ១១៣​ លានដុល្លាអាមេរិក នៅឆ្នាំ ១៩៩៧។ ថ្វីបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ថា “ចិនជាឫសគល់នៃគ្រោះមហន្តរាយនៅកម្ពុជា” តែឥឡូវចិនគឺ ”ជាមិត្តដែកថែបរបស់កម្ពុជា”។ ទោះជាយ៉ាងណាក៏ដោយ ការមិនទុកចិត្តទាំងនោះបានរលាយបាត់ទៅវិញបន្តិចម្តងៗពេលដែលចិនបានផ្តល់ជំនួយនិងការវិនិយោគជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលសហរដ្ឋអាមេរិចនិងបណ្តាប្រទេសលោកខាងលិចបានរិះគន់មកលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ទាប់មក កម្ពុជានិងចិនបានលើកកម្ពស់កម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀតឱ្យឈានដល់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ដែលធ្វើឱ្យតួនាទីនិងវត្តមានរបស់ចិននៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។   នៅឆ្នាំ២០១៤ ចិនបានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍មកកាន់កម្ពុជាពីចន្លោះ ៥០០ លានដុល្លាអាមេរិក ទៅ៧០០ លានដុល្លាអាមេរិក ជារៀងរាល់ឆ្នាំ។ អំឡុងពេលកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលីនៅឆ្នាំ២០១៦ ចិនបានផ្តាច់ជ្ញារផ្តល់ជំនួយមកកម្ពុជា ៦០០លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ ២០១៨។ នៅឆ្នាំ២០១៧ ចិនក៏បានសន្យាថានឹងផ្តល់ជំនួយ ៦០០លានដុល្លាជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ […]

More Info
ជាតិនិយមជាអាវុធយុទ្ធសាស្ត្រទប់ទល់ការឈ្លានពាន

អទិភាពនយោបាយការបរទេសអាមេរិកជំនាន់ប៊ូសកូន (Junior Bush) គឺការរះឡើងរបស់ចិន។ ប៉ុន្តែអទិភាពនេះ ត្រូវបានរុញច្រានទៅមួយកន្លែងក្រោយភេរកម្មវាយប្រហារអាគាំងថ្ងៃ១១ កញ្ញា ២០០១។ ជាលទ្ធផល អាហ្គាសនីស្ថាន និងអ៊ីរ៉ាក់ ត្រូវបានអាមេរិកឈ្លានពាន។ ការដកខ្លួនរបស់អាមេរិកពីអាហ្គាសនីស្ថាន ក៏ដើម្បីទប់ស្កាត់ការរះឡើងរបស់ចិន។ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាដែកឆក់ឬដែនម៉ាញេទិច ដែលទាញឱ្យពួកអឺរ៉ុបដែលដេកលក់ក្នុងសន្តិភាពនិងអាងលើឆ័ត្រសន្តិសុខរបស់អាមេរិកឱ្យរួមគ្នាជាធ្លុងមួយទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដែលអ្នកសិក្សានយោបាយអន្តរជាតិហៅថានយោបាយអំណាច (power politics)។   យោងតាម Rob De Wijk នយោបាយអំណាចជាការត្រៀមខ្លួនរួចជាស្រេចរបស់ប្រទេសមួយក្នុងការប្រើប្រាស់អំណាចនិងមធ្យោបាយដែលប្រើប្រាស់អំណាចនោះ។ ជាការវិភាគ រុស្ស៊ីជាមហាអំណាចកំពុងធ្លាក់ចុះ (declining power) ទាំងសេដ្ឋកិច្ច និងយោធា បើប្រៀបធៀបជាមួយអាមេរិក និងចិន។   ប៉ុន្តែ នៅចំពោះមុខកម្សោយរបស់អឺរ៉ុបឆ្លើយតបការផ្តាច់ទឹកដីគ្រីមៀរបស់អ៊ុយក្រែនដោយរុស្ស៊ី ក្នុងឆ្នាំ២០១៤ ពូទីនបានវាយតម្លៃទាប(underestimate)ក្នុងការឈ្លានពានអ៊ុយក្រែនលើកនេះដោយសំអាងលើទ្រឹស្តីប្រាកដនិយមនៃតុល្យភាពអំណាច (balance of power) និងទ្វេគ្រោះសន្តិសុខ (security dilemma) ដែលថាការរីករាលដាលនៃសមាជិកភាពណាតូនិងសហភាពអឺរ៉ុប ជាការគម្រាមកំហែងដល់សន្តិសុខរុស្ស៊ី ប៉ុន្តែធ្លាក់ខ្លួនក្នុងទ្រឹស្តីតុល្យភាពគម្រាមកំហែង(balance of threat) និងជាតិនិយមរបស់ពលរដ្ឋអ៊ុយក្រែន។   សូមរំលឹកថា អាមេរិកធ្លាប់បរាជ័យក្នុងសមរភូមិវៀតណាម មួយផ្នែកដោយសារជាតិនិយមរបស់វៀតណាមនេះឯង។   អត្ថបទដោយ៖ បណ្ឌិត រ៉ូ វណ្ណៈ សហស្ថានិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

More Info
ចិន​រំពឹង​អ្វីខ្លះ​ពេល​កម្ពុជា ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ២០២២?

ជាមួយ​នឹង​វត្តមានផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​របស់​ចិន​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ជាពិសេស​ការជួយ​កម្ពុជា​ឥត​សំចៃ​កម្លាំង​អំឡុង​ពេល​ភ្នំពេញ រង​សម្ពាធ​ផ្នែក​ប្រជាធិបតេយ្យ​ពី​លោក​ខាងលិច និង​រងគ្រោះ​ពីវិបត្តិ​កូវីដ១៩ នាំ​ឱ្យ​កើត​ជា​សំណួរ​ថា ចិន​នឹង​រំពឹង​អ្វី​ត្រឡប់​វិញ ឬ​ទេ ពេល​កម្ពុជា​ឡើងធ្វើ​ជា​ប្រធាន​អាស៊ាន​ពី​ខែមករា ឆ្នាំ២០២២ ខាងមុខ​នេះ​ទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​ចូលរួម​មក​បកស្រាយ​ប្រធាន​ខាង​លើ ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​និយាយ​អំពី​អាស៊ាន ជាមួយ​លោក អូន ឆេងប៉រ នៃ​វីអូអេ ដែល​ត្រូវ​បានចាក់​ផ្សាយ​កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕ ចុចស្តាប់នៅទីនេះ  

More Info
ហេតុអ្វីការសិក្សាទ្រឹស្តី «ប្រាកដនិយម» មានសារៈសំខាន់សម្រាប់ការស្វែងយល់ពីមេដឹកនាំ?

  នៅកម្ពុជា មានសាកលវិទ្យាល័យច្រើនគួរ​ឱ្យកត់សម្គាល់។ ក៏ប៉ុន្តែការសិក្សាអំពីមុខជំនាញទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទ្រឹស្តីទំនាក់ទំនងរដ្ឋនិងរដ្ឋផ្សេងទៀត នៅតាមសាកលវិទ្យាល័យទំាងនោះ ហាក់នៅពុំទាន់មានភាពទូលំទូលាយស៊ីជម្រៅនៅឡើយ។ ដូច្នេះហើយ កត្តាដែលមិនយល់ដឹងអំពីទ្រឹស្តីមនោគមន៍វិជ្ជា និងការសិក្សាគោលនយោបាយការបរទេសរបស់រដ្ឋនីមួយៗ អាចជាកត្តាលិករដែលបង្អាក់​ការគិតបែបតក្កវិជ្ជាក្នុងការវិភាគបែបស៊ីជម្រៅរបស់សិស្សនិស្សិត ទៅលើព្រឹត្តិការណ៍ពិភពលោកដែលកំពុងកើតមានឡើង។   អ្វីទៅជាទ្រឹស្តីប្រាកដនិយម? ជារួមទំនាក់ទំនងអន្តរជាតិ គឺជាការសិក្សាអំពីទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ និងជាមួយអង្គការអន្តរជាតិ និងអង្គភាពក្រោមជាតិមួយចំនួន – ឧទាហរណ៍៖ ការិយាធិបតេយ្យ គណបក្សនយោបាយ និងច្បាប់ជាដើម។ ជាងនេះទៅទៀត ជាញឹកញាប់ទ្រឹស្តីពីរតែងតែលិចឡើងជារឿយៗសម្រាប់និស្សិតដែលសិក្សាបញ្ហាអន្តជាតិ ពោលគឺ ទ្រឹស្តីប្រាកដនិយម (Realism) និងសេរីនិយម (Liberalism)។ ក៏ប៉ុន្តែ ស្មេរសូមលើកយកតែទ្រឹស្តីប្រាកដនិយមមកពិភាក្សាប៉ុណ្ណោះ។ ដូច្នេះ តើអ្វីទៅជានិយមន័យទ្រឹស្តីប្រាកដនិយម។   សៀវភៅ «ការណែនាំអំពីភាពប្រាកដនិយមក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិ» ដែលធ្វើការស្រាវជ្រាវដោយ​លោក Sandrina Antunes and Isabel Camisão បានពន្យល់យ៉ាងក្បោះក្បាយអំពីគំនិតនឹងទស្សនៈនឹងការយល់ឃើញទៅលើទ្រឹស្តីប្រាកដនិយមនិង តួរអង្គសំខាន់ៗនៃទស្សនៈវិទូប្រាកដនិយម តួរយ៉ាងដូចជា Machiavelli និង Morgenthau។   ការសន្មត់ដំបូងនៃភាពប្រាកដនិយមគឺថារដ្ឋ គឺជាតួអង្គសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយរដ្ឋមានកាតព្វកិច្ចក្នុងការសម្រេចចិត្តលើគោលនយោបាយការណ៍បរទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋដ៏ទៃទៀត ឫក៏ស្ថានប័នអន្តរជាតិណាមួយ។ ជារួម អ្នកដែលធ្វើសេចក្តីសម្រេច គឺជាតួអង្គអ្នកកាច់ចង្កូតនាវារបស់រដ្ឋនោះ ដែលប្រកបដោយសុភវិនិច្ឆ័យនិងការសម្រេចចិត្តដ៏សមហេតុផល ដើម្បីស្វែងរកនូវផលប្រយោជន៍រួមសម្រាប់ជាតិ និងគេចចេញពីព្រឹត្ដិការណ៍ ឬដានប្រវត្តិសាស្រ្តណាមួយដែលនាំ​ឱ្យរដ្ឋធ្លាក់ចុះ។   ទ្រឹស្តីប្រាកដនិយមក៏បានបង្ហាញថា អ្នកដឹកនាំទាំងអស់    មិនថាយុទ្ធសាស្រ្តបញ្ចុះបញ្ចូលនយោបាយរបស់ពួកគេបែបណានោះទេ ពួកគេត្រូវតែប្រយ័ត្ននៅពេលដែលពួកគេព្យាយាមគ្រប់គ្រងកិច្ចការរដ្ឋនិងការសម្រេចចិត្តលើគោលនយោបាយការបរទេសរបស់ពួកគេជាមួយរដ្ឋផ្សេងៗ ដើម្បីរស់ក្នុងបរិយាកាសប្រកួតប្រជែង។ ដោយន័យម្យ៉ាងទៀត នៅក្នុងគំនិតនៃក្រុមប្រាកដនិយម អ្នកដឹកនាំពេលខ្លះត្រូវធ្វើសម្តែងជាមនុស្សមានអត្មានិយម ហើយពេលខ្លះក៏គួរបន្ទន់ខ្លួននៅពេលដែលការសម្រេចចិត្តលើកិច្ចការនយោបាយការបរទេសណាក្នុងក្របខណ្ឌប្រឈមនឹងមេដឹកនាំការបរទេសនៃប្រទេសមហាអំណាច។ ជាឧទាហរណ៍ អ្នកការទូតអ៊ីតាលី ប្រវត្តិវិទូ និងទ្រឹស្តីនយោបាយវិទូ លោកម៉ាគីយ៉ាវែល  (Niccolò Machiavelli) ផ្តល់ជាគំនិតថា ដើម្បីអនុវត្តការងារកិច្ចការរដ្ឋ (គោលនយោបាយការបរទេស) ប្រកបដោយជោគជ័យ និងការបន្តនៃនិរន្តរភាពនៃប្រទេសជាតិ អ្នកដឹកនាំត្រូវមានការប្រុងប្រយ័ត្ន និងប្រសព្វទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយការគំរាមកំហែងខាងក្នុង ក៏ដូចជាខាងក្រៅចំពោះការគ្រប់គ្រងរបស់អ្នកដឹកនាំរដ្ឋនោះដែលពេលខ្លះ អ្នកដឹកនាំត្រូវតែធ្វើខ្លួន​ឱ្យ​ដូចជាតោ ហើយពេលខ្លះគួរតែដូចកញ្ជ្រោង។   ដូចគ្នាផងដែរ ទស្សនៈវិទូ Morgenthau បង្ហាញថារាល់សកម្មភាពនយោបាយ គឺសំដៅសំខាន់ឆ្ពោះទៅរកការរក្សា បង្កើន ឬបង្ហាញអំណាច។ ការគិតបែបនេះគឺថា គោលនយោបាយដែលផ្អែកលើសីលធម៌ ឬបែបការឆ្លើយតបរហ័សទៅលើកិច្ចការទូតអ្វីមួយ នឹងអាចនាំទៅរកភាពទន់ខ្សោយ រហូតដល់ពេលខ្លះនឹងមានការបំផ្លិចបំផ្លាញ ឬការគ្រប់គ្រងរដ្ឋដោយគូប្រជែង។ ក្នុងន័យសាមញ្ញ ការស្វែងរកផលប្រយោជន៍ជាតិ ដោយផ្អែកលើសីលធម៌  វាមិនមែនជាកម្មវត្ថុនៃការដឹកនាំរដ្ឋប្រកបដោយគុណតម្លៃសម្រាប់អ្នកប្រាកដនិយមនោះទេ។   ហេតុអ្វីនិស្សិតគួរយល់ដឹងអំពីទ្រឹស្តីប្រាកដនិយម? ជាការពិតនិស្សិតដែលបានសិក្សាអំពីទ្រឹស្តីបទនេះ ប្រហែលជាអាចមានភាពច្បាស់លាស់នឹងអាចមានលទ្ធភាពក្នុងការពិនិត្យ ឬវិភាគលើការដឹកនាំរដ្ឋនិងការសម្រេចចិត្តរបស់មេដឹកនាំខ្លួនជាពិសេសលើការសម្រេចចិត្តលើគោលនយោបាយការបរទេស ដែលកំពុងកើតឡើងនៅលើពិភពលោក។ ក៏ប៉ុន្តែសម្រាប់និស្សិតដែលពុំបានសិក្សាយល់ដឹងស៊ីជម្រៅទៅលើទ្រឹស្តីបទនៃទំនាក់ទំនងអន្តរជាតិ ចង់មិនចង់ប្រហែលនឹងពិបាកក្នុងការវិភាគ​ឱ្យបានស៊ីជម្រៅទៅលើព្រឹត្តិការណ៍ ប្រសិនណាបើពួកគេពុំបានយល់ដឹង​ឱ្យច្បាស់អំពីគោលដៅ ឬគោលនយោបាយនៃរដ្ឋនីមួយៗ និងគំនិតរបស់អ្នកអ្នកដឹកនាំនោះទេ។ ការសិក្សាទ្រឹស្តីប្រាកដនិយម គឺជាវិធីដ៏ល្អមួយសម្រាប់និស្សិតដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសកល និងបញ្ហាការប្រកួតប្រជែកអំណាចរវាងមហាអំណាចនិងមហាអំណាច ឬមហាអំណាចជាមួយប្រទេសតូចៗ។   ត្បិតអី ការយល់ដឹងអំពីភាពប្រាកដប្រជារបស់ថ្នាក់ដឹកនាំអាចផ្តល់នូវសូចនាករ សម្រាប់និស្សិតធ្វើការវិភាគបានលម្អិតក៏ដូចជាផ្តល់ភាពងាយស្រួលដល់និស្សិតដើម្បីក្តោបព័ត៌មានបានច្បាស់។ អ្វីដែលពិសេសជានេះទៅទៀត ការយល់ដឹងអំពីទ្រឹស្តីមួយនេះ វាអាចនឹងជួយពង្រឹងផ្នែកវិភាគបែបតក្តវិជ្ជាឬធ្វើការសំយោគអំពីធម្មជាតិនៃមេដឹកនាំនឹងការប្រព្រឹត្តិទៅនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ បន្ថែមទៅទៀត ការសិក្សាស៊ីជម្រៅអំពីទ្រឹស្តីមួយនេះ វាក៏អាចជួយពង្រីកការយល់ដឹងអំពីដំណើរនៃប្រព័ន្ធដឹកនាំរដ្ឋ មានភាពច្បាស់លាស់ជាមួយមេដឹកនាំប្រទេសខ្លួន និងមានគំនិតបែបតក្កវិជ្ជាច្រើនក្នុងការបកស្រាយអំពីព្រឹត្តិការណ៍ពិភពលោក ឬបង្ហារាំរ៉ៃនៃសង្រ្គាម ក៏ដូចជាការយល់ដឹងអំពីមហិច្ចតារបស់មហាអំណាចក្នុងការយករដ្ឋតូចៗធ្វើជាកូនអុកសម្រាប់ប្រជែងគ្នាក្នុងជម្លោះដឹកនាំពិភពលោក៕   ដោយ៖ លោក ជា សំអៀង អ្នកនិពន្ធអត្ថបទ​ The Thinker Cambodia និងនិស្សិតទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។​​

More Info
អ្វីទៅជា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន?

ជារៀងរាល់ឆ្នាំ ប្រទេសជាសមាជិកអាស៊ានតែងតែផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានទៅតាមលំដាប់លំដោយអក្ខក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់ពួកគេ។​ ប្រធានអាស៊ានមានតួនាទីដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធផ្សេងទៀតដូចជា៖ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន, ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី គណៈរដ្ឋមន្ត្រីពាក់ព័ន្ធវិស័យអាស៊ាននិងមន្ត្រីជាន់ខ្ពស់ និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍។   ក្នុងចំណោមកិច្ចប្រជុំខាងលើ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានតែងតែប្រព្រឹត្តិដំបូងគេសម្រាប់ប្រធានអាស៊ានប្តូរវេនថ្មី។ ដូច្នេះ តើអ្វីទៅជាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន? តើវាមានដើមកំណើតតាំងពីពេលណា? ហើយអ្វីទៅជាគោលបំណងសំខាន់នៃកិច្ចប្រជុំនេះ?   កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាកិច្ចប្រជុំដែលប្រព្រឹត្តទៅនៅកន្លែងមិនផ្លូវការ វាអំណោយផលដល់ការផ្លាស់ប្តូរមតិដោយស្មោះត្រង់ និងច្បាស់លាស់ពិតជាក់ស្តែង។ កិច្ចប្រជុំបែបនេះបានក្លាយជាទីកន្លែងដ៏ល្អសម្រាប់ប្រទេសសមាជិកអាស៊ានអាចលើកយកបញ្ហា លំបាកៗ និងសំខាន់ៗដែលជះឥទ្ធិពលមកលើតំបន់និងសមាជិកអាស៊ានយកមកពិភាក្សា។   កិច្ចប្រជុំនេះមានដើមកំណើតចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៣២ នៅថ្ងៃទី២៣-២៤ ខែកក្តដា ឆ្នាំ១៩៩៩ នៅលើកោះសេនតូសា ប្រទេសសង្ហបុរី។   ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោះប្រជុំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន​ដាច់ដោយឡែកពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាលើកដំបូង។ ​ក្រោយមក អាស៊ានបានរក្សាររបៀបនៃកិច្ចប្រជុំនេះដោយមានការកោះប្រជុំជារៀលឆ្នាំដោយប្រធានអាស៊ានជាធម្មតា គឺតែងតែប្រព្រឹត្តទៅនៅដើមឆ្នាំ។   កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានកំណត់និន្នាការសម្រាប់ស្ថាប័នអាស៊ានផ្សេងទៀត រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន(AEM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ដែលសុទ្ធតែរៀបចំកិច្ចប្រជុំរៀងៗខ្លួន។ វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក៏រួមបញ្ចូលទម្រង់កិច្ចប្រជុំចង្អៀតសម្រាប់ការពិភាក្សាបិទជិតររបស់ពួកគេ។ គោលបំណងនៃកិច្ចប្រជុំចង្អៀតនេះ គឺអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទស្សនៈដោយសេរី ដែលជារឿងសំខាន់ដើម្បីធានាបាននូវក្រៅផ្លូវការ និង​ មានភាពជាក់ស្តែងច្រើន ។​   កិច្ចប្រជុំនេះមានលក្ខណៈពិសេសដូចជា៖ (ក)​ ការមិនបញ្ចូលរបៀបវារៈផ្លូវការចូលទៅក្នុងកិច្ចប្រជុំចង្អៀត។ ផ្ទុយមកវិញ ប្រធានអាស៊ាន តែងតែបញ្ចូលបញ្ជីជាក់លាក់នៃប្រធានបទដែលត្រូវជាចំនុចចាប់ផ្តើមសម្រាប់កិច្ចពិភាក្សា។ (ខ) ការចូលរួមគឺសម្រាប់តែរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីបូកមួយ (មន្ត្រីជាន់ខ្ពស់ ឬអ្នកបកប្រែ) និងអគ្គលេខាធិការអាស៊ាន។ ការរំពឹង​ទុក​គឺ​ថា​ពួកគាត់នៅ​ឆ្ងាយ​ពី​ក្រខ្សែភ្នែក​របស់​គណៈប្រតិភូ​ផ្លូវការ​ធំៗ ដែលអាចអនុញ្ញាតឱ្យរដ្ឋមន្ត្រី​​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​មុន និង​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បញ្ចេញ​ទស្សនៈ។ ​(គ) មិនមានរបាយការណ៍ផ្លូវការទេសម្រាប់កិច្ចប្រជុំនេះទេ គឺធ្វើឡើងដើម្បីធានាឲ្យបាននូវកម្រិតនៃសុខុមាលភាពសម្រាប់រដ្ឋមន្ត្រីក្នុងការបំផុសគំនិត ចេតនា និងសូម្បីតែការពិភាក្សា។ ប្រធានអាស៊ាន មានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន នឹងរៀបចំសេចក្តីសង្ខេបនៃចំណុចសម្រាប់តាមដានក្នុងករណីចាំបាច់។   ថ្មីៗនេះ មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់អាស៊ានបានកើតឡើង ចំពេលនៃការគ្រងដំណែងជាអាស៊ានប្តូរវនលើកទី៣របស់កម្ពុជា។​ បន្ទាប់ពីទទួលសិទ្ធពេញលេញជាប្រធានអាស៊ាន នៅថ្ងៃ០១ ខែមករា ឆ្នាំ២០២២មក កម្ពុជាបានរំពឹងថានឹងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២។   រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ នៅក្នុង «បាឋកថាអាស៊ានលើកទី២៣៖ស្តីពីភាពប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» ដែលរៀបចំដោយវិទ្យាស្ថាន Yusof Ishak ថាកិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដ៏សំខាន់លើកដំបូងគេ ដើម្បីពិភាក្សាលើកាអនុវត្តទៅលើការសម្រេចចិត្ត និងផែនការដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន និងជាឱកាសដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីដែលនឹងជំរុញការកសាងសហគមន៍អាស៊ានបន្ថែមទៀត។   ជាអកុសលកិច្ចប្រជុំនេះត្រូវបានពន្យាពេលដោយមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ថានឹងប្រព្រឹត្តទៅនៅពេលណានោះទេ។ ជុំវិញបញ្ហានេះ ឯកឧត្តម កុយ​ គួង អ្នកនាំពាក្យក្រសួងការបរទេស​និងសហប្រត្តិបត្តការអន្តរជាតិបានបង្ហើបឱ្យដឹងថា មូលហេតុនៃការពន្យាពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានគឺដោយសាររដ្ឋមន្រ្តីភាគច្រើនមានការលំបាកក្នុងការធ្វើដំណើរដើម្បីមកចូលរួមប្រជុំ និងមានភារកិច្ចបន្ទាន់ដែលត្រូវដោះស្រាយចំពោះមុខ។ លោកក៏បានបន្ថែមទៀតថា សម្រាប់កាលបរិចេ្ឆទថ្មីនៃកិច្ចប្រជុំនិងជម្រាបជូនតាមក្រោយនៅពេលដែលរដ្ឋមន្រ្តីទាំងអស់អាចចួលរួមបាន។​ទាក់ទងទៅនិងប្រធានបទនេះអ្នកវិភាគក្នុងស្រុកនិងក្រៅស្រុកមានការយល់ឃើញស្រដៀងគ្នាដែល​ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យខាងលើ។ ពួកគេយល់ឃើញថា ហេតុផលខាងលើគ្រាន់តែជាលេសក្នុងន័យពាក្យការទូតជាជាងការប្រើពាក្យពហិការមិនចូលរួមកិច្ចប្រជុំតែប៉ុណ្ណោះ។ ​នេះគឺដោយសារតែកិច្ចប្រជុំអាចនឹងមានវត្តមានរដ្ឋមន្រីការបរទសនៃរបបសឹកភូមា។​   ជារួម កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងសម្រាប់ប្រធានអាស៊ានដែលតែងតែប្រារព្ធរៀងរាល់ពេលដើមឆ្នាំ ដែលអាចផ្តល់នូវការមើលទុកជាមុនអំពីរបៀបវារៈរបស់អាស៊ានសម្រាប់រយៈពេលពេញមួយឆ្នាំ ហើយក៏ជាការចាប់ផ្តើមដំណើរការរបស់អាស៊ានដើម្បីរៀបចំកិច្ចប្រជុំលើកដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានដែលជាធម្មតាធ្វើឡើងនៅក្នុងខែមេសា។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រធានអាស៊ាននឹងចែករំលែកអំពីបញ្ហាអាទិភាព និងអ្វីដែលអាចសម្រេចបាន ទៅកាន់រដ្ឋមន្រ្តីផ្សេងទៀត ដើម្បីប្រមូលផ្តុំការគាំទ្ររបស់ពួកគេសម្រាប់របៀបវារៈប្រចាំឆ្នាំ។ យ៉ាងណាម៉ញ វាពិតជារឿងគួរឱ្យសោកស្តាយដែលកម្ពុជាមិនអាចរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដូចដែលបានគ្រោងទុកហើយក៏មិនដឹងពីកាលបរិច្ឆេទច្បាស់លាស់ថានឹងប្រារព្ធនៅពេលណានោះដែរ។ សង្ឃឹមថាកម្ពុជានឹងអាចរកដំណោះស្រាយចេញនិងធ្វើការសម្របសម្រួលជាមួយភាគីដែលពាក់ព័ន្ធដើម្បីកោះប្រជុំកិច្ចប្រជុំនេះឡើងវិញម្តងទៀតក្នុងពេលឆាប់ៗនេះ៕   ដោយ៖ លោក ដាំង ដាំរ៉ុង អ្នកនិពន្ធអត្ថបទ The Thinker Cambodia និងនិស្សិតជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

More Info
តើអ្វីទៅជាអ្នកនយោបាយប្រជានិយម?

  នៅក្នុងឆាកនយោបាយមិនថានៅប្រទេសដែលដើរតាមគន្លងប្រជាធិបតេយ្យ ឬកុម្មុយនីយ៍ អ្នក នយោបាយប្រជានិយមតែងតែរិះរកគំនិតយុទ្ធសាស្រ្តនយោបាយ ដើម្បី ទាក់ទាញបស់ប្រជាពលរដ្ឋ ​ឱ្យស្លុងដើរតាមមាគ៌ានយោបាយរបស់ខ្លួន ដោយការសន្យាជាមួយដំណោះស្រាយបែបងាយៗមិនមានបែបផែនជាគោលនយោបាយសាធារណៈ។ ការធ្វើដូចនេះ ដើម្បីទាក់ទាញសម្លេង ឆ្នោតពីសំណាក់ប្រជាពលរដ្ឋ ដើម្បីអ្នកនយោបាយនោះមានឪកាសកាន់អំណាចគ្រប់គ្រងរដ្ឋ។   ជាងនេះទៅទៀត អ្នកប្រជានិយមអាចទទួលជោគជ័យ តាមរយៈការបង្កើតព្រឹត្តិការណ៍មនុស្សធម៌ ដែលពេលខ្លះសម្តែងបង្ហាញអំពីគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ខ្លួនឯង ដើម្បីផលប្រយោជន៍សាធារណៈព្រមដោយការឃោសនាបែបវោហាសាស្រ្តស្នេហាជាតិលាយដោយពាក្យស្លោកជាតិនិយមផ្សេងៗ។   ដូច្នេះតើអ្វីទៅជាប្រជានិយម (Populism)? ហើយហេតុដូចម្តេចបានជាទ្រឹស្តីបទនេះ បានក្លាយជា ធាតុផ្សំដ៏សំខាន់សម្រាប់អ្នកនយោបាយ សម្រាប់ ធ្វើជានុយក្នុងការធ្វើការឃោសនានយោបាយរកសន្លឹកឆ្នោត? ។ ដូច្នេះអត្ថបទនេះនឹងធ្វើការបកស្រាយពន្យល់អំពីទ្រឹស្តី និងដំណើរប្រព្រឹត្តិទៅនៃអត្តចរិតរបស់អ្នកនយោបាយប្រជានិយម។   ពីទ្រឹស្តីឆ្ពោះទៅកាន់ការឃោសនា មែនទែនទៅទ្រឹស្តីប្រជានិយមនេះ អាចថាមិនមានអ្វីខុសអ្វីប្លែកពីទ្រឹស្តីនៃមនោគមន៍វិជ្ជាដទៃទៀត ដូចជា ទ្រឹស្តីជាតិនិយម សង្គមនិយម រាជានិយម ស្រី្តនិយម ប្រាកដនិយម សេរីនិយមនោះទេ។ តែពេលខ្លះវាស្ទើរតែលំបាកក្នុងការកំណត់និយមន័យ ឬ​ការ​ចាត់​ថ្នាក់​គោល​គំនិតថា តើ​វា​ជា​មនោគមវិជ្ជា សុន្ទរកថា ឬ​ជាយុទ្ធសាស្ត្រ?  ក៏ប៉ុន្តែជារួម ទ្រឹស្តីប្រជានិយមនេះតែងបង្ហាញស្តែង​ឱ្យឃើញតាមរយៈទម្រង់ពីរដែលអ្នកសិក្សាអាចកំណត់ឲ្យនិយមន័យបានគឺ ទី១«ជាប្រត្យក្សទ្រឹស្តីនេះតែងស្តែងចេញពីមាត់បុគ្គលអ្នកដឹកនាំដែលនិយមសប្បុរសធម៌ និយាយទាមទារក្នុងនាមមនុស្សសាមញ្ញជន ដើម្បីប្រយោជន៍ពលរដ្ឋ» ។ ទី២គំនិតនោះត្រូវតែលេចចេញប្រឆាំងពួកឥស្សរៈជន (elites) ដើម្បីរារាំងពីការសកម្មភាពនយោបាយប្រយោជន៍ឯកជនរបស់ពួកគេ។ និយាយដោយខ្លី ទ្រឹស្តីនេះមានខ្លឹមសាររួមមួយក្នុងគោលដៅប្រឆាំងពួកសក្តិភូមិឬឥស្សរជន (elites) ដើម្បីបុព្វហេតុសេចក្តីត្រូវការរបស់ពលរដ្ឋ។ មានន័យថា ពួកអ្នកនយោបាយប្រជានិយមតែងសម្លឹងនឹងស្តាប់រាល់មតិរិះគន់របស់ពលរដ្ឋ សេចក្តីត្រូវការរបស់ពលរដ្ឋ និង អ្វីដែលពលរដ្ឋមិនចូលចិត្ត។ ពួកគេតែងលើកយកមកធ្វើងវេទិការពិភាក្សានយោបាយ ដើម្បីដោះស្រាយស្វែងរកដំណោះស្រាយមួយណាមួយដែលពលរដ្ឋចង់បាន​ បើទោះបីជាពួកគេមិនអាចធ្វើបានក៏ដោយ។   ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកវិទ្យាស្រ្តនយោបាយនឹងអ្នកនិពន្ធសៀវភៅ (Populism) លោក Cas Mudde​ សន្មត់ថាប្រជានិយមនេះជា«មនោគមវិជ្ជាស្តើង(Thin Ideology» ​ដែល​យល់ថាទីបំផុតនៃសង្គមមានការបំបែកទៅជាក្រុមដែលមានលក្ខណៈ ដូចគ្នាឬប្រឆាំងគ្នារវាងក្រុម “ប្រជាជនបរិសុទ្ធ (pure people)” ធៀបនឹង “ឥស្សរជនពុករលួយ (corrupt elite)” ហើយដែលសម្តែងចំណោទឬមតិថានយោបាយគួរតែជាការបង្ហាញនៃឆន្ទៈទូទៅរបស់ប្រជាជន។ ជារួម លទ្ធិប្រជានិយមនេះ ជាធម្មតារិះគន់ទៅលើតំណាងនយោបាយ និងអ្វីៗដែលសម្របសម្រួលទំនាក់ទំនងរវាងប្រជាជន និងមេដឹកនាំ ឬរដ្ឋាភិបាលរបស់ពួកគេ។ ជារួម ប្រជានិយមភាគច្រើនជារចនាបទប្រជាប្រិយនៃនយោបាយ ដែលមេដឹកនាំ និងគណបក្សប្រើប្រាស់ ដើម្បីគៀងគរប្រមូលផ្តុំមហាជន។   អត្តចរិតរបស់អ្នកនយោបាយប្រជាភិថុត អត្តចរិតអ្នកនយោបាយប្រជានិយមតែងស្តែង​ឱ្យឃើញតាមរយៈការធ្វើសុទ្ទរកថា ដែលពោរពេញដោយក្តីសុបិនវែងឆ្ងាយដែលពេលខ្លះក្តីសុបិននោះបង្កប់ដោយការកុហក (lying) និងបោកប្រាស់(deceptive) ព្រោះពួកគេយល់ថាពលរដ្ឋងាយនឹងជឿនូវអ្វីដែលអ្នកនយោបាយបាននិយាយ តាមរយៈការសន្យាដែលពោលស្តែងៗ តាមការឃោសនា​ឬពាក្យស្លោកគណៈបក្សជាដើម។  មែនទែនទៅ ចរិតអ្នកនយោបាយប្រជាភិថុតនិយមតែងព្យាយាមបង្ហាញផ្តល់នូវដំណោះស្រាយងាយៗយកមកដោះស្រាយបញ្ហាជាតិជាប្រព័ន្ធ ដោយសន្យាជាមួយពលរដ្ឋថាពួកគេនឹងធ្វើគ្រប់យ៉ាងឲ្យបានសម្រេចដូចអ្វីដែលគេនិយាយ បើទោះបីជាការពិតពួកគេមិនអាចដោះស្រាយបានពេលបានទទួលអំណាចគ្រប់គ្រងប្រទេសក៏ដោយ។ ក្នុងន័យម្យ៉ាងទៀត អ្នក នយោបាយទាំងនោះតែងតែប្រើនុយជាពាក្យពេចន៍ បែបប្រយោគពាក្យស្លោកជាតិនិយម  ៖ ឧទាហរណ៍ដូចជា«ធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យសារជាថ្មី» ដែលប្រធានាធិបតី ឌូណាល់ត្រាំ តែងពោលពេលធ្វើសុន្ទរកថាម្តងៗដើម្បីជំរុញឲ្យពលរដ្ឋអាមេរិកគិតគូរអំពីជាតិនិយមរបស់ខ្លួនឡើងវិញ និង ដូចជាលោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​បានសន្យានឹង​បញ្ជា​​ឱ្យប៉ូលិស​របស់​លោក​កាត់ទោស​អ្នក​ជួញដូរ​គ្រឿងញៀន នឹងក្នុងកំឡុងពេលដែលពលរដ្ឋអង់គ្លេសបោះឆ្នោតដើរចេញពីសមាជិកអឺរ៉ុបជាដើមជាឧទាហរណ៍។​   ដូច្នេះ អ្នកនយោបាយប្រជានិយមគឺជាអ្នកនយោបាយមានវិវត្តន៍លឿន អាចបត់ប៉ែនរហ័សទៅតាមស្ថានការជាក់ស្តែងនៃនយោបាយក្នុងប្រទេស។ ពួកគេព្យាយាមធ្វើយ៉ាងណារកវិធីសាស្រ្ត ខិតខំអំពាវនាវ ដល់ប្រជាជនសាមញ្ញ ដែលមានអារម្មណ៍ថាការព្រួយបារម្ភរបស់ពួកគេមិនត្រូវបានយកចិត្តទុកដាក់ដោយក្រុមឥស្សរជនដើម្បីដោះស្រាយជូនពួកគេ។   ដោយ៖ លោក ជា សំអៀង និស្សិតទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។​​ រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។

More Info