គោលនយោបាយការបរទេសកម្ពុជា: ការរក្សាតុល្យភាពទំនាក់ទំនងជាមួយចិននិងវៀតណាម

រីម សុខវី | 27 May 2022 |
Share this article to

 

កម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិននិងវៀតណាម ដែលប្រទេសទាំងពីរជាគូបដិបក្សនឹងគ្នា​។ កត្តានេះបានធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រឈមជាយុទ្ធសាស្រ្តមួយក្នុងគោលនយោបាយការបទេសរបស់ខ្លួន។  ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាកាន់តែពិបាកនៅក្នុងការរក្សានូវតុល្យភាពទំនាក់ទំងរបស់ខ្លួនរវាងប្រទេសទាំងពីរ ដែលបណ្តាលមកពីភាពរកាំរកូសរវាងចិននិងវៀតណាមជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាតំបន់ទន្លេមេគង្គ​ ។ ប្រសិនបើគិតពិចារណាដល់ការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រដែលកំពុងកើតមានរវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយ ទីក្រុងភ្នំពេញត្រូវរក្សាតុល្យភាពទំនាក់ទំនងជាមួយទីក្រុងទាំងពីរ ដែលពួកគេសុទ្ធសឹងជាមិត្តជិតស្និទ្ធរបស់កម្ពុជា។ ​ការមិនអាចរក្សាតុល្យភាពរវាងប្រទេសទាំងពីរ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។

 

កម្ពុជាមានទំនាក់ទំនងល្អជាមួយចិននិងវៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ។ ដូច្នេះការជ្រើសយកភាគីណាមួយចោលភាគីណាមួយអាចនឹងធ្វើឱ្យភាគីមួយទៀតមិនសប្បាយចិត្ត។ ​បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតថ្មីមួយគួរឱ្យកត់សម្គាល់ ដែលកម្ពុជាបានក្លាយជាសម្ព័ន្ធមិត្តដែកថែបរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​​​ចិនបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ជាពិសេសគឺជំនួយខាងផ្នែកបរិក្ខាយោធា និងសេដ្ឋកិច្ច។ ជាទំនាក់ទំនងដែលមានផលប្រយោជន៍រួម ជានិច្ចកាល ទង្វើរបស់កម្ពុជាត្រូវបានគេមើលឃើញថាតែងតែមានទំនោទៅបម្រើផលប្រយោជន៍យុទ្ធសាស្រ្តរបស់ចិននៅអាស៊ីអាគ្នេយ៍។​ ការងាកទៅរកចិនកាន់តែខ្លាំងឡើងរបស់កម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេស វៀតណាម និងពួកមហាអំណាចមួយចំនួនដូចជា​ អាមេរិក និងជប៉ុន។​ ទោះជាយ៉ាងណាក៏ដោយ វៀតណាមមានការព្រួយបារម្មណ៍ជាងគេ ដោយហេតុថាខ្លួនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់កម្ពុជា ហើយក៏ជាសត្រូវសួរពូជជាមួយចិនផងដែរ។​ ខណៈពេលដែលកម្ពុជាទោរទៅរកចិនកាន់តែខ្លាំងឡើងៗ បានធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមមានភាពស្មុគ្រស្មាញខ្លាំងឡើងផងដែរ។

 

ទំនាក់ទំនងកម្ពុជាជាមួយចិននិងវៀតណាមក្នុងពេលអតីតកាល

ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងទំនាក់ទនងជាមួយចិននិងវៀតណាមនាពេលបច្ចុប្បន្នយើងគម្បីស្វែងយល់ពីប្រវត្តិសាស្រ្តជាមុនសិន។​ នៅឆ្នាំ ១៩៧៨ កងទ័ពវៀតណាមរួមបញ្ជូលទាំងកងទ័ពអតីតខ្មែឬក្រហមប្រមានណជា ១២០,០០០ បានធ្វើការវាយលុកដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយប៉ុលពត។ ចាប់ពីចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៩០​ រដ្ឋាភិបាលកម្ពុជាដែលបង្កើតឡើងដោយវៀតណាមមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិនៅឡើងទេ ជាពិសេស ចិននិងអាម៉េរិក។ របបប្រល័យពូជសាសន៍ប៉ុលពត នៅតែត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយថែមទាំងទទួលបាននូវជំនួយសព្វាវុធ បរិក្ខាធ្វើសឹកសង្គ្រាមយ៉ាងច្រើនពីចិននិងអាម៉េរិក ហើយនិងបានសម្ងំលាក់ខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជាឧទាហរណ៍ នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានទទួលរថក្រោះ ធី-៥៩ របស់ចិនចំនួន ២៤គ្រឿង និងជំនួយយោធាផ្សេងទៀតដែលបានដឹកជញ្ជូនតាមព្រំដែនថៃ។ ជំនួយរបស់ចិនទៅកាន់ខ្មែរក្រហមអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គឺកើតឡើងដោយសារផលប្រយោជន៍ផ្នែកយុទ្ធសាស្រ្ត ។​ ក្រោយមក អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា​ (UNTAC)​ ​​ត្រូវបានបង្កើតឡើងបន្ទាប់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ ១៩៩១។

 

ចាប់ពីពេលនោះមក ចិនបានបោះបង់ចោលខ្មែរក្រហមនិងចាប់ដៃជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលដឹកនាំដោយគណបក្សហ្វ៊ុនស៊ិនប៉ិចនិងគណបក្សប្រជាជនកម្ពុជា។ ចិនបានចាប់ផ្តើមមានទំនាក់ទំនងនយោបាយល្អជាមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច  ហើយបន្ទាប់មកជាមួយគណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ ១៩៩៦ ចិនបានអញ្ជើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ហើយភាគីទាំងពីរក៏បានប្រារព្ធកិច្ចប្រជុំជាមួយគ្នាជាច្រើនលើកផងដែរ។​ នៅគ្រានោះ កម្ពុជាក៏នៅតែមានទំនាក់ទំនងរឹងមាំជាមួយវៀតណាម។ វៀតណាមបានជួយដល់ទីក្រុងភ្នំពេញដើម្បីក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។

 

មេដឹកនាំមួយចំនួនរបស់កម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មានទំនាក់ទំនងពិសេសជាមួយមេដឹកនាំបក្សកម្មុយនីស្តវៀតណាមផងដែរ។ ជាឧទាហរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។ នៅឆ្នាំ ២០១៨ អមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោកបានធ្វើដំណើរចូលរួមពីធីមរណៈទុក្ខនិងបង្ហាញពីការគោរពទៅកាន់ប្រធានាធិបតីរៀតណាម លោក ត្រាន ដាយ គង់ (​Tran Dai Quang)​។​ នៅឆ្នាំ ២០១៩ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសវៀតណាម​និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ។លើសពីនេះទៅទៀត ទំនាក់ទំនាក់ស៊ីជម្រៅរវាង កម្ពុជានិងវៀតណាមត្រូវបង្ហាញឱ្យឃើញតាមរយៈស្តូបមិត្តភាពកម្ពុជា-វៀតណាមជាច្រើនដែលត្រូវបានសាងសង់ស្ទើរគ្រប់បណ្តាខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីរំលឹកដល់ជ័យជម្នះលើរបបខ្មែរក្រហម និងរំលឹកអំពីចំណងមិត្តភាពដ៏មាំងរវាងប្រទេសទាំងពីរ។ ថ្មីៗនេះ កម្ពុជានិងវៀតណាមបានចុះកិច្ចព្រមព្រៀងសហប្រតិបិត្តការយោធា ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពយោធានិងជំនួយរវាងប្រទេសទាំងពីរសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥។

 

ការកើនឡើងឥទ្ធិពលរបស់ចិននៅម្ពុជា

ទំនាក់ទំនងទ្វេភាគីរវាងចិននិងកម្ពុជាមានការវិវត្តយ៉ាងខ្លាំងចាប់ពីឆ្នាំ១៩៩៧មក នៅពេលដែលគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះលើគណបក្សហ៊ុនស៊ិនប៉ិចក្នុងជម្លោះប្រដាប់អាវុធឆ្នាំ ១៩៩៧ ដែលបើកផ្លូវឱ្យខ្លួនឈ្នះឆ្នោតនៅឆ្នាំបន្ទាប់។ ក្រោយមក នៅពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបានអន្តរជាតិដាក់ឱ្យនៅឯកោនិងប្រឈមនឹងការកាត់ផ្តាចជំនួយពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលលោកខាងលិច រំពេចនោះចិនបានផ្តល់ជំនួយជាសព្វាវុធដល់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណជា ២.៨​ លាន ដុល្លាអាមេរិក ។ នៅឆ្នាំ ១៩៩៧ ចិនបានផ្តល់ជំនួយប្រមាណ ៦លានដុល្លាអាមេរិកដល់កម្ពុជា។ ចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរត្រូវបានជំរុញបន្ថែមទៀត គឺពេលដែលការវិនិយោគ របស់ចិនមានការហក់ឡើងពី ៣៦ លានដុល្លាអាមេរិក នៅឆ្នាំ១៩៩៦ ដល់ ១១៣​ លានដុល្លាអាមេរិក នៅឆ្នាំ ១៩៩៧។ ថ្វីបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ថា “ចិនជាឫសគល់នៃគ្រោះមហន្តរាយនៅកម្ពុជា” តែឥឡូវចិនគឺ ”ជាមិត្តដែកថែបរបស់កម្ពុជា”។ ទោះជាយ៉ាងណាក៏ដោយ ការមិនទុកចិត្តទាំងនោះបានរលាយបាត់ទៅវិញបន្តិចម្តងៗពេលដែលចិនបានផ្តល់ជំនួយនិងការវិនិយោគជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា ខណៈពេលដែលសហរដ្ឋអាមេរិចនិងបណ្តាប្រទេសលោកខាងលិចបានរិះគន់មកលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ បន្ទាប់មក កម្ពុជានិងចិនបានលើកកម្ពស់កម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀតឱ្យឈានដល់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ដែលធ្វើឱ្យតួនាទីនិងវត្តមានរបស់ចិននៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។

 

នៅឆ្នាំ២០១៤ ចិនបានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍មកកាន់កម្ពុជាពីចន្លោះ ៥០០ លានដុល្លាអាមេរិក ទៅ៧០០ លានដុល្លាអាមេរិក ជារៀងរាល់ឆ្នាំ។ អំឡុងពេលកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលីនៅឆ្នាំ២០១៦ ចិនបានផ្តាច់ជ្ញារផ្តល់ជំនួយមកកម្ពុជា ៦០០លានដុល្លាអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ ២០១៨។ នៅឆ្នាំ២០១៧ ចិនក៏បានសន្យាថានឹងផ្តល់ជំនួយ ៦០០លានដុល្លាជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០១៩ ដើម្បីជួយអភិវឌ្ឍន៍វិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅខែតុលា ឆ្នាំ២០២០ កម្ពុជានិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញ ៩៥ % ទៅកាន់ចិនដោយមិនគិតពន្ធគយ ដែលអាចជួយបង្កើនការនាំចូលរបស់កម្ពុជាទៅចិនបាន​២៥%។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានបង្ហាញជាសក្ខីភាព​​យ៉ាងច្បាស់ពីការកើនឡើងឥទ្ធិពលរបស់ចិនមកលើកម្ពុជា រួមទាំងការទោរទន់របស់កម្ពុជាទៅកាន់ចិន ជាពិសេសនៅពេលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA  ពីកម្ពុជា។

 

ទំនាក់ទំនងកម្ពុជា-ចិនបានឈានដល់ទំព័រថ្មីនៃប្រវត្តិសាស្ត្រនៅពេលដែលចិនបានដាក់ចេញនូវគម្រោង “​គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ” (BRI) រួមទាំងគំនិតផ្តួចផ្តើមជាច្រើនទៀតដូចជា កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។ នៅក្នុងគម្រោងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍របស់ចិន   កម្ពុជាបានសម្លឹងឃើញឱកាសល្អជាច្រើនក្នុងទំនាក់ទំនងជាមួយចិន។ ផ្ទុយទៅវិញ វៀតណាមបានយល់ឃើញថាគំនិតផ្តួចផ្តើមរបស់ចិនទាំងនោះគឺជាការគម្រាមកំហែងមកលើសន្តិសុខរបស់ខ្លួន។ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ បានផ្លាស់ប្តូរការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ ដូចជាករណីខេត្តព្រះសីហនុជាដើម។ លំហូរនៃការអភិវឌ្ឍន៍របស់ចិននៅខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ខេត្តនេះយ៉ាងខ្លាំង។ រដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា “ការអភិវឌ្ឍន៍របស់កម្ពុជាមិនអាចផ្តាច់ចេញពីជំនួយរបស់ចិនបានទេ”​​ហើយក៏បានបញ្ជាក់ថែមទៀតថាចិនគឺជា“មិត្តយូរអង្វែង”។

 

ការទាមទារដណ្តើមកាន់កាប់យកទឹកដីត្រួតស៊ីគ្នារវាងប្រទេសចិននិងប្រទេសអាស៊ានមួយចំនួនបានបង្ហាញទំនោរបែបយុទ្ធសាស្ត្ររបស់កម្ពុជាទៅកាន់ចិនដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយវៀតណាមនិងសមាជិកអាស៊ានមួយចំនួន។ នៅឆ្នាំ ២០១២ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាត្រូវបានរិះគន់ដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយចិន ហើយសេចក្តីសម្រេចចិត្តរបស់ខ្លួនបានធ្វើឱ្យអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបានដើម្បីបញ្ជាក់ពីគោលជំហរួមរបស់ខ្លួននៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង។ ដោយភាគីខ្លះ បានលើកឡើងថា ការបរាជ័យរបស់អាស៊ាននៅឆ្នាំ ២០១២ បានសបញ្ជាក់ពីឥទ្ធិពលរបស់ចិនមកលើកម្ពុជា។​

 

ព្រឹត្តិការណ៍នេះបានធ្វើឱ្យទីក្រុងហាណូយមិនសប្បាយចិត្តជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឱ្យមានការខឹងសំបារពីសំណាក់ប្រជាជនវៀតណាម។ មានការចោទប្រកាន់ពីប្រជាជនវៀតណាមទៅលើរូបលោក ដោយចោទថាលោកគឺជាជនក្បត់។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកដោយរៀបរាប់ថា “ខ្ញុំស្មោះត្រង់ចំពោះប្រជាជនកម្ពុជា ព្រះមហាក្សត្រ និងភរិយារបស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំទេ។ ខ្ញុំ​ជា​មេ​ដឹកនាំ​ប្រទេស​កម្ពុជា​ដែលឯករាជ្យ និង​មានអធិបតេយ្យភាព ហើយ​ខ្ញុំ​មានតួនាទីស្មើ​នឹង​មេដឹកនាំ​វៀតណាម​ក្នុង​ឋានៈ​ស្មើ។”

ដូច្នេះការកើនឡើងឥទ្ធិពលរបស់ចិនមកលើកម្ពុជា បានធ្វើឱ្យទីក្រុងហានណូយអស់ជំនឿមកលើថ្នាក់ដឹកនាំកម្ពុជាបន្តិចម្តងៗ។

 

ជំហររបស់កម្ពុជាចំពោះចិន

យ៉ាងហោចណាស់មានហេតុផលបីយ៉ាងដើម្បីលើកយកមកពន្យល់អំពីគោលជំហរបស់កម្ពុជាចំពោះចិន។

ទី១ ចិនគឺជាម្ចាស់ជំនួយទ្វេភាគីធំបំផុត និងជាប្រភពវិនិយោគទន់បរទេសធំផុតរបស់កម្ពុជា។ អ្វីដែលគួរឱ្យគាត់សម្គាល់នោះ ​៤៣ % នៃការវិនិយោគដោយផ្ទាល់ពីបរទេសមកកម្ពុជាគឺមកពីប្រទេសចិន ដែលផ្តល់ឱកាសការងារ ៧០ % សម្រាប់ប្រជាជនកម្ពុជាដែលធ្វើការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធជាច្រើន។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ ២០១៦ ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់ចិននៅកម្ពុជាកើនឡើងដល់ ១៤.៧ ពាន់លានដុល្លាអាមេរិក ។  ចិនក៏បានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ដំណើរគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា មានដូចជា ស្ពានធំៗចំនួន ៦ និង ផ្លូវធ្វើដំណើរប្រវែង ៣២៨៧ គីឡូម៉ែត្រ។ នៅឆ្នាំ ២០១៩ ចិនបានផ្តល់ទឹកប្រាក់ចំនួន ២ ពាន់លាន ដុល្លាអាមេរិក ដើម្បីសាងសង់ផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាដែលតភ្ជាប់ពីខេត្តព្រះសីហនុមកទីក្រុងភ្នំពេញ។

 

ហេតុផលទី២ ភាពខុសគ្នាក្នុងការតាក់តែងគោលនយោបាការបរទេសរវាង កម្ពុជានិងវៀតណាម។ វៀតណាមបានចាប់យកអាមេរិកដែលជាក្តីសង្ឃឹមដើម្បីការពារអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួនពីការទន្រ្ទានយករបស់ចិន។ ផ្ទុយទៅវិញ កម្ពុជារំកិលកាន់តែកៀកទៅរកចិនដែលក្រោយមកបានក្លាយជាប្រភពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជាខ្នងបង្អែកនយោបាយដ៏សំខាន់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។ លើសពីនេះទៅទៀត ការងាកចេញពីវៀតណាមជួយឱ្យរដ្ឋាភិបាលបច្ចុប្បន្នទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុកកាន់តែច្រើន ពីព្រោះអតីតបក្សប្រឆាំងដ៏ធំរបស់កម្ពុជា គឺគណបក្សសង្រ្គោះជាតិតែងតែយកបញ្ហាវៀតណាមមកទប់ធ្វើជាលេសដើម្បីវាយប្រហារគណបក្សកាន់អំណាច។

 

ហេតុផលទី៣ វាកើតឡើងនៅពេលអាស៊ានអសមត្ថភាពក្នុងការផ្តល់ការធានានូវសន្តិសុខទៅកាន់សមាជិករបស់ខ្លួន ជាពិសេសកម្ពុជាដែលជាប្រទេសតូច។ នៅឆ្នាំ ២០១១ កម្ពុជាបានស្វែងរកជំនួយពីអាស៊ាន ដើម្បីដោះស្រាយបញ្ហព្រំដែនជាមួយថៃជុំវិញជម្លោះប្រាសាទព្រះវិហារនិងតំបន់ក្បែរនោះ។ ទោះជាយ៉ាងនេះក្តី អាស៊ានបានទទួលបរាជ័យក្នុងការស្វែងរកយន្តការផ្សះផ្សាដើម្បីដោះស្រាយវិបត្តិព្រំដែន។ ជាការពិតណាស់ អាស៊ានបរាជ័យក្នុងការជួយកម្ពុជា ដោយបរាជ័យមិនអាចទប់ស្កាត់ការប៉ះទង្គិចយោធារវាងកម្ពុជានិងថៃអំឡុងពេលមានជម្លោះ។ លើសពីនេះទៅទៀត ដោយសារតែមានបទពិសោធន៍នៃការឈ្លានពានពីបរទេសជាពិសេសអតីតបច្ចាមិត្តរបស់ខ្លួន គឺថៃនិងវៀតណាម​ ដូច្នេះ មួយក្នុងចំណោមផ្លូវដែលអាចរស់បានរបស់កម្ពុជាគឺការស្វែងរកជំនួយពីមហាអំណាចខាងក្រៅដូចជា ចិន ​​និងអាមេរិក។​ ឥស្សរៈជនជាន់ខ្ពស់របស់កម្ពុជាបច្ចុប្បន្នបានដឹងយ៉ាងច្បាស់ពីការគម្រាមកំហែង  របស់វៀតណាម ដែលពួកគេតែងតែប្រុងប្រយ័ត្ននៅពេលដោះស្រាយជាមួយវៀតណាមជុំវិញបញ្ហាព្រំដែននិងបញ្ហាជនអន្តោប្រវេសន៍។ ហេតុដូច្នេះ ការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយចិនអាចផ្តល់នូវទំនុកចិត្តសន្តិសុខសម្រាប់កម្ពុជាដើម្បីរក្សាតុល្យភាពប្រឆាំងនឹងការគម្រាមកំហែងពីប្រទេសជិតខាង។ ​ដូចដែលអ្នកវិភាគមួយចំនួនបានលើកឡើងថា ឥស្សរៈជននយោបាយជាន់ខ្ពស់របស់កម្ពុជាយល់ឃើញថាការមានទំនាក់ទំនងដ៏រឹងមាំជាមួយចិនក្លាយជាយុទ្ធសាស្ត្ររកផ្លូវរស់សម្រាប់កម្ពុជាដើម្បីកសាងសមត្ថភាពយោធារបស់ខ្លួន។

 

សេចក្តីសន្និដ្ឋាន

ជារួម ទំនាក់ទំនងរវាងរដ្ឋមួយជាមួយរដ្ឋដទៃទៀតតែងតែប្រែប្រួលទៅតាមផលប្រយោជន៍ជាតិរបស់ពួកគេដែលកំណត់ដោយក្រុមឥស្សរៈជន។ ដូចដែលអ្នកការទូតអង់គ្លេស លោក សឺ ហារោលដ នីកូលស៊ុន (Sir Harold Nicholson)បានលើកឡើងថា ”មិនមានទេសត្រូវ ឬមិត្តអចិន្ត្រៃយិ៍ មានតែផលប្រយោជន៍អចិន្ត្រៃយិ៍តែប៉ុណ្ណោះ។” ការលើកឡើងនេះ គឺសមស្របទៅនឹងទំនាក់ទំនងរបស់រដ្ឋនៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលរដ្ឋនីមួយៗតែងតែផ្លាស់ប្តូរទំនាក់ទំនងជាមួយរដ្ឋដទៃទៀតនៅពេលដែលផលប្រយោជន៍ប្រែប្រួល។ ហើយវាជាមធ្យោបាយសមស្របសម្រាប់គោលនយោបាយការបរទេសបច្ចុប្បន្នរបស់កម្ពុជាដើម្បីឆ្លើយតមទៅនឹងទំនាក់ទំនងរបស់ខ្លួនជាមួយចិននិងវៀតណាម។ កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​ដ៏រឹងមាំជាមួយ​វៀតណាម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០។

 

​ទោះជាយ៉ាងណាក៏ដោយ ទំនាក់ចាប់ផ្តើមប្រែប្រួលនៅពេលដែលចិនពង្រីកវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ និងជាពិសេសនៅកម្ពុជា  ដើម្បីធ្វើឱ្យផលប្រយោជន៍មានការចម្រើនទៅមុខ កម្ពុជា និងចិនបានពង្រឹងទំនាក់ទំនងរបស់ ខ្លួននិងបានផ្សាភ្ជាប់​ទំនាក់ទំនង​ដែលផ្អែកទៅលើផលប្រយោជន៍រួម ​។ ខណៈពេលដែលកម្ពុជាស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាពីប្រទេសចិនក្នុងកម្រិតជាក់លាក់មួយ ដោយកម្ពុជាឆ្លើយតបទៅវិញដោយការជួយគាំទ្រចិនក្នុងការជំរុញរបៀបវារៈរបស់ខ្លួននៅក្នុងតំបន់អាស៊ី រួមទាំងការទាមទារទឹកដីរបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។ នៅពេលដែលទំនាក់ទំនងកម្ពុជា-ចិនកាន់តែរឹងមាំ ហើយឥទ្ធិពលរបស់វាត្រូវបានបង្ហាញនៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាមផងដែរ។ ដូច្នេះ ដោយមើលឃើញពីតួនាទីដ៏សំខាន់ដែលទាំងចិន និងវៀតណាមដើរតួក្នុងផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា ទីក្រុងភ្នំពេញចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរក្សារ តុល្យភាពរវាងទីក្រុងប៉េកាំង និងហាណូយ៕

 

អត្ថបទដោយៈ លោក រីម សុខវី សហស្ថាបនិក The Thinker Cambodia និង លោក ហេង គីមគង់ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

ប្រែសម្រួលអត្ថបទដោយៈ លោក ដាំង ដាំរ៉ុង អ្នកនិពន្ធអត្ថបទ The Thinker Cambodia