ហេតុអ្វីការសិក្សាទ្រឹស្តី «ប្រាកដនិយម» មានសារៈសំខាន់សម្រាប់ការស្វែងយល់ពីមេដឹកនាំ?

Share this article to

 

នៅកម្ពុជា មានសាកលវិទ្យាល័យច្រើនគួរ​ឱ្យកត់សម្គាល់។ ក៏ប៉ុន្តែការសិក្សាអំពីមុខជំនាញទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទ្រឹស្តីទំនាក់ទំនងរដ្ឋនិងរដ្ឋផ្សេងទៀត នៅតាមសាកលវិទ្យាល័យទំាងនោះ ហាក់នៅពុំទាន់មានភាពទូលំទូលាយស៊ីជម្រៅនៅឡើយ។

ដូច្នេះហើយ កត្តាដែលមិនយល់ដឹងអំពីទ្រឹស្តីមនោគមន៍វិជ្ជា និងការសិក្សាគោលនយោបាយការបរទេសរបស់រដ្ឋនីមួយៗ អាចជាកត្តាលិករដែលបង្អាក់​ការគិតបែបតក្កវិជ្ជាក្នុងការវិភាគបែបស៊ីជម្រៅរបស់សិស្សនិស្សិត ទៅលើព្រឹត្តិការណ៍ពិភពលោកដែលកំពុងកើតមានឡើង។

 

អ្វីទៅជាទ្រឹស្តីប្រាកដនិយម?

ជារួមទំនាក់ទំនងអន្តរជាតិ គឺជាការសិក្សាអំពីទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ និងជាមួយអង្គការអន្តរជាតិ និងអង្គភាពក្រោមជាតិមួយចំនួន – ឧទាហរណ៍៖ ការិយាធិបតេយ្យ គណបក្សនយោបាយ និងច្បាប់ជាដើម។ ជាងនេះទៅទៀត ជាញឹកញាប់ទ្រឹស្តីពីរតែងតែលិចឡើងជារឿយៗសម្រាប់និស្សិតដែលសិក្សាបញ្ហាអន្តជាតិ ពោលគឺ ទ្រឹស្តីប្រាកដនិយម (Realism) និងសេរីនិយម (Liberalism)។ ក៏ប៉ុន្តែ ស្មេរសូមលើកយកតែទ្រឹស្តីប្រាកដនិយមមកពិភាក្សាប៉ុណ្ណោះ។ ដូច្នេះ តើអ្វីទៅជានិយមន័យទ្រឹស្តីប្រាកដនិយម។

 

សៀវភៅ «ការណែនាំអំពីភាពប្រាកដនិយមក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិ» ដែលធ្វើការស្រាវជ្រាវដោយ​លោក Sandrina Antunes and Isabel Camisão បានពន្យល់យ៉ាងក្បោះក្បាយអំពីគំនិតនឹងទស្សនៈនឹងការយល់ឃើញទៅលើទ្រឹស្តីប្រាកដនិយមនិង តួរអង្គសំខាន់ៗនៃទស្សនៈវិទូប្រាកដនិយម តួរយ៉ាងដូចជា Machiavelli និង Morgenthau។

 

ការសន្មត់ដំបូងនៃភាពប្រាកដនិយមគឺថារដ្ឋ គឺជាតួអង្គសំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយរដ្ឋមានកាតព្វកិច្ចក្នុងការសម្រេចចិត្តលើគោលនយោបាយការណ៍បរទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋដ៏ទៃទៀត ឫក៏ស្ថានប័នអន្តរជាតិណាមួយ។ ជារួម អ្នកដែលធ្វើសេចក្តីសម្រេច គឺជាតួអង្គអ្នកកាច់ចង្កូតនាវារបស់រដ្ឋនោះ ដែលប្រកបដោយសុភវិនិច្ឆ័យនិងការសម្រេចចិត្តដ៏សមហេតុផល ដើម្បីស្វែងរកនូវផលប្រយោជន៍រួមសម្រាប់ជាតិ និងគេចចេញពីព្រឹត្ដិការណ៍ ឬដានប្រវត្តិសាស្រ្តណាមួយដែលនាំ​ឱ្យរដ្ឋធ្លាក់ចុះ។

 

ទ្រឹស្តីប្រាកដនិយមក៏បានបង្ហាញថា អ្នកដឹកនាំទាំងអស់    មិនថាយុទ្ធសាស្រ្តបញ្ចុះបញ្ចូលនយោបាយរបស់ពួកគេបែបណានោះទេ ពួកគេត្រូវតែប្រយ័ត្ននៅពេលដែលពួកគេព្យាយាមគ្រប់គ្រងកិច្ចការរដ្ឋនិងការសម្រេចចិត្តលើគោលនយោបាយការបរទេសរបស់ពួកគេជាមួយរដ្ឋផ្សេងៗ ដើម្បីរស់ក្នុងបរិយាកាសប្រកួតប្រជែង។ ដោយន័យម្យ៉ាងទៀត នៅក្នុងគំនិតនៃក្រុមប្រាកដនិយម អ្នកដឹកនាំពេលខ្លះត្រូវធ្វើសម្តែងជាមនុស្សមានអត្មានិយម ហើយពេលខ្លះក៏គួរបន្ទន់ខ្លួននៅពេលដែលការសម្រេចចិត្តលើកិច្ចការនយោបាយការបរទេសណាក្នុងក្របខណ្ឌប្រឈមនឹងមេដឹកនាំការបរទេសនៃប្រទេសមហាអំណាច។ ជាឧទាហរណ៍ អ្នកការទូតអ៊ីតាលី ប្រវត្តិវិទូ និងទ្រឹស្តីនយោបាយវិទូ លោកម៉ាគីយ៉ាវែល  (Niccolò Machiavelli) ផ្តល់ជាគំនិតថា ដើម្បីអនុវត្តការងារកិច្ចការរដ្ឋ (គោលនយោបាយការបរទេស) ប្រកបដោយជោគជ័យ និងការបន្តនៃនិរន្តរភាពនៃប្រទេសជាតិ អ្នកដឹកនាំត្រូវមានការប្រុងប្រយ័ត្ន និងប្រសព្វទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយការគំរាមកំហែងខាងក្នុង ក៏ដូចជាខាងក្រៅចំពោះការគ្រប់គ្រងរបស់អ្នកដឹកនាំរដ្ឋនោះដែលពេលខ្លះ អ្នកដឹកនាំត្រូវតែធ្វើខ្លួន​ឱ្យ​ដូចជាតោ ហើយពេលខ្លះគួរតែដូចកញ្ជ្រោង

 

ដូចគ្នាផងដែរ ទស្សនៈវិទូ Morgenthau បង្ហាញថារាល់សកម្មភាពនយោបាយ គឺសំដៅសំខាន់ឆ្ពោះទៅរកការរក្សា បង្កើន ឬបង្ហាញអំណាច។ ការគិតបែបនេះគឺថា គោលនយោបាយដែលផ្អែកលើសីលធម៌ ឬបែបការឆ្លើយតបរហ័សទៅលើកិច្ចការទូតអ្វីមួយ នឹងអាចនាំទៅរកភាពទន់ខ្សោយ រហូតដល់ពេលខ្លះនឹងមានការបំផ្លិចបំផ្លាញ ឬការគ្រប់គ្រងរដ្ឋដោយគូប្រជែង។ ក្នុងន័យសាមញ្ញ ការស្វែងរកផលប្រយោជន៍ជាតិ ដោយផ្អែកលើសីលធម៌  វាមិនមែនជាកម្មវត្ថុនៃការដឹកនាំរដ្ឋប្រកបដោយគុណតម្លៃសម្រាប់អ្នកប្រាកដនិយមនោះទេ។

 

ហេតុអ្វីនិស្សិតគួរយល់ដឹងអំពីទ្រឹស្តីប្រាកដនិយម?

ជាការពិតនិស្សិតដែលបានសិក្សាអំពីទ្រឹស្តីបទនេះ ប្រហែលជាអាចមានភាពច្បាស់លាស់នឹងអាចមានលទ្ធភាពក្នុងការពិនិត្យ ឬវិភាគលើការដឹកនាំរដ្ឋនិងការសម្រេចចិត្តរបស់មេដឹកនាំខ្លួនជាពិសេសលើការសម្រេចចិត្តលើគោលនយោបាយការបរទេស ដែលកំពុងកើតឡើងនៅលើពិភពលោក។ ក៏ប៉ុន្តែសម្រាប់និស្សិតដែលពុំបានសិក្សាយល់ដឹងស៊ីជម្រៅទៅលើទ្រឹស្តីបទនៃទំនាក់ទំនងអន្តរជាតិ ចង់មិនចង់ប្រហែលនឹងពិបាកក្នុងការវិភាគ​ឱ្យបានស៊ីជម្រៅទៅលើព្រឹត្តិការណ៍ ប្រសិនណាបើពួកគេពុំបានយល់ដឹង​ឱ្យច្បាស់អំពីគោលដៅ ឬគោលនយោបាយនៃរដ្ឋនីមួយៗ និងគំនិតរបស់អ្នកអ្នកដឹកនាំនោះទេ។ ការសិក្សាទ្រឹស្តីប្រាកដនិយម គឺជាវិធីដ៏ល្អមួយសម្រាប់និស្សិតដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសកល និងបញ្ហាការប្រកួតប្រជែកអំណាចរវាងមហាអំណាចនិងមហាអំណាច ឬមហាអំណាចជាមួយប្រទេសតូចៗ។

 

ត្បិតអី ការយល់ដឹងអំពីភាពប្រាកដប្រជារបស់ថ្នាក់ដឹកនាំអាចផ្តល់នូវសូចនាករ សម្រាប់និស្សិតធ្វើការវិភាគបានលម្អិតក៏ដូចជាផ្តល់ភាពងាយស្រួលដល់និស្សិតដើម្បីក្តោបព័ត៌មានបានច្បាស់។ អ្វីដែលពិសេសជានេះទៅទៀត ការយល់ដឹងអំពីទ្រឹស្តីមួយនេះ វាអាចនឹងជួយពង្រឹងផ្នែកវិភាគបែបតក្តវិជ្ជាឬធ្វើការសំយោគអំពីធម្មជាតិនៃមេដឹកនាំនឹងការប្រព្រឹត្តិទៅនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។ បន្ថែមទៅទៀត ការសិក្សាស៊ីជម្រៅអំពីទ្រឹស្តីមួយនេះ វាក៏អាចជួយពង្រីកការយល់ដឹងអំពីដំណើរនៃប្រព័ន្ធដឹកនាំរដ្ឋ មានភាពច្បាស់លាស់ជាមួយមេដឹកនាំប្រទេសខ្លួន និងមានគំនិតបែបតក្កវិជ្ជាច្រើនក្នុងការបកស្រាយអំពីព្រឹត្តិការណ៍ពិភពលោក ឬបង្ហារាំរ៉ៃនៃសង្រ្គាម ក៏ដូចជាការយល់ដឹងអំពីមហិច្ចតារបស់មហាអំណាចក្នុងការយករដ្ឋតូចៗធ្វើជាកូនអុកសម្រាប់ប្រជែងគ្នាក្នុងជម្លោះដឹកនាំពិភពលោក៕

 

ដោយ៖ លោក ជា សំអៀង អ្នកនិពន្ធអត្ថបទ​ The Thinker Cambodia និងនិស្សិតទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។​​