អ្វីទៅជា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន?

Share this article to

ជារៀងរាល់ឆ្នាំ ប្រទេសជាសមាជិកអាស៊ានតែងតែផ្លាស់ប្តូរវេនគ្នាធ្វើជាប្រធានទៅតាមលំដាប់លំដោយអក្ខក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់ពួកគេ។​ ប្រធានអាស៊ានមានតួនាទីដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធផ្សេងទៀតដូចជា៖ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន, ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី គណៈរដ្ឋមន្ត្រីពាក់ព័ន្ធវិស័យអាស៊ាននិងមន្ត្រីជាន់ខ្ពស់ និងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍។

 

ក្នុងចំណោមកិច្ចប្រជុំខាងលើ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានតែងតែប្រព្រឹត្តិដំបូងគេសម្រាប់ប្រធានអាស៊ានប្តូរវេនថ្មី។ ដូច្នេះ តើអ្វីទៅជាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន? តើវាមានដើមកំណើតតាំងពីពេលណា? ហើយអ្វីទៅជាគោលបំណងសំខាន់នៃកិច្ចប្រជុំនេះ?

 

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាកិច្ចប្រជុំដែលប្រព្រឹត្តទៅនៅកន្លែងមិនផ្លូវការ វាអំណោយផលដល់ការផ្លាស់ប្តូរមតិដោយស្មោះត្រង់ និងច្បាស់លាស់ពិតជាក់ស្តែង។ កិច្ចប្រជុំបែបនេះបានក្លាយជាទីកន្លែងដ៏ល្អសម្រាប់ប្រទេសសមាជិកអាស៊ានអាចលើកយកបញ្ហា លំបាកៗ និងសំខាន់ៗដែលជះឥទ្ធិពលមកលើតំបន់និងសមាជិកអាស៊ានយកមកពិភាក្សា។

 

កិច្ចប្រជុំនេះមានដើមកំណើតចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៣២ នៅថ្ងៃទី២៣-២៤ ខែកក្តដា ឆ្នាំ១៩៩៩ នៅលើកោះសេនតូសា ប្រទេសសង្ហបុរី។

 

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោះប្រជុំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន​ដាច់ដោយឡែកពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាលើកដំបូង។ ​ក្រោយមក អាស៊ានបានរក្សាររបៀបនៃកិច្ចប្រជុំនេះដោយមានការកោះប្រជុំជារៀលឆ្នាំដោយប្រធានអាស៊ានជាធម្មតា គឺតែងតែប្រព្រឹត្តទៅនៅដើមឆ្នាំ។

 

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានកំណត់និន្នាការសម្រាប់ស្ថាប័នអាស៊ានផ្សេងទៀត រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន(AEM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ដែលសុទ្ធតែរៀបចំកិច្ចប្រជុំរៀងៗខ្លួន។ វេទិកាតំបន់អាស៊ាន (ARF) និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក៏រួមបញ្ចូលទម្រង់កិច្ចប្រជុំចង្អៀតសម្រាប់ការពិភាក្សាបិទជិតររបស់ពួកគេ។ គោលបំណងនៃកិច្ចប្រជុំចង្អៀតនេះ គឺអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទស្សនៈដោយសេរី ដែលជារឿងសំខាន់ដើម្បីធានាបាននូវក្រៅផ្លូវការ និង​ មានភាពជាក់ស្តែងច្រើន ។​

 

កិច្ចប្រជុំនេះមានលក្ខណៈពិសេសដូចជា៖

(ក)​ ការមិនបញ្ចូលរបៀបវារៈផ្លូវការចូលទៅក្នុងកិច្ចប្រជុំចង្អៀត។ ផ្ទុយមកវិញ ប្រធានអាស៊ាន តែងតែបញ្ចូលបញ្ជីជាក់លាក់នៃប្រធានបទដែលត្រូវជាចំនុចចាប់ផ្តើមសម្រាប់កិច្ចពិភាក្សា។

(ខ) ការចូលរួមគឺសម្រាប់តែរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីបូកមួយ (មន្ត្រីជាន់ខ្ពស់ ឬអ្នកបកប្រែ) និងអគ្គលេខាធិការអាស៊ាន។ ការរំពឹង​ទុក​គឺ​ថា​ពួកគាត់នៅ​ឆ្ងាយ​ពី​ក្រខ្សែភ្នែក​របស់​គណៈប្រតិភូ​ផ្លូវការ​ធំៗ ដែលអាចអនុញ្ញាតឱ្យរដ្ឋមន្ត្រី​​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​មុន និង​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បញ្ចេញ​ទស្សនៈ។

​(គ) មិនមានរបាយការណ៍ផ្លូវការទេសម្រាប់កិច្ចប្រជុំនេះទេ គឺធ្វើឡើងដើម្បីធានាឲ្យបាននូវកម្រិតនៃសុខុមាលភាពសម្រាប់រដ្ឋមន្ត្រីក្នុងការបំផុសគំនិត ចេតនា និងសូម្បីតែការពិភាក្សា។ ប្រធានអាស៊ាន មានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន នឹងរៀបចំសេចក្តីសង្ខេបនៃចំណុចសម្រាប់តាមដានក្នុងករណីចាំបាច់។

 

ថ្មីៗនេះ មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់អាស៊ានបានកើតឡើង ចំពេលនៃការគ្រងដំណែងជាអាស៊ានប្តូរវនលើកទី៣របស់កម្ពុជា។​ បន្ទាប់ពីទទួលសិទ្ធពេញលេញជាប្រធានអាស៊ាន នៅថ្ងៃ០១ ខែមករា ឆ្នាំ២០២២មក កម្ពុជាបានរំពឹងថានឹងរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២។

 

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ នៅក្នុង «បាឋកថាអាស៊ានលើកទី២៣៖ស្តីពីភាពប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» ដែលរៀបចំដោយវិទ្យាស្ថាន Yusof Ishak ថាកិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដ៏សំខាន់លើកដំបូងគេ ដើម្បីពិភាក្សាលើកាអនុវត្តទៅលើការសម្រេចចិត្ត និងផែនការដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន និងជាឱកាសដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីដែលនឹងជំរុញការកសាងសហគមន៍អាស៊ានបន្ថែមទៀត។

 

ជាអកុសលកិច្ចប្រជុំនេះត្រូវបានពន្យាពេលដោយមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ថានឹងប្រព្រឹត្តទៅនៅពេលណានោះទេ។ ជុំវិញបញ្ហានេះ ឯកឧត្តម កុយ​ គួង អ្នកនាំពាក្យក្រសួងការបរទេស​និងសហប្រត្តិបត្តការអន្តរជាតិបានបង្ហើបឱ្យដឹងថា មូលហេតុនៃការពន្យាពេលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានគឺដោយសាររដ្ឋមន្រ្តីភាគច្រើនមានការលំបាកក្នុងការធ្វើដំណើរដើម្បីមកចូលរួមប្រជុំ និងមានភារកិច្ចបន្ទាន់ដែលត្រូវដោះស្រាយចំពោះមុខ។ លោកក៏បានបន្ថែមទៀតថា សម្រាប់កាលបរិចេ្ឆទថ្មីនៃកិច្ចប្រជុំនិងជម្រាបជូនតាមក្រោយនៅពេលដែលរដ្ឋមន្រ្តីទាំងអស់អាចចួលរួមបាន។​ទាក់ទងទៅនិងប្រធានបទនេះអ្នកវិភាគក្នុងស្រុកនិងក្រៅស្រុកមានការយល់ឃើញស្រដៀងគ្នាដែល​ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យខាងលើ។ ពួកគេយល់ឃើញថា ហេតុផលខាងលើគ្រាន់តែជាលេសក្នុងន័យពាក្យការទូតជាជាងការប្រើពាក្យពហិការមិនចូលរួមកិច្ចប្រជុំតែប៉ុណ្ណោះ។ ​នេះគឺដោយសារតែកិច្ចប្រជុំអាចនឹងមានវត្តមានរដ្ឋមន្រីការបរទសនៃរបបសឹកភូមា។​

 

ជារួម កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងសម្រាប់ប្រធានអាស៊ានដែលតែងតែប្រារព្ធរៀងរាល់ពេលដើមឆ្នាំ ដែលអាចផ្តល់នូវការមើលទុកជាមុនអំពីរបៀបវារៈរបស់អាស៊ានសម្រាប់រយៈពេលពេញមួយឆ្នាំ ហើយក៏ជាការចាប់ផ្តើមដំណើរការរបស់អាស៊ានដើម្បីរៀបចំកិច្ចប្រជុំលើកដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានដែលជាធម្មតាធ្វើឡើងនៅក្នុងខែមេសា។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រធានអាស៊ាននឹងចែករំលែកអំពីបញ្ហាអាទិភាព និងអ្វីដែលអាចសម្រេចបាន ទៅកាន់រដ្ឋមន្រ្តីផ្សេងទៀត ដើម្បីប្រមូលផ្តុំការគាំទ្ររបស់ពួកគេសម្រាប់របៀបវារៈប្រចាំឆ្នាំ។ យ៉ាងណាម៉ញ វាពិតជារឿងគួរឱ្យសោកស្តាយដែលកម្ពុជាមិនអាចរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដូចដែលបានគ្រោងទុកហើយក៏មិនដឹងពីកាលបរិច្ឆេទច្បាស់លាស់ថានឹងប្រារព្ធនៅពេលណានោះដែរ។ សង្ឃឹមថាកម្ពុជានឹងអាចរកដំណោះស្រាយចេញនិងធ្វើការសម្របសម្រួលជាមួយភាគីដែលពាក់ព័ន្ធដើម្បីកោះប្រជុំកិច្ចប្រជុំនេះឡើងវិញម្តងទៀតក្នុងពេលឆាប់ៗនេះ៕

 

ដោយ៖ លោក ដាំង ដាំរ៉ុង អ្នកនិពន្ធអត្ថបទ The Thinker Cambodia និងនិស្សិតជំនាញទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។