តើអ្វីទៅជាអ្នកនយោបាយប្រជានិយម?

Share this article to

 

នៅក្នុងឆាកនយោបាយមិនថានៅប្រទេសដែលដើរតាមគន្លងប្រជាធិបតេយ្យ ឬកុម្មុយនីយ៍ អ្នក នយោបាយប្រជានិយមតែងតែរិះរកគំនិតយុទ្ធសាស្រ្តនយោបាយ ដើម្បី ទាក់ទាញបស់ប្រជាពលរដ្ឋ ​ឱ្យស្លុងដើរតាមមាគ៌ានយោបាយរបស់ខ្លួន ដោយការសន្យាជាមួយដំណោះស្រាយបែបងាយៗមិនមានបែបផែនជាគោលនយោបាយសាធារណៈ។ ការធ្វើដូចនេះ ដើម្បីទាក់ទាញសម្លេង ឆ្នោតពីសំណាក់ប្រជាពលរដ្ឋ ដើម្បីអ្នកនយោបាយនោះមានឪកាសកាន់អំណាចគ្រប់គ្រងរដ្ឋ។

 

ជាងនេះទៅទៀត អ្នកប្រជានិយមអាចទទួលជោគជ័យ តាមរយៈការបង្កើតព្រឹត្តិការណ៍មនុស្សធម៌ ដែលពេលខ្លះសម្តែងបង្ហាញអំពីគុណធម៌ ការស្រលាញ់មាតុប្រទេស ស្រលាញ់សមភាព ស្រលាញ់ច្បាប់ ការលះបង់ផលប្រយោជន៍ខ្លួនឯង ដើម្បីផលប្រយោជន៍សាធារណៈព្រមដោយការឃោសនាបែបវោហាសាស្រ្តស្នេហាជាតិលាយដោយពាក្យស្លោកជាតិនិយមផ្សេងៗ។

 

ដូច្នេះតើអ្វីទៅជាប្រជានិយម (Populism)? ហើយហេតុដូចម្តេចបានជាទ្រឹស្តីបទនេះ បានក្លាយជា ធាតុផ្សំដ៏សំខាន់សម្រាប់អ្នកនយោបាយ សម្រាប់ ធ្វើជានុយក្នុងការធ្វើការឃោសនានយោបាយរកសន្លឹកឆ្នោត? ។ ដូច្នេះអត្ថបទនេះនឹងធ្វើការបកស្រាយពន្យល់អំពីទ្រឹស្តី និងដំណើរប្រព្រឹត្តិទៅនៃអត្តចរិតរបស់អ្នកនយោបាយប្រជានិយម។

 

ពីទ្រឹស្តីឆ្ពោះទៅកាន់ការឃោសនា

មែនទែនទៅទ្រឹស្តីប្រជានិយមនេះ អាចថាមិនមានអ្វីខុសអ្វីប្លែកពីទ្រឹស្តីនៃមនោគមន៍វិជ្ជាដទៃទៀត ដូចជា ទ្រឹស្តីជាតិនិយម សង្គមនិយម រាជានិយម ស្រី្តនិយម ប្រាកដនិយម សេរីនិយមនោះទេ។ តែពេលខ្លះវាស្ទើរតែលំបាកក្នុងការកំណត់និយមន័យ ឬ​ការ​ចាត់​ថ្នាក់​គោល​គំនិតថា តើ​វា​ជា​មនោគមវិជ្ជា សុន្ទរកថា ឬ​ជាយុទ្ធសាស្ត្រ?  ក៏ប៉ុន្តែជារួម ទ្រឹស្តីប្រជានិយមនេះតែងបង្ហាញស្តែង​ឱ្យឃើញតាមរយៈទម្រង់ពីរដែលអ្នកសិក្សាអាចកំណត់ឲ្យនិយមន័យបានគឺ ទី១«ជាប្រត្យក្សទ្រឹស្តីនេះតែងស្តែងចេញពីមាត់បុគ្គលអ្នកដឹកនាំដែលនិយមសប្បុរសធម៌ និយាយទាមទារក្នុងនាមមនុស្សសាមញ្ញជន ដើម្បីប្រយោជន៍ពលរដ្ឋ» ។ ទី២គំនិតនោះត្រូវតែលេចចេញប្រឆាំងពួកឥស្សរៈជន (elites) ដើម្បីរារាំងពីការសកម្មភាពនយោបាយប្រយោជន៍ឯកជនរបស់ពួកគេ។ និយាយដោយខ្លី ទ្រឹស្តីនេះមានខ្លឹមសាររួមមួយក្នុងគោលដៅប្រឆាំងពួកសក្តិភូមិឬឥស្សរជន (elites) ដើម្បីបុព្វហេតុសេចក្តីត្រូវការរបស់ពលរដ្ឋ។ មានន័យថា ពួកអ្នកនយោបាយប្រជានិយមតែងសម្លឹងនឹងស្តាប់រាល់មតិរិះគន់របស់ពលរដ្ឋ សេចក្តីត្រូវការរបស់ពលរដ្ឋ និង អ្វីដែលពលរដ្ឋមិនចូលចិត្ត។ ពួកគេតែងលើកយកមកធ្វើងវេទិការពិភាក្សានយោបាយ ដើម្បីដោះស្រាយស្វែងរកដំណោះស្រាយមួយណាមួយដែលពលរដ្ឋចង់បាន​ បើទោះបីជាពួកគេមិនអាចធ្វើបានក៏ដោយ។

 

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកវិទ្យាស្រ្តនយោបាយនឹងអ្នកនិពន្ធសៀវភៅ (Populism) លោក Cas Mudde​ សន្មត់ថាប្រជានិយមនេះជា«មនោគមវិជ្ជាស្តើង(Thin Ideology» ​ដែល​យល់ថាទីបំផុតនៃសង្គមមានការបំបែកទៅជាក្រុមដែលមានលក្ខណៈ ដូចគ្នាឬប្រឆាំងគ្នារវាងក្រុម “ប្រជាជនបរិសុទ្ធ (pure people)” ធៀបនឹង “ឥស្សរជនពុករលួយ (corrupt elite)” ហើយដែលសម្តែងចំណោទឬមតិថានយោបាយគួរតែជាការបង្ហាញនៃឆន្ទៈទូទៅរបស់ប្រជាជន។ ជារួម លទ្ធិប្រជានិយមនេះ ជាធម្មតារិះគន់ទៅលើតំណាងនយោបាយ និងអ្វីៗដែលសម្របសម្រួលទំនាក់ទំនងរវាងប្រជាជន និងមេដឹកនាំ ឬរដ្ឋាភិបាលរបស់ពួកគេ។ ជារួម ប្រជានិយមភាគច្រើនជារចនាបទប្រជាប្រិយនៃនយោបាយ ដែលមេដឹកនាំ និងគណបក្សប្រើប្រាស់ ដើម្បីគៀងគរប្រមូលផ្តុំមហាជន។

 

អត្តចរិតរបស់អ្នកនយោបាយប្រជាភិថុត

អត្តចរិតអ្នកនយោបាយប្រជានិយមតែងស្តែង​ឱ្យឃើញតាមរយៈការធ្វើសុទ្ទរកថា ដែលពោរពេញដោយក្តីសុបិនវែងឆ្ងាយដែលពេលខ្លះក្តីសុបិននោះបង្កប់ដោយការកុហក (lying) និងបោកប្រាស់(deceptive) ព្រោះពួកគេយល់ថាពលរដ្ឋងាយនឹងជឿនូវអ្វីដែលអ្នកនយោបាយបាននិយាយ តាមរយៈការសន្យាដែលពោលស្តែងៗ តាមការឃោសនា​ឬពាក្យស្លោកគណៈបក្សជាដើម។  មែនទែនទៅ ចរិតអ្នកនយោបាយប្រជាភិថុតនិយមតែងព្យាយាមបង្ហាញផ្តល់នូវដំណោះស្រាយងាយៗយកមកដោះស្រាយបញ្ហាជាតិជាប្រព័ន្ធ ដោយសន្យាជាមួយពលរដ្ឋថាពួកគេនឹងធ្វើគ្រប់យ៉ាងឲ្យបានសម្រេចដូចអ្វីដែលគេនិយាយ បើទោះបីជាការពិតពួកគេមិនអាចដោះស្រាយបានពេលបានទទួលអំណាចគ្រប់គ្រងប្រទេសក៏ដោយ។ ក្នុងន័យម្យ៉ាងទៀត អ្នក នយោបាយទាំងនោះតែងតែប្រើនុយជាពាក្យពេចន៍ បែបប្រយោគពាក្យស្លោកជាតិនិយម  ៖ ឧទាហរណ៍ដូចជា«ធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យសារជាថ្មី» ដែលប្រធានាធិបតី ឌូណាល់ត្រាំ តែងពោលពេលធ្វើសុន្ទរកថាម្តងៗដើម្បីជំរុញឲ្យពលរដ្ឋអាមេរិកគិតគូរអំពីជាតិនិយមរបស់ខ្លួនឡើងវិញ និង ដូចជាលោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​បានសន្យានឹង​បញ្ជា​​ឱ្យប៉ូលិស​របស់​លោក​កាត់ទោស​អ្នក​ជួញដូរ​គ្រឿងញៀន នឹងក្នុងកំឡុងពេលដែលពលរដ្ឋអង់គ្លេសបោះឆ្នោតដើរចេញពីសមាជិកអឺរ៉ុបជាដើមជាឧទាហរណ៍។​

 

ដូច្នេះ អ្នកនយោបាយប្រជានិយមគឺជាអ្នកនយោបាយមានវិវត្តន៍លឿន អាចបត់ប៉ែនរហ័សទៅតាមស្ថានការជាក់ស្តែងនៃនយោបាយក្នុងប្រទេស។ ពួកគេព្យាយាមធ្វើយ៉ាងណារកវិធីសាស្រ្ត ខិតខំអំពាវនាវ ដល់ប្រជាជនសាមញ្ញ ដែលមានអារម្មណ៍ថាការព្រួយបារម្ភរបស់ពួកគេមិនត្រូវបានយកចិត្តទុកដាក់ដោយក្រុមឥស្សរជនដើម្បីដោះស្រាយជូនពួកគេ។

 

ដោយ៖ លោក ជា សំអៀង និស្សិតទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។​​
រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។