តើអ្វីទៅជាឥទ្ធិពលចិននៅពីក្រោយភាពជោគជ័យរបស់ឡាវ?

Share this article to

 

ប្រែ​ក្លាយពីប្រទេស​ក្រីក្រ​និងអភិវឌ្ឍន៍តិចតួចបំផុតមួយនៅ​តំបន់​អាស៊ីអាគ្នេយ៍ ឡាវកំពុងរើខ្លួនបន្តិចម្តងៗ បោះជំហានទៅរក​ការ​បញ្ចប់​ពី​ស្ថានភាព​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច។ ផ្តើមចេញពី​ប្រទេស​ដី​គោក​ដែលគ្មានបណ្តាញតភ្ជាប់ច្រើន ពេលនេះ​ឡាវបាននឹងកំពុងប្រែក្លាយទៅជាប្រទេសដែលមានបណ្តាញ​តភ្ជាប់ដែល​ទាញ​យក​អាជីវកម្ម​ថ្មី​ពី​បណ្តាញ​ខ្សែ​រថភ្លើង ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​បានកាន់​តែ​ច្រើន។

 

ថ្មីៗនេះ​ ឡាវបានបំបែកកំណត់ត្រារបស់ខ្លួនជាលើកដំបូង​ ដែលការនាំចេញផលិតផលមានទំហំធំជាងការនាំចូល ។ គិតត្រឹមក្នុងខែកញ្ញា ឡាវទទួលបានទំហំពាណិជ្ជកម្មសរុប ៧៧៧ លានដុល្លារ ($777 million), ដោយការនាំចេញមានចំនួន ៤៤៧ លានដុល្លារ ($447 million) ខណៈការនាំចូលមានតម្លៃត្រឹម ៣៣០ លានដុល្លា ($330 million) ប៉ុណ្ណោះ។ បើធៀបនឹងតម្លៃនៃការនាំចូលនិងនាំចេញ ក្នុងខែសីហាកន្លងទៅសម្រេចបានប្រមាណ៨៨០លានដុល្លារអាមេរិក ($880 million)។ ក្នុងនោះតម្លៃនៃការនាំចេញមានប្រមាណ ៤២៨ លានដុល្លារអាមេរិក($428 million) និងតម្លៃនាំចូលមានប្រហែល ៤៥២ លានដុល្លារអាមេរិក ($452 million) និងឱនភាពពាណិជ្ជកម្មមានប្រមាណ ២៤ លានដុល្លារអាមេរិក($ 24 million)។ ចំនួននេះបង្ហាញទំហំនៃការនាំចេញនៅតែរក្សាបានតុល្យភាព​ ខណៈដែលការនាំចូលមានការធ្លាក់ចុះក្នុងខែកញ្ញា ដែលជាសញ្ញាល្អសម្រាប់ឡាវ។

 

​​ក្រៅពីទទួលបានជោគជ័យលើទំហំពាណិជ្ជកម្មនាំចេញ គម្រាងផ្តើមដំណើរការរថភ្លើងល្បឿនលឿនចិន- ឡាវក៏នឹងចាប់ផ្តើមបើកដំណើរការនៅខែធ្នូ ២០២១ ខែមុននេះដែរ។ ទាំងនេះគឺជាសញ្ញាណថ្មីមួយដើម្បីរុញច្រានសេដ្ឋកិច្ចឡាវឲ្យកាន់តែរីកលូតលាស់ខ្លាំងបន្ថែមមួយកម្រិតទៀតក្នុងតំបន់។ អ្វីដែលគួរអោយរំលឹកនោះ​ក្រៅពីភាពជោគជ័យរបស់ឡាវ តួរអង្គដ៏សំខាន់ពីក្រោយមួយដែលគេមិនអាចមើលរំលងនោះគឺ ចិន។​ ដូច្នេះ តើអ្វីទៅជាឥទ្ធិពលរបស់ចិននៅពីក្រោយភាពជោគជ័យរបស់ឡាវ?​តើគោលនយោបាយរបស់ចិនជះឥទ្ធិពលអ្វីខ្លះដល់ការអភិវឌ្ឍរបស់ឡាវ?

 

ជាប្រត្យក្សក្នុងរបៀបវារៈនៃការអភិវឌ្ឍសម្រាប់ប្រទេសតូចៗនិងក្រីក្រ គេមិនអាចមិនរួមបញ្ចូលដៃគូរសហប្រតិបត្តិការ​ជាមួយប្រទេសធំៗដូចជាអាមេរិក ចិន ឬ ជប៉ុនបានឡើយ។ ​ គេត្រូវទទួលស្គាល់ថាចិនសព្វថ្ងៃ មិនមែនចិន១០០ឆ្នាំមុនទេ។ មេដឹកនាំចិនបច្ចុប្បន្ន គឺចង់ប្រែក្លាយចិនជាប្រទេសមហាអំណាចផុតលេខរបស់ពិភពលោក។ ដើម្បីបំពេញមហិច្ឆតានេះ ចិនបានពង្រឹងនិងពង្រីកនូវអំណាចនិងឥទ្ធិពលរបស់ខ្លួនលើប្រទេសតូចៗ​ តាមរយៈការអនុវត្តន៍គោលនយោបាយការបរទេស។ ឧទាហណ៍ថ្មីៗនេះ ចិនបានសម្រេចគោលនយោបាយយុទ្ធសាស្រ្តផ្លូវនិងខ្សែក្រវាត់លើគម្រោងរថភ្លើងល្បឿនលឿនចិន-ឡាវ ស្ទើរតែមួយរយភាគរយ។ ស្ថិតក្រោមហេតុផលពីរដែលបង្ហាញថា ចិនមានឥទ្ធិពលខ្លាំងពីក្រោយភាពជោគជ័យរបស់ឡាវ។

 

ទីមួយ ​ហេតុផលនៃការវិនិយោគ។ ចិនគឺជាប្រទេសដែលវិនយោគច្រើនបំផុតក្នុងប្រទេសឡាវ។ មន្ត្រីឡាវបាននិយាយថា ចិននៅតែជាវិនិយោគិនបរទេសធំជាងគេនៅក្នុងប្រទេសឡាវ ដោយបានអនុវត្តគម្រោងសរុបចំនួន ៨១៣ ដែលមានតម្លៃជាង ១៦ ពាន់លានដុល្លារអាមេរិក ( $ 16 billion) ដែលស្មើរនឹង ៧៩ ភាគរយនៃវិនិយោគទន់បរទេសសរុបនៅក្នុងប្រទេសឡាវ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនចិនបានបោះទុនរាប់ពាន់លានដុល្លារលើ ការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស ទំនប់វារីអគ្គិសនី សាលារៀន មន្ទីពេទ្យយោធា សួនឧស្សាហកម្ម រថភ្លើងល្បឿនលឿនចិនងល្បើហកម្ម រថល្ក ដែលប្រីលង្កា

្ល​-ឡាវ និង គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ (large-scale infrastructure projects)។ កាលពីខែ កញ្ញា ២០២០ កន្លងទៅឡាវបានអនុញ្ញាតឱ្យក្រុមហ៊ុនចិនគ្រប់គ្រងចំណែកភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុនអគ្គិសនីរបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងចែកចំណែកភាគហ៊ុនអគ្គិសនីរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋ Electricite du Laos (EdL) របស់ឡាវ និងក្រុមហ៊ុនចិន China Southern Power Grid Co។​​ លើសពីនេះទៅទៀត ក្រុមហ៊ុនរដ្ឋឡាវនិងក្រុមហ៊ុនចិនន បានព្រមព្រៀងគ្នាបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Electricite du Laos Transmission Company Limited​ (DELT) ដោយក្នុងនោះ ភាគហ៊ុនធំគ្រប់គ្រងក្រុមហ៊ុនថ្មីនេះ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិន។ ក្រុមហ៊ុនថ្មីនេះបានវិនិយោគទឹកប្រាក់ប្រហែល២ពាន់លានដុល្លារអាម៉េរិក ទៅលើការតភ្ជាប់បណ្ដាញអគ្គិសនីក្នុងស្រុក និងទៅក្រៅស្រុក។

 

ទីពីរ ហេតុផលនៃបំណុល។ បើទោះបីជាថ្មីៗនេះឡាវលេចឡើងនៅសញ្ញាណល្អសម្រាប់ខ្លួន គេក៏មិនអាចបំភ្លេចចោលបាននូវបំណុលដ៏លើសលុបពីចិនបានឡើយ។ ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬ​ស្ថាប័នអន្តរជាតិដទៃទៀត។ តាមរបាការណ៍សិក្សាថ្មីមួយបានបង្ហាញថា បំណុលយ៉ាងហោចណាស់ ៣៨៥ពាន់លានដុល្លារ ដែលប្រទេសផ្សេងៗជំពាក់ប្រទេសចិនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះមួយភាគបីគឺស្ថិតនៅក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ មានការលើកឡើងជាច្រើនទាក់ទងនឹងបញ្ហានេះ ដោយចាត់ទុកថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ ការទូតអន្ទាក់បំណុល ដើម្បីបានចំណេញប្រយោជន៍ផ្នែកយុទ្ធសាស្ត្រទៅលើបណ្ដាប្រទេសនានា ដែលកំពុងជួបការលំបាកក្នុងការសងបំណុលដែលខ្ចីនៅក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់និងផ្លូវ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

 

ក្នុងចំណោមប្រទេសទាំងនោះ ឡាវបានវិនិយោគថវិកាទៅលើគម្រោងវារីអគ្គិសនីដែលភាគច្រើនគាំទ្រដោយកម្ចីថវិកាពីចិន ដែលវាបានក្លាយជាចំណុចស្នូលនៃបញ្ហាបំណុល។ គិតត្រឹមខែធ្នូឆ្នាំ ២០១៩ បំណុលខាងក្រៅរបស់ឡាវមានចំនួនជិត ៩,៩ពាន់លានដុល្លារនៅពេលដែលផលិតផលក្នុងស្រុកសរុបរបស់ខ្លួនក្នុងរយៈពេលដូចគ្នាមានចំនួន១៨,៩ពាន់លានដុល្លារ ($18,9 billion) ដែលធ្វើឱ្យបំណុលខាងក្រៅរបស់ខ្លួនស្ទើរតែ ៥២% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ការសិក្សារបស់ធនាគារពិភពលោកបង្ហាញថាសម្រាប់ឆ្នាំ ២០២០ បំណុលខាងក្រៅរបស់ឡាវអាចឡើង ៦៩% នៃផលិតផលក្នុងស្រុកសរុប ដែលនេះ ដែលនេះជាសញ្ញាហានិភ័យមួយដល់ប្រទេសឡាវ។

 

ម្យ៉ាងវិញទៀត របាយការណ៍​ក្នុង​ឆ្នាំ២០១៨​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍ​ជា​សាកល​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ដាក់​ ​ឡាវ​ក្នុង​បញ្ជី​ប្រទេស​ទទួល​យក​គម្រោង BRI ​ដែល​ប្រឈមមុខ​នឹង​ហានិភ័យ​បំណុល​ខ្ពស់​បំផុត។ កាលនោះ ​វិទ្យាស្ថាន Lowy ក្នុង​ប្រទេស​អូស្ត្រាលី​បាន​សរសេរ​ថា ​ឡាវ​ជំពាក់​បំណុល​ចិន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​បំណុល​បរទេស​ដែល​ឡាវ​ជំពាក់។ បំណុល​នោះ​មាន​ចំនួន​ប្រមាណ​ជា​៤៥%​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗ​ចំនួន​៩ទៀត​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ បំណុល​ភាគច្រើន​គឺ​ខ្ចី​ដើម្បី​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​រថភ្លើងនេះ។​

 

រដ្ឋាភិបាល​ឡាវ​បាន​ខ្ចី​ប្រាក់​ប្រមាណ​ជា​១ពាន់​៥រយ​លាន​ដុល្លារ ($1.5 billion) ​ពី​ធនាគារ Export-Import Bank of China ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ ដើម្បី​ជួយ​រួម​បដិភាគ​ចំនួន​៣០%​សម្រាប់​គម្រោង​នេះ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អំពី​អាស៊ាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

 

សរុបមក​ តាមរយៈការវិនិយោគនិងអន្ទាក់បំណុលដែលចិនបានផ្តល់អោយឡាវ វាគឺជាហេតុផលចម្បងពីរដែលបង្ហាញថាចិនគឺមានឥទ្ធិពលខ្លាំង និងជះឥទ្ធិពលលើឡាវទាំងផ្នែកវិជ្ជមាននិងអវិជ្ជមាន។វិជ្ជមានត្រង់ថា​ការវិនិយោគដ៏សម្បើមរបស់ចិនអាចធ្វើអោយសន្ទុះសេដ្ឋកិច្ចឡាវលោតឡើងគួរអោយកត់ស្គាល់។អវិជ្ជមានត្រង់ថាការអភិវឌ្ឍរបស់ឡាវគឺភ្ជាប់ដោយកម្ចីបំណុលចិន។ មកទាល់ពេលនេះ​ មិនទាន់មានសញ្ញាណណាមួយបង្ហាញថា ឡាវនិងអាចរើសខ្លួនរួចពីបំណុលនេះបាននៅឡើយ បើទោះបីគម្រោងផ្លូវរថភ្លើងល្បឿនលឿនទទួលបានជោគជ័យ។  អាចនិយាយម្យ៉ាងទៀតថា អនាគតឡាវអាចមានវាសនាស្រដៀងគ្នានឹងស្រីលង្កាកាលពីឆ្នាំ២០១៧ ដែលប្រទេសនេះបានចុះហត្ថលេខាលើកិច្ចសន្យាលក់កំពង់ផែនៅតំបន់​ទឹកជ្រៅ Hambantota ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស្រីលង្កា ដើម្បីយកប្រាក់ដែលបានមកពីការលក់កំពង់ផែ នោះ ទៅសងបំណុលបរទេស ដែលនៅក្នុងនោះ មានមួយភាគជាបំណុលពីប្រទេសចិន៕

 

ដោយ៖ លោក គិន​ ផល្លា អ្នកនិពន្ធរបស់ The Thinker Cambodia និងនិស្សិតឆ្នាំទី៣ជំនាញនីតិសាស្រ្តជាភាសាអង់គ្លេសនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធ មិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។