តើ AUKUS មានអត្ថន័យយ៉ាងណាចំពោះអាស៊ាន?

រីម សុខវី | 4 October 2021 |
Share this article to

 

អាស៊ីអាគ្នេយ៍បានក្លាយជាសមរភូមិនៃការប្រកួតប្រជែងមហាអំណាចយ៉ាងខ្លាំងខ្លា បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តោតសំខាន់ទៅលើគោលនយោបាយការបរទេសរបស់ខ្លួនមកអាស៊ីនៅឆ្នាំ ២០១១ តាមរយៈគោលនយោបាយដែលគេហៅថា “​ការវិលត្រលប់មកអាស៊ី”​ (pivot to Asia)​ នៅក្នុងរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា។ តែទោះបីជាយ៉ាងនេះក្តី ការវិលត្រលប់នៅពេលនោះ គឺនៅមានកម្រិត ដោយសារតែអាមេរិកនៅតែបន្តពឹងសម្ព័ន្ធមិត្តចាស់របស់ខ្លួនដដែលដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដើម្បីទប់ទល់នូវឥទ្ធិពលមហាអំណាចចិន។

 

ការបង្កើត AUKUS ដែលជាសន្ធិសញ្ញាសន្តិសុខត្រីភាគីរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដោយផ្តោតសំខាន់ទៅលើសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញអោយឃើញអំពីការងើបខ្លាំងឡើងរបស់ចិននៅអាស៊ី ជាពិសេសនៅអាស៊ីអាគ្នេយ៍។ មានមតិមួយចំនួនលើកឡើងថា វាអាចនឹងបង្កជាហានិភ័យដល់អនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅក្នុងអាស៊ី។ បញ្ហានេះក៏បង្ហាញផងដែរថា សហរដ្ឋអាមេរិក នឹងផ្តល់ការយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនមកលើ តំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍។

 

ការប្តេជ្ញាចិត្តរបស់អាមេរិកបង្ហាញឱ្យតាមរយៈកិច្ចព្រមព្រៀងផ្តល់នាវាមុជទឹក ដើរដោយថា​មពលនុយក្លេអ៊ែរដល់អូស្រ្តាលី។ កន្លងមកមានតែចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលទទួលបានបច្ចេកវិទ្យាទំនើបមួយនេះពីសហរដ្ឋអាមេរិក។ ការបង្កើតសម្ពន្ធ័មិត្តត្រីភាគីនេះ បង្ហាញឱ្យឃើញពីភាពតានតឹងក្នុងការប្រកួតប្រជែងអំណាចនយោបាយរវាងសហរដ្ឋអាមេរិក​ និងចិន​ ហើយវាអាចនឹងជៈឥទ្ធិពលខ្លាំងមកលើតំបន់អាស៊ីអាគ្នេយ៍។

 

ការប្រកួតប្រជែងរវាងអាមេរិកនិងចិន ពិតណាស់ថាអាចនឹងធ្វើឲ្យអាស៊ីអាគ្នេយ៍ក្លាយទៅជាសមរភូមិកាន់តែស្រួចស្រើបជាងមុនទៅទៀត។ នេះដោយសារតែកត្តាភូមិសាស្រ្តរបស់ខ្លួនដែលមានព្រំដែនជាប់នឹងសមុទ្រចិនខាងត្បូង ហើយប្រទេសសមាជិកអាស៊ានដែលភាគច្រើនមានបញ្ហាជំលោះដែនសមុទ្រជាមួយចិន ដូចជា ហ្វីលីពីន និងវៀតណាម។ សមុទ្រចិនខាងត្បូងនឹងក្លាយទៅជាធាតុចម្បងមួយ ដែលប្រទេសមហាអំណាចដណ្តើមគ្នាត្រួតត្រា។ ការប្រគល់នាវាដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលីគឺជាសក្ខីភាពស្រាប់ ដែលសហរដ្ឋអាមេរិកមានបំណងធ្វើឲ្យមានតុល្យភាពគ្នារវាងបច្ចេកវិទ្យាយោធារបស់អូស្ត្រាលីនិងចិន។

 

សម្ពន្ធ័មិត្តត្រីភាគីរបស់ AUKUS នឹងពង្រឹកឥទ្ធិពលយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងជួយធ្វើទំនើបកម្មដល់ប្រទេសដែលមានដែនជំលោះនៅក្នុងសមុទ្រចិន ក្រោមហេតុផលថា ការពារសេរីភាពនាវាចរ ខណៈដែលចិនយកការការពារដែនសមុទ្ររបស់ខ្លួន ដើម្បីជាមូលហេតុក្នុងការពង្រីកនឹងពង្រឹងកម្លាំងយោធានៅក្នុងសមុទ្រចិនខាងត្បូង។

 

ការប្រឈមមុខដាក់គ្នារវៀងមហាអំណាចនៅក្នុងតំបន់នេះ ក៏អាចធ្វើឲ្យមានការប្រេះឆារវាងសមាជិកអាស៊ានផងដែរ។ ប្រទេសនៅក្នុងតំបន់នេះ អាចនឹងត្រូវបានបង្ខំឱ្យធ្វើការជ្រើសរើសរវាងប្លុកចិន និងប្លុកអាមេរិក។ កន្លងមក ការប្រឈមមុខដាក់គ្នារវាងចិននិងអាមេរិក បានធ្វើឲ្យមានការប្រេះឆាផ្ទៃក្នុងនៃសមាជិកអាស៊ានមួយចំនួន ដែលប្រទេសមួយចំនួនគាំទ្រចិនដូចជាឡាវ និងកម្ពុជា ខណៈដែលប្រទេសផ្សេងទៀត ដូចជាវៀតណាម និងសឹង្ហបុរី បានស្វាគមន៍យ៉ាងខ្លាំងខ្លាចំពោះវត្តមានរបស់សហរដ្ឋអាមេរិក ។ ក្នុងនោះផងដែ​រ ប្រទេសមួយចំនួននៅតែមិនទាន់បង្ហាញគោលជំហររបស់ខ្លួននៅឡើយក្នុងការគាំទ្រមហាអំណាចមួយណា មានដូចជា ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី។

 

វត្តមានសម្ពន្ធ័មិត្តត្រីភាគីAUKUS នឹងបង្កើតភាពតានតឹងបន្ថែមទៀតដល់អាស៊ាន។ វាអាចជំរុញឱ្យ សមាជិកអាស៊ានកាន់តែពិបាកនៅក្នុងការរក្សាតុល្យភាពរបស់ខ្លួន ក៏ព្រោះតែផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសន្តិសុខផ្សេងគ្នាៗ។ ការចូលរួមរបស់ប្រទេសសមាជិកអាស៊ានជាមួយមហាអំណាចណាមួយ វាអាចនឹងធ្វើមហាអំណាចផ្សេងមួយទៀត ដាក់សម្ពាធ និងទណ្ឌកម្ម ជាពុំខាន។ ដូចដែលកន្លងមក  ការទោទន់របស់កម្ពុជាទៅរកចិនខ្លាំងពេក បានធ្វើសហរដ្ឋអាមេរិកដាក់សម្ពាធមកលើកកម្ពុជា ដោយផ្អែកទៅលើបញ្ហាសិទ្ធមនុស្ស។ មួយវិញទៀត ការចោទប្រកាន់ទាក់ទងទៅនឹងវត្តមានទ័ពចិននៅមូលដ្ឋានទ័ពរាម អាចជាសក្ខីភាពមួយបង្ហាញពីការដាក់សម្ពាធមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ។

 

ទន្ទឹមនឹងនេះផងដែរ អាស៊ានដែលធ្លាប់បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាវេទិការចរចានឹងផ្តល់យោបល់គ្នាកន្លងមករវាងមហាអំណាច អាចនឹងត្រូវកាត់បន្ថយនៅពេលដែលមានការបែកខ្ញែក និងខ្វែងយោបល់គ្នារបស់សមាជិកអាស៊ាន។ ពិតណាស់ថាសមាជិកអាស៊ានមួយចំនួនដែលមានបញ្ហាដែនជំលោះជាមួយចិន ដូចជាវៀតណាម និងហ្វីលីពីន បានសាទរចំពោះវត្តមានសម្ពន្ធ័មិត្តត្រីភាគីAUKUS។ ប្រការនេះអាចជួយឱ្យប្រទេសទាំងនោះមានលទ្ធភាពកាន់តែខ្លាំងឡើងក្នុងការធ្វើឱ្យមានតុល្យភាពផ្នែកកម្លាំងទ័ពជាមួយចិន។​

 

ម្យ៉ាងទៀត គួររំលឹកផងដែរថា អាស៊ានបានបរាជ័យនៅក្នុងការជួយសមាជិករបស់ខ្លួននៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ដូចជានៅឆ្នាំ២០១២ និងបន្ទាប់មកឆ្នាំ ២០១៦ ដែលរឿងនេះបានធ្វើឱ្យប្រទេសដែលមានបញ្ហាសមុទ្រចិនខាងត្បូងត្រូវការមហាអំណាខាងក្រៅ ដើម្បីជួយឱ្យឲ្យមានតុល្យភាពអំណាច។ ការមកដល់របស់ AUKUS អាចថាជាក្តីសង្ឈឹមយ៉ាងធំមួយដល់ប្រទេសដែលមានបញ្ហាអាធិបតេយ្យដែនសមុទ្រជាមួយចិន។

 

និយាយជារួម សម្ពន្ធ័មិត្តត្រីភាគី AUKUS ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាសញ្ញាថ្មីមួយបង្ហាញអោយឃើញពីការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំខ្លាវាងប្លុកចិននិងអាមេរិកនាពេលអនាគត។ វាក៏អាចជះឥទ្ធិពលខ្លាំងផងដែរ មកលើអាស៊ីអាគ្នេយ៍​ ព្រោះតំបន់នេះនឹងអាចក្លាយទៅសមរភូមិប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាចម្តងទៀត។ ដូច្នេះដើម្បីជៀសវាងពីគ្រោះថ្នាក់ ឫក៏ប្រែក្លាយឱ្យទៅជាឪកាសចេញពីការប្រកួតប្រជែងមហាអំណាចនយោបាយនេះ ប្រទេសសមាជិកអាស៊ានគួរតែតម្កល់ផលប្រយោជន៍អាស៊ានជាធំ ហើយមិនគួរចូលរួមជាមួយមហាអំណាចមួយក្នុងការប្រឆាំងជាមួយមហាអំណាចមួយផ្សេងទៀតនោះទេ ព្រោះវាអាចប្រែក្លាយប្រទេសនោះទៅជាកូនអុក របស់ពួកមហាអំណាចនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ៕

 

អត្ថបទដោយ៖​​ លោក រឹម សុខវី សហស្ថាបនិក The Thinker Cambodia។