ឥរិយាបថកម្ពុជាចំពោះការទូតវ៉ាក់សាំងរបស់ពួកមហាអំណាច

Share this article to

 

ការរីករាលដាលជំងឺកូវីដ-១៩ បាននាំមកនូវសោកនាដកម្មសម្រាប់មនុស្សជាតិទូទាំងពិភពលោក។​ វាបានឆក់យកជីវិតមនុស្ស និងបង្កឱ្យមានបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះ សុខភាពសាធារណៈ ស្បៀងអាហារ និងប្រព័ន្ធការងារ។ ប្រការនេះ វាបានរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យមនុស្សរាប់លាននាក់រស់នៅក្នុងស្ថានភាពពិបាក ហើយប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង។

 

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ប្រទេសជឿនលឿនភាគច្រើនបានប្តេជ្ញាធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បី​ផលិតនិងចាក់វ៉ាក់សាំងបង្ការរោគ ដល់ប្រជាជនរបស់ពួកគេ ខណៈដែលប្រទេសកំពុងអភិវឌ្ឍបានសម្រេចធ្វើការបញ្ជាទិញវ៉ាក់សាំងទៅតាមត្រូវការរបស់ពួកគេ។ រឿងនេះ​​វាបានផ្តល់ឳកាសដល់ពួកប្រទេសមហាអំណាចក្នុងការប្រណាំងប្រជែងឥទ្ធិពលរបស់ខ្លួន​ តាមរយៈការប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍​ ដែលនេះគេចាត់ទុកថាជាការទូតវ៉ាក់សាំង។​ ដូច្នេះ តើអ្វីទៅជាការទូតវ៉ាក់សាំង? ហើយអ្វីទៅជាគោលបំណងរបស់វា?

 

ការទូតវ៉ាក់សាំង គឺជាការប្រើប្រាស់វ៉ាក់សាំង ដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងការទូតរបស់ប្រទេសមួយជាមួយនឹងប្រទេសផ្សេងទៀត សម្រាប់លើកស្ទួយឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងអន្តរជាតិ។

 

ទន្ទឹមនឹងនេះដែរ ការទូតវ៉ាក់សាំងក៏មានន័យថាជា សំណុំនៃវិធានការការទូតដែលត្រូវបានចងក្រងឡើងដើម្បីធានាបាននូវការអនុវត្តល្អបំផុតក្នុងការអភិវឌ្ឍវ៉ាក់សាំង ដែលមានសក្តានុពល ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និង/ឬ ពហុភាគី រវាងប្រទេសនិងប្រទេស តាមរយៈការធ្វើការ ស្រាវជ្រាវនិងអភិវឌ្ឍន៍រួមគ្នា។​​

 

រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងការស្តារនិងកសាងវិបុលភាពសេដ្ឋកិច្ចឡើងវិញ។ បើយោងទៅតាមរបាយការណ៍អគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC)​​ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៤,​ ៧១៦ ករណី។ ក្នុងនោះ  មានអ្នកស្លាប់សរុប ២១២៣ នាក់ ហើយមានអ្នកជាសះស្បើយចំនួន ៩៧,៧០០ នាក់ ។

 

កម្ពុជានៅចំពោះមុខវ៉ាក់សាំងចិន

កម្ពុជាត្រូវបានគេមើលឃើញថា​ បាននឹងកំពុងទទួលបានជោគជ័យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន។  កម្ពុជាមានអត្រា ចាក់វ៉ាក់សាំងខ្ពស់បំផុតទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ។ បើយោងតាមទិន្នន័យរបស់  Our World In Data គិតត្រឹម​ថ្ងៃ២0 ខែកញ្ញា ពីរភាគបីនៃចំនួនប្រជាជនកម្ពុជាសរុប បានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់។ ហើយខណៈពេលដែល ៦០.០៨% នៃចំនួនប្រជាជនកម្ពុជាសរុប បានចាក់ដូសទីពីររួចរាល់ ។

 

កម្ពុជាទទួលបានវ៉ាក់សាំងភាគច្រើនមកពីចិន។ យោងតាមរបាយការណ៍របស់ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ចិនបានផ្តល់វ៉ាក់សាំងដល់កម្ពុជា ចំនួន២៦.៨ លានដូស ។

 

គួរកត់សម្គាល់ថា គេអាចវាយតម្លៃបានថា មានហេតុផលពីរសម្រាប់ការទូតវ៉ាក់សាំងរបស់ចិនចំពោះកម្ពុជា។ ទីមួយ គឺ អំណាចទន់។​ ចិនបានប្រើប្រាស់ការទូតវ៉ាក់សាំង ជាឧបករណ៍ដ៏សំខាន់ដើម្បីពង្រឹងនិងពង្រីកអំណាចទន់របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ជាក់ស្តែង កម្ពុជា គឺជាមិត្តជិតស្និទ្ធនិងជាដៃគូសហការជិតដិតបំផុតមួយរបស់ចិននៅអាស៊ីអាគ្នេយ៍។ ដូច្នេះចិនមិន ស្ទាក់ស្ទើរឡើយក្នុងការបរិច្ចាគនិងលក់វ៉ាក់សាំងឱ្យកម្ពុជា​ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន។ ទីពីរ គឺ បញ្ហាភូមិសាស្ត្រនយោបាយ។  ចិននិងវៀតណាមមានអរិយភាពរវាងគ្នាខ្លាំងទៅលើដែនអធិបតេយ្យសមុទ្រ​ នៅក្នុងបញ្ហា សមុទ្រចិនខាងត្បូង។ ​ដូចនេះ កម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយវៀតណាម​ ត្រូវបានមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនក្នុងការទប់ស្កាត់ ឥទ្ធិពលរបស់វៀតណាមផងដែរ។​​

 

គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈ ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា មានប្រជាជនកម្ពុជាចំនួន៣,២២៣​,​​​​​​​​​​​៩១៦ នាក់បានទទួល វ៉ាក់សាំង ស៊ីណូហ្វាម (គ្រប់ដូស) ហើយមានចំនួន ​១០​,៣៩២,៦២៣​ នាក់បានទទួលស៊ីណូវាក់ (គ្រប់ដូស) របស់ចិន។

 

ជាការពិតណាស់ រដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចចិត្តទាន់ពេលវេលាដើម្បីជ្រើសរើសចិន ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់យុទ្ធនាការវ៉ាក់សាំងរបស់ខ្លួន។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដឱ្យបានទាន់ពេលវេលា កម្ពុជាគ្មានជម្រើសល្អណាផ្សេងក្រៅពីប្រើប្រាស់វ៉ាក់សាំងចិននោះឡើយ ខណៈពេលដែលប្រទេសលោកខាងលិចមួយចំនួនមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនរបស់ពួកគេនៅឡើយទេ។

 

អវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទទួលវ៉ាក់សាំងអាមេរិក

អាមេរិកបានផ្តល់វ៉ាក់សាំង ចនសុននិងចនសុន ដំបូងដល់កម្ពុជាតាមរយៈយន្តការ COVAX ចំនួន ៤៥០.០០០ដូស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សម្រាប់គាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ នៅពេលនោះ គឺមិនមានវត្តមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងការស្វាគមន៍ដោយផ្ទាល់ចំពោះការមកដល់នូវវ៉ាក់សាំងដែលផ្តល់ដោយអាមេរិក ដែលខុសពីការមកដល់នៃវ៉ាក់សាំងរបស់ចិន និងជប៉ុន។ កត្តានេះបានធ្វើឱ្យមានការងឿងឆ្ងល់និង មានការរិះគន់ផងដែរ។

 

លោក អៀ សុផល សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យ Occidental ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាននិយាយថា អវត្តមានរបស់នាយករដ្ឋមន្រ្តីអាចត្រូវបានបកស្រាយថាជា“ ការធ្វើព្រងើយកន្ដើយ” ។

 

ប៉ុន្តែជាការឆ្លើយតប លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា ការសម្រេចនេះផ្អែកលើកាលវិភាគនិងលទ្ធភាពរបស់នាយករដ្ឋមន្ត្រី។ យោងតាម វីអូអេខេមបូឌា បានមានប្រសាសន៍ថា“វាគឺជាការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីដែលគ្មាននរណាម្នាក់ផ្សេងទៀតអាចបញ្ជាបាន” ។

 

កម្ពុជាស្ថិតនៅក្នុងស្ថានភាពពិបាកមួយ ក្នុងការថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវជម្រើសរបស់ខ្លួនក្នុងការឆ្លើយតបឱ្យទាន់ពេលវេលាចំពោះជំងឺរាតត្បាត។ វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ បង្ការជំងឺ ដើម្បីស្តារនិងកសាងសេដ្ឋកិច្ចរបស់ខ្លួនឱ្យប្រសើរឡើងវិញ។ ក្នុងករណីនេះ រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដើម្បីជ្រើសរើស ចិនជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់ ។

 

ទោះបីយ៉ាងណាក្ដី អវត្តមានរបស់សម្តេច ហ៊ុន សែន ក្នុងការទទួលវ៉ាក់សាំងអាមេរិក ហាក់បីដូច ជាបានជះឥទ្ធិពលអវិជ្ជមាន និងធ្វើឱ្យទំនាក់ទំនងអាមេរិក-កម្ពុជាកាន់តែអាក្រក់ទៅៗមួយកម្រិតទៀត។ ក្នុងន័យនេះ មេដឹកនាំកម្ពុជាមិនបានប្រើប្រាស់ឱកាសនេះ ដើម្បីជួយស្តារទំនាក់ទំនងការទូត របស់ខ្លួន ជាមួយអាមេរិក ក្នុងការធ្វើឱ្យមានតុល្យភាពនយោបាយការបរទេសរបស់ខ្លួននៅចំពោះមុខការប្រកួតប្រជែងការទូតវ៉ាក់សាំងរបស់មហាអំណាច៕

 

អត្ថបទដោយ៖ លោក ដាំង​ ដាំរ៉ុង អ្នកនិពន្ធអត្ថបទនៅ The Thinker Cambodia និងនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប។ រាល់ខ្លឹមសារទាំងអស់ជាគំនិតរបស់អ្នកនិពន្ធផ្ទាល់។​