តើអ្វីទៅជាអាវុធមហាប្រល័យ?

Share this article to

 

មេដឹកនាំពិភពលោកជាច្រើនយល់ថាការមានអាវុធមហាប្រល័យ (Weapons of Mass Destruction) អាចជួយពង្រឹងសន្តិសុខជាតិ។ អាវុធប្រភេទនេះមានឥទ្ធិពលខ្លាំងជាងអាវុធធម្មតា ហើយផលប៉ះពាល់របស់វាមានរយៈពេលយូរអង្វែង ដោយសារតែវាមានសារធាតុវិទ្យុសកម្មអាចបំផ្លាញបរិយាកាសដែលនៅជុំវិញ។ ពេលនិយាយដល់អាវុធមហាប្រល័យ គេតែងលើកឡើងអំពីអាវុធនុយក្លេអ៊ែរ (Nuclear Weapon)។ អាវុធនុយក្លេអ៊ែរ គឺជាឧបករណ៍ដែលផលិតឡើងសម្រាប់បំផ្ទុះសារធាតុគីមីបានភ្លាមៗ ហើយមិនត្រឹមតែប៉ុណ្ណោះ វាបំបែកចេញជាអាតូមរាប់លានដង ខ្លាំងជាងប្រតិកម្មគីមីផ្សេងទៀត។

 

អាវុធមហាប្រល័យ គឺជាឧបករណ៍នុយក្លេអ៊ែរ ឧបករណ៍វិទ្យុសកម្ម ឧបករណ៍គីមី ឧបករណ៍ជីវសាស្ត្រ ឬក៏ឧបករណ៍ទាំងឡាយណាដែលផលិតឡើងក្នុងគោលបំណង ផ្ដល់នូវមហន្តរាយដល់មនុស្សជាតិ និងមានភាពខុសប្លែកពីគ្នាទៅតាមផលិតភាពស្លាប់របស់អាវុធ ដែលត្រូវបានប្រើប្រាស់ក្នុងសមរភូមិ ក៏ដូចជាកម្លាំងនៃការរីកសាយរបស់អាវុធនីមួយៗ។ ច្បាប់អន្តរជាតិបាន ហាមឃាត់អាវុធមហាប្រល័យដោយសារតែវាមានហានិភ័យខ្ពស់។ ការហាមឃាត់ផ្នែកច្បាប់ទៅលើអាវុធដូច្នេះ គឺកើតចេញពីចំណុចប្រសព្វគ្នានៃ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

 

នៅខែសីហា ឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគី​ នៃប្រទេសជប៉ុន ដែលបានសម្លាប់មនុស្សសរុបប្រមាណជាង១០សែននាក់ យោងទៅតាមទិន្នន័យចេញផ្សាយដោយ Atomic Archive​។ លើសពីនេះទៅទៀត មនុស្ស និងសត្វដែលនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែបនេះ ត្រូវបន្តទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសារធាតុវិទ្យុសកម្ម។ បញ្ហានេះវាបានធ្វើឱ្យពលរដ្ឋនិងមេដឹកនាំពិភពលោកជាច្រើនមានការភ័យខ្លាច និងព្រួយបារម្ភពីការរីកចម្រើនខាងវិទ្យាសាស្ត្រផ្នែកអាវុធមហាប្រល័យដែលនាំឱ្យមានការគម្រាមកំហែងដល់សន្តិសុខនិងសន្តិភាពពិភពលោកខ្លាំងឡើងៗ។ សោកនាដកម្មនេះមិនបានបញ្ចប់សង្គ្រាមលោកលើកទី២ទាំងស្រុងទេ តែបែរជាបញ្ឆេះឱ្យកើតមានសង្គ្រាមត្រជាក់ និងបានធ្វើឱ្យអាមេរិកនិងសហភាពសូវៀតផលិតអាវុធនុយក្លេអ៊ែររាប់ម៉ឺនបន្ថែមទៀតដើម្បីសម្ញែញឥទ្ធិពលគ្នា។ ជាលទ្ធផល វាបាននាំ​ឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងសហភាពសូវៀតនិងអាមេរិក។

 

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការដកហូតអាវុធ (UNODA) ផ្ដល់ការគាំទ្រយ៉ាងខ្លាំង និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីពង្រឹងការមិនរីកសាយភាយនៃអាវុធមហាប្រល័យ ដោយមានការសហការជាមួយអង្គការអន្តររដ្ឋាភិបាល ដែលពាក់ព័ន្ធ នឹងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិមួយចំនួន ដូចជា IAEA OPCW និងCTBTO PrepCom ជាដើម។ ឧទាហរណ៍ជាក់ស្ដែង ការគាំទ្រសន្ធិសញ្ញាពហុភាគីពាក់ព័ន្ធដូចជា សន្ធិសញ្ញាមិនរីកសាយ ភាយអាវុធនុយក្លេអែរ និងអាវុធជីវសាស្ត្រ។

 

សរុបមក ការពង្រឹងនូវការមិនរីកសាយភាយអាវុធ គឺត្រូវរង់ចាំមើលថាតើស្ថាប័នឬទីភ្នាក់ងារអន្តរជាតិ និងអង្គការអនុវត្តច្បាប់ណាមួយ អាចដោះស្រាយបញ្ហាប្រឈមនៃការរីកសាយអាវុធបានឬយ៉ាងណា។ វាក៏អាស្រ័យទៅលើច្បាប់ក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងឱ្យបាននូវបទដ្ឋានអន្តរជាតិ ក្នុងការហាមឃាត់បច្ចេកវិទ្យា និងកំណើនវិទ្យាសាស្ត្រនៃអាវុធមហាប្រល័យ៕​

 

អត្ថបទដោយ៖ កញ្ញា តាន់ ច័ន្ទឧស្សាហ៍ អ្នកនិពន្ធអត្ថបទនៅ The Thinker Cambodia។