លោកស្រី កាម៉ាឡា ហារីស បានក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបង្អស់ ដែលបានឈានជើងជាន់ទឹកដីវៀតណាមនៅសប្តាហ៍នេះ នេះបើគិតក្នុងពេលក្រោយសម័យសង្គ្រាមត្រជាក់។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីភាពល្អូកល្អើនមួយកម្រិតទៀតរវាងអាមេរិកនិងវៀតណាម។
ការប្រែក្លាយពីសត្រូវស្លាប់រស់ក្នុងសង្គ្រាមឥណ្ឌូចិនក្នុងកំឡុងពេលសង្រ្គាមត្រជាក់ មកមានទំនាក់ទំនងជិតស្និត បានបង្ហាញពីចំណុចរបត់យុទ្ធសាស្ត្រថ្មីរួមមួយរបស់ភាគីនៅក្នុងតំបន់។ តែសម្រាប់កម្ពុជាដែលមានប្រវត្តិជូរចត់ដូចគ្នាក្នុងសង្រ្គាមនៅឥណ្ឌូចិននិងមានរបងជាប់វៀតណាមផងនោះ ហាក់ត្រូវបានអាមេរិកមើលរំលង។ វាអាចនឹងមិនពិបាកយល់នោះទេនៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងវៀតណាមក្នុងសករាជថ្មីនេះទេ ប្រសិនបើយើងសិក្សាពីផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។ វៀតណាមត្រូវបានគេមើលឃើញថាជាចំនុចយុទ្ធសាស្រ្តរបស់អាមេរិកក្នុងការទប់ទល់ការរីកខ្លាំងឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ លើសពីនេះទៀត វៀតណាមក៏ជាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាំងនេះជាចំណុចសំខាន់ដែលយើងគួលើកមកពិភាក្សាដើម្បីស្វែងយល់ពីចេតនានិងផលប្រយោជន៍ក្នុងទំនាក់ទំនងរវាងអាមេរិកនិងវៀតណាមនៅក្នុងពេលបច្ចុប្បន្ននេះ។
ទី១ គឺផ្នែកយុទ្ធសាស្ត្រ។ សំណុំរឿងសមុទ្រចិនខាងត្បូងជាហេតុផលចម្បងមួយដែលរុញច្រានវៀតណាមឳ្យក្លាយជាចំណុចយុទ្ធសាស្រ្តរបស់អាមេរិកក្នុងការទប់ទល់ការរីកឡើងនៃឥទ្ធិពលរបស់ចិន។ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងមកនេះ សមុទ្រចិនខាងត្បូងបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសដែលមានព្រំដែនជាប់សមុទ្រនេះ។ ទន្ទឹមនឹងនេះដែរ សមុទ្រចិនខាងត្បូងបានក្លាយជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ និងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងសតវត្សរ៍ទី២១នេះ។ ក្រៅពីហ្វីលីពីន ម៉ាឡេស៊ី និងប្រុយណេ តួរអង្គជម្រោះដ៏សំខាន់មួយនៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងគឺ វៀតណាម។ បើទោះបីជាមានមនោគមវិជ្ជានយោបាយ និងប្រព័ន្ធរដ្ឋាភិបាលស្រដៀងគ្នាមែន ប៉ុន្តែវៀតណាមនិងចិនមានអរិយភាពជាមួយគ្នាលើបញ្ហាដែនអធិបតេយ្យសមុទ្រខ្លាំង ពិសេសបញ្ហានៅសមុទ្រចិនខាងត្បូង។ បើធៀបទៅនឹងប្រទេសគូជម្លោះដទៃទៀតក្នុងតំបន់ វៀតណាមមានជម្លោះផលប្រយោជន៍ដែនអធិបតេយ្យសមុទ្រធំជាងគេបង្អស់ជាមួយចិន។ កត្តាចិនបានរុញច្រានវៀតណាមបានទំនាក់ទំនងកាន់ល្អឡើងៗជាមួយអាមេរិក។
ក្រៅតែពីទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំ២០២០ និងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ន វៀតណាមក៏បាននឹងកំពុងក្លាយជាប្រទេសសំខាន់មួយក្នុងក្រសែភ្នែកអាមេរិក។ អាមេរិកបានក៏សាងទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ពីសត្រូវមកជា “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ”(comprehensive partnership) ដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់ចិនតាមរយៈគោលនយោបាយសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។ គេអាចនិយាយម៉្យាងទៀតបានថា អាមេរិកប្រើយុទ្ធសាស្ត្រ “សត្រូវរបស់សត្រូវគឺជាមិត្ត” ដែលវៀតណាមគឺជាសត្រូវរបស់ចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដូច្នេះអាមេរិកដែលជាសត្រូវរបស់ចិនដែរ ត្រូវតែបង្កើតមិត្តជាមួយវៀតណាមវិញដើម្បីប្រឆាំងចិន។ ដោយឡែកកម្ពុជាវិញ ត្រូវបានគេមើលឃើញថាជាមិត្តដ៏ស្និតស្នាលជាងបង្អស់របស់ចិននៅអាស៊ីអាគ្នេយ៍។
អាមេរិកបានស្តារទំនាក់ទំនងការទូតជាមួយវៀតណាមវិញនៅឆ្នាំ១៩៩៥ ហើយបានវិវឌ្ឍទំនាក់ទំនងនេះទៅជាភាពជាដៃគូរគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១៣។ ប្រទេសទាំងពីរបានចូលរួមធ្វើសមប្រយុទ្ធយោធាជើងទឹករួមគ្នាដ៏ធំមួយ “Rim of the Pacific” ហើយនិងបានប្រារព្ធខួបររំលឹកខួប២៥ឆ្នាំនៃទំនាក់ទំនងការទូតកាលពីឆ្នាំ២០២០កន្លងមកនេះ។ លើសពីនោះទៅទៀត សហរដ្ឋអាមេរិកក៏បានយល់ព្រមលុបបំបាត់ការហាមឃាត់ការលក់អាវុធ (Arm embargo) មកកាន់វៀតណាមនៅឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០១៩ ថ្មីៗនេះអាមេរិកបានបន្តពង្រីកការលក់អាវុធឳ្យវៀតណាមថែមទៀតផងដែរ។ មួយវិញទៀត នាពេលថ្មីៗនេះ មេដឹកនាំកំពូលលំដាប់លេខពីររបស់អាមេរិក គឺលោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស បានដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នៅក្នុងបរិបទនៃការរៈឡើងនៃឥទ្ធិពលរបស់ចិន។ ប្រការនេះ វាបានបង្ហាញវត្តមាននិងឥទ្ធិពលកាន់តែធំឡើងៗរបស់អាមេរិកនៅក្នុងតំបន់ ជាពិសេសក្នុងបញ្ហាសមុទ្រចិនខាងត្បួង។ អ្វីដែលគួរឳ្យកត់សម្គាល់ផងដែរនោះ វត្តមានរបស់អាមេរិកនិងសម្ព័ន្ធមិត្តហាក់ផ្តល់ក្តីសង្ឃឹមខ្លាំងដល់ប្រទេសដែលជាភាគីពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បួងជាពិសេស វៀតណាម។ តាមរយៈការពង្រីកវត្តមានរបស់អាមេរិកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បួង វាមានបានក្លាយទៅខ្នងបង្អែកដ៍សំខាន់មួយសម្រាប់វៀតណាម ក្នុងការតទល់ជាមួយចិនក្នុងបញ្ហាជម្លោះដែនសមុទ្រនេះ។
ទី២ គឺផ្នែកសេដ្ឋកិច្ច។ វៀតណាមជាទិសដៅវិនិយោគដ៏មានឥទ្ធិពលមួយរបស់អាមេរិកនៅក្នុងតំបន់។ តាមរយៈការចូលរួមក្នុងយន្តការរអន្តរជាតិដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP), អង្គការពាណិជ្ជកម្មពិភពលោក (WTO), និង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងប្រកបដោយវឌ្ឍនភាព (CPTPP), វៀតណាមបាននឹងកំពុងក្លាយជាទិសដៅវិនិយោគដ៏មានឥទ្ធិពលសំរាប់អាមេរិក។ ជាក់ស្តែងអាមេរិកបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមកើនឡើងពី៤៥០លានដុល្លារនៅឆ្នាំ ១៩៩៤ រហូតដល់ ៧៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ ក្នុងឆ្នាំ២០១៩ ទំនិញពាណិជ្ជកម្មវៀតណាម នាំចេញទៅទីផ្សារអាមេរិកមានកើនឡើងរហូតដល់ ៦៦.៦ ពាន់លានដុល្លា ($66.6 billion) ចំណែកឯផលិតផលនាំចូលក្នុងប្រទេសពីអាមេរិកមានត្រឹមតែ ១០.៩ ពាន់លានដុល្លាដ ($10.9 billion)។ ខណៈកម្ពុជាឯណេះវិញ ការនាំចេញផលិតផលទៅទីផ្សារអាមេរិកមានចំនួនត្រឹមតែ ៥.៤ ពាន់លានដុល្លា ($5.4 billion )និង នាំពីអាមេរិកមកកាន់កម្ពុជាកើនត្រឹម ៥១៤ លានដុល្លា($514 million) ប៉ុណ្ណោះ។ ចំនួននេះនៅទាបខ្លាំងបើធៀបនឹងចំនួនផលិតផលនាំចេញ-ចូល របស់វៀតណាម។ ម្យ៉ាងចំនួននេះបង្ហាញឳ្យឃើញអំពីកំណើតនៃការកើនឡើងផលិតផលក្នុងស្រុកនឹងការនាំចេញដល់ឆាប់រហ័សរបស់វៀតណាម។ ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម វៀតណាមវិញក៏បានក្លាយជាទីផ្សារនាំចេញកំពុងរីកលូតលាស់មួយរបស់អាមេរិកផងដែរ។ ប្រការនេះ វាបានធ្វើឳ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និតខ្លាំងមិនអាចឃ្លាតបាន។
ចំណុចទាំងនេះហើយ ដែលកម្ពុជាមិនអាចផ្តល់ឳ្យអាមេរិកបានដូចវៀតណាម។ វាជាកត្តាសំខាន់មួយក្នុងកត្តាជាច្រើនដែលជំរុញអោយវៀតណាមស្ថិតនៅជាអាទិ៍ភាពក្នុងគោលនយោបាយការបរទេសរបស់អាមេរិកនៃតំបន់អាស៊ីអាគ្នេយ៍។
ជារួម វៀតណាមមានផលប្រយោជន៍ច្រើនជាងកម្ពុជាសម្រាប់អាមេរិក។ វៀតណាមបានក្លាយជាចំណុចយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការទប់ស្កាត់នៃការរៈឡើងឥទ្ធិពលរបស់ចិន ជាពិសេសក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ ម្យ៉ាងទៀត វៀតណាមជាទិសដៅវិនិយោគដ៏មានឥទ្ធិពលនៅក្នុងតំបន់ ខណៈកម្ពុជាហាក់ផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចតិចតួចសម្រាប់អាមេរិក។ ទន្ទឹមនឹងនេះផងដែរ វត្តមានរបស់អាមេរិកហាក់ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីវៀតណាម តែផ្ទុយទៅវិញ កម្ពុជាហាក់មិនសូវស្វាគមន៍ភាគីអាមេរិកខណៈខ្លួនមានទំនោរទៅកាន់ចិនកាន់តែខ្លាំងឡើង៕
អត្ថបទដោយ៖ លោក គិន ផល្លា អ្នកនិពន្ធរបស់ The Thinker Cambodia និងនិស្សិតឆ្នាំទី៣ជំនាញនីតិសាស្រ្តជាភាសាអង់គ្លេសនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធ មិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។