ទស្សនទានមួយចំនួននៃការដកកងទ័ពរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន

Share this article to

 

មានការខ្វែងគំនិតគ្នាក្នុងចំណោមអ្នកប្រាជ្ញយុទ្ធសាស្ត្ររបស់អាមេរិកអំពីការដកទ័ពចេញពីអាហ្វហ្គានីស្ថានដែលអនុញ្ញាតឱ្យពួកតាលីបង់អាចក្តោបអំណាចឡើងវិញ។  យ៉ាងហោចណាស់ មានយុទ្ធសាស្ត្រចំនួនពីរត្រូវបានអ្នកជំនាញកិច្ចការនយោបាយអន្តរជាតិលើកយកមកបកស្រាយទាក់ទិននឹងបញ្ហានេះ ពោលគឺ៖

 

១). តុល្យភាពនៅឈូងសមុទ្រ (offshore balancing) ដែលមាន លោក ចន មៀរស្ហេម័រ (John Mearsheimer) និងលោក ស្ទីវ វ៉ល្ស (Stephen Walt) ជាអ្នកផ្តួចផ្តើម គឺជាទស្សនទានមួយដែលត្រូវបានអ្នកយុទ្ធសាស្ត្រប្រាកដនិយមប្រើក្នុងការវិភាគទំនាក់ទំនងអន្តរជាតិ និងឥទ្ធិពលរបស់អាមេរិក។ ដើម្បិរក្សាបាននូវអនុត្តរភាព ទស្សនទាននេះជម្រុញអាមេរិកឱ្យធ្វើទំនើបកម្មវិស័យសំខាន់ៗរបស់ខ្លួន​ មានជាអាទិ៍ ការធ្វើទំនើបកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុង និងក្រៅស្រុក, ការលើកកម្ពស់សុខមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច, ធ្វើឱ្យប្រសើរឡើងកម្រិតជីវភាពរបស់ពលរដ្ឋអាមេរិក និងពង្រឹងប្រព័ន្ធប្រជាធិបតេយ្យក្នុងស្រុកដើម្បីជាគំរូដល់ប្រទេសដទៃ ជាជាងការដាក់ទីតាំងមូលដ្ឋានទ័ព និងចំណាយថវិការលើសលប់លើវិស័យយោធា និងសន្តិសុខនៅក្រៅប្រទេស។

 

២).​ ក្រុមអន្តរជាតិនិយមសេរី (liberal internationalist) ដែលមាន លោក ហាល់ ប្រេន្ដស៍ (Hal Brands) និង លោក ចន អៃឃិនប៊ើរី (John Ikenberry) ជាអ្នកផ្តួចផ្តើម គឺជាទស្សនទានមួយគាំទ្រឱ្យមានវត្តមានយោធារបស់អាមេរិកក្នុងការធ្វើនគរបាលកិច្ចពិភពលោក សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង ពង្រឹងនិងពង្រីកសម្ព័ន្ធមិត្តរបស់អាមេរិកប្រឆាំងនឹងអនុត្តរភាពតំបន់ដែលមាននិន្នាការផ្ទុយពីគោលការណ៍សេរីនិយម។

 

ដូច្នេះ ផ្អែកលើទស្សនទាននេះ ការដកទ័ពរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន​​ នឹងបង្កើតឱ្យមានសុញ្ញាកាសអំណាច និងបង្កអសន្តិសុខដល់សម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ ទន្ទឹមនេះអាមេរិកក៏នឹងរងការរិះគន់និងចោទប្រកាន់ថាគ្មានទំនួលខុសត្រូវក្នុងនាមជាមហាអំណាច។ លោក ហាល់ ប្រេន្ដស៍ ព្រមានថា “ប្រសិនបើតាលីបង់ដណ្តើមអំណាច ឬ បង្រួបបង្រួមប្រទេសបានទាំងស្រុងនោះ នឹងមានការរញ្ជួយភូមិសាស្ត្រនយោបាយចាប់ពីអឺរ៉ុបទៅអាស៊ីខាងត្បូង និងលើសពីនេះ ហើយវាក៏នឹងបន្សល់ទុកនូវកេរដំណែលសីលធម៌ វិប្បដិសារី និងយុទ្ធសាស្ត្រដ៏ខ្មៅងងឹតរបស់អាមេរិក”។

 

យ៉ាងណាមិញ យោងតាមលោក ស្ទីវ វ៉ល្ស ការដកទ័ពចេញពីអាហ្វហ្គានីស្ថានរបស់រដ្ឋបាល លោក ចូ បៃដិន មិនមែនជាមូលហេតុចម្បងដែលធ្វើឱ្យពួកតាលីបង់អាចវិលមកកាន់កាប់អាហ្វហ្គានីស្ថានឡើងវិញនោះទេ។ ផ្ទុយទៅវិញ ទោះបីមានការជ្រោមជ្រែងពីរដ្ឋបាលមុនៗរបស់អាមេរិកអស់រយៈពេល ២០ឆ្នាំ ដោយចំណាយថវិកាអស់ ២,២៦ ទ្រីលានដុល្លារ ទាហានអាហ្វហ្គានីស្ថានដែលបំពាក់ដោយអាវុធយុទ្ធភ័ណ្ឌទំនើប នៅតែមិនអាចការពារខ្លួនឯងពីតាលីបង់បាន។ ជាក់ស្តែង អំពើពុករលួយ, បក្សក្នុងបក្ស, ពួកក្នុងពួកមេដឹកនាំគ្រាក់ៗរបស់រដ្ឋាភិបាល ជាពិសេសក្នុងជួរកងទ័ពរបស់ប្រទេសក្រីក្រដែលហែកហួរដោយសារសង្គ្រាមមួយនេះ ជាកត្តារាំងស្ទះដល់ការធ្វើនិម្មាបនកម្មសង្គមអាហ្វហ្គានីស្ថាន ឱ្យក្លាយជាប្រទេសរីកចម្រើនបាន។

 

រីឯ លោក មៀរស្សេមម័រ ការកាន់កាប់ប្រទេសមួយដែលមានមនោសញ្ចេតនាជាតិនិយមជ្រុល និងដាច់ខាត (extremist) មិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្ររយៈពេលវែងដល់អាមេរិកនោះទេ។ នៅក្នុងប្រព័ន្ធអន្តរជាតិពហុប៉ូល តក្កនៃនយោបាយរាំងខ្ទប់ នឹងក្លាយជាយុទ្ធសាស្ត្រគោលក្នុងការប្រកួតប្រជែងអំណាច (power politics)។ ក្នុងន័យនេះ អទិភាពមួយរបស់លោក បៃដិន ក្រៅពីគិតគូរលើការអភិវឌ្ឈសេដ្ឋកិច្ចក្នុងស្រុក អាមេរិកបាននិងកំពុងប្រើគ្រប់យុទ្ធសាស្ត្រដើម្បីទប់ស្កាត់ការរះឡើងរបស់ចិន។ ការដកខ្លួនរបស់​​​​​​​អាមេរិកពីមជ្ឈិមបូព៌ា និងអាហ្វហ្គានីស្ថាន គឺជាការប្រមូលផ្តុំកម្លាំងឡើងវិញដើម្បីទប់ទល់ជាមួយ ចិន -រុស្សី តែប៉ុណ្ណោះ។

 

ជារួម វិបត្តិនយោបាយនៅអាហ្វហ្គានីស្ថាន បង្ហាញឱ្យយើងឃើញថា នយោបាយមហាតំបន់និងអន្តរជាតិប្រែប្រួលខ្លាំងនិងឆាប់រហ័ស ហើយងាយនឹងជះឥទ្ធិពល ឬផលប៉ះពាល់ដល់រដ្ឋតូចៗ ដែលពឹងផ្អែកលើបរទេសហួសហេតុ ហើយខកខានក្នុងការកសាងស្ថាប័នក្នុងស្រុកឱ្យរឹងមាំ, រដ្ឋបាលសាធារណៈដែលបំរើក្រុម បក្ខឬពួក ឬ ក្រុមគ្រួសារអ្នកនយោបាយ, អំពើពុករលួយទូលំទូលាយ ជាពិសេសក្នុងវិស័យយោធារបស់បណ្តាលរដ្ឋទន់ខ្សោយ (weak states) នឹងវិវត្តទៅរករដ្ឋបរាជ័យ (failed state)​ នៅទីបំផុត ដូចករណីរបប លន់ នល់ និងវៀតណាមខាងត្បូងរណបអាមេរិក, របបខ្មែរក្រហមរណបចិន និងអាហ្វហ្គានីស្ថាន (២០ឆ្នាំក្រោមការពឹងផ្អែកលើអាមេរិក)។ ដូច្នេះ ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យខ្លាំងរឹង និងឯករាជ្យ មិនបំរើក្រុមបុគ្គល (impersonal rule) និងបរទេសហួសហេតុ  ជាកត្តារក្សាបានសណ្តាប់ធ្នាប់នយោបាយ (political order) និងអាចគេចផុតពីភាពវឹកវរនិងភាពអសណ្តាប់ធ្នាប់ដែលបណ្តាលមកពីការធ្វើទំនើបកម្មសង្គមលឿនជាងការធ្វើទំនើបកម្មនយោបាយ និងស្ថាប័ន (political decay) ៕

 

លោក បណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា