គោលនយោបាយការបរទេសវៀតណាមនៅចន្លោះអាមេរិក-ចិន

រីម សុខវី | 16 August 2021 |
Share this article to

 

ពិតណាស់ថាចិននិងវៀតណាមធ្លាប់ជាមិត្តប្រគៀកស្មាគ្នាធ្វើសង្រ្គាមដើម្បីបណ្តេញពួកមូលធននិយមចេញពីឥណ្ឌូចិននៅក្នុងសម័យសង្រ្គាមត្រជាក់។ទោះបីជាយ៉ាងនេះក្តីវៀតណាមតែងតែមានការប្រុងប្រយត្ន័ខ្ពស់ជាមួយមហាយក្សចិន ដែលមានមហិច្ចតាចង់គ្រប់គ្រងសមុទ្រចិនខាងត្បូងនិងពង្រីកឥទ្ធិពលគ្រប់ដណ្តប់មកលើអាស៊ីអាគ្នេយ៍ទាំង មូល។ នៅក្នុងពេលបច្ចុបន្ន សមុទ្រចិនខាងត្បូងបានក្លាយទៅជាបញ្ហាចាក់ស្រេះមួយដែលបង្ករឱ្យមានអរិភាពកាន់ តែខ្លាំងឡើងរវាងវៀតណាមនិងចិន។ ទន្ទឹមនឹងនេះផងដែរ សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចកំពូល ទាំងសេដ្ឋកិច្ចនិងយោធា ពិតជាមានការព្រួយបារម្ភពីការងើបឡើងរបស់ចិន ជាពិសេសលទ្ធភាពរបស់ចិននៅក្នុង ការគ្រប់គ្រងសមុទ្រចិនខាងត្បូង។ ប្រការនេះ វាបានជំរុញឱ្យអាមេរិកកាន់តែងាកមកជិតស្និតខ្លាំងឡើងជាមួយ វៀតណាម ដើម្បីឱ្យខ្លួនមានភាពងាយស្រួលក្នុងការទប់ទលឥទ្ធិពលរបស់ចិននៅអាស៊ី ជាពិសេសនៅក្នុងឈូង សមុទ្រចិនខាងត្បូងនេះតែម្តង។

 

ទោះបីជាមានការគំរាមគំហែងអធិបតេយ្យបូរណភាពទឹកដីពីចិននិងការចង់ចូលលូកដៃរបស់អាមេរិកក្នុងការការពារសមុទ្រចិនខាងត្បូងក៏ដោយ វៀតណាមនៅតែបន្តរគោលនយោបាយការបរទេសអព្យាក្រឹតរបស់ខ្លួន។

 

គោលនយោបាយអព្យាក្រឹតរបស់វៀតណាមគឺសំដៅទៅលើការធ្វើឱ្យមានតុល្យភាពក្នុងទំនាក់ទំនងរបស់ខ្លួនរវាងអាមេរិក និងចិន។ វៀតណាមចង់ចងមិត្តជាជាងចងសត្រូវជាមួយប្រទេសផ្សេងៗនៅក្នុងឆាកអន្តរជាតិ ជាពិសេសរវាង ចិននិងអាមេរិក ដោយផ្អែកទៅលើគោលការណ៍ដែលហៅថា “បួនមិន និងមួយពឹងពាក់” (four-nos and one-depend)។ ដែលគោលការណ៍នេះបានបញ្ចាក់យ៉ាងច្បាស់ថា “វៀតណាមមិនអនុញ្ញាត្តិឱ្យមានមូលដ្ឋានទ័ពបរទេស នៅក្នុងប្រទេសខ្លួនមិនចងសម្ពន្ធ័មិត្តយោធា និងមិនចូលរួមជាមួយប្រទេសណាមួយដើម្បីប្រឆាំងឫក៏ប្រើទ័ពដើម្បី គំរាមគំហែងប្រទេសណាមួយនៅលើឆាកអន្តរជាតិ”។ នេះវាបានបង្ហាញឱ្យឃើញថា វៀតណាមចង់មានគោល នយោបាយអព្យាក្រឹតនិងមិនចូលរួមជាមួយប្រទេសណាមួយនៅក្នុងការប្រកួតប្រជែងមហាអំណាចពិភពលោក។

 

តែទោះបីជាយ៉ាងនេះក្តី នៅក្នុងគោលការណ៍នេះក៏មានបញ្ចូល “មួយពឹងពាក់” (one-depend) ដែលវាជាការបើក ផ្លូវឱ្យវៀតណាមមានសិទ្ធនៅក្នុងការចងសម្ពន្ព័មិត្តយោធាជាមួយមហាអំណាចណាមួយ នៅពេលណាដែលមានការ គំរាមគំហែងដល់សន្តិសុខ និងអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន។ “មួយពឹងពាក់” ត្រូវបានដាក់ចូលទៅក្នុង គោលនយោបាបរទេសរបស់វៀតណាមនាឆ្នាំ ២០១៩ ដែលបានចេញនៅក្នុងសៀវភៅសរ (White Defense Paper)របស់ក្រសួងការពារជាតិវៀតណាម។ ការដាក់ចេញនូវគោលនយោបាយនេះ គឺស្របពេលដែលចិនកាន់តែ ងើបខ្លាំងឡើងនៅអាស៊ីអាគ្នេយ៍និងមានឥរិយាបទបែបអរិភាពនៅក្នុងឈូងសមុទ្រចិនខាងត្បូង។

 

ការអនុវត្តនូវគោលនយោបាយការបរទេសបែបនេះដោយសារតែកត្តាសេដ្ឋកិច្ច សន្តិសុខ និងភូមិសាស្ត្រផ្ទាល់របស់ វៀតណាម។

 

ផ្នែកសេដ្ឋកិច្ច ការអនុវត្តគោលនយោបាយអព្យាក្រឹត មិនត្រឹមតែជួយឱ្យវៀតណាមអាចនៅរក្សាទំនាក់ទំនងសេដ្ឋកិច្ច របស់ខ្លួននៅល្អជាមួយចិននោះទេ តែវៀតណាមក៏អាចទទួលផលប្រយោជន៍សេដ្ឋកិច្ចច្រើនពីអាមេរិកផងដែរ។ ឧទាហរណ៍ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិនបានកើនឡើងរហូតដល់ $១៣៣,០៩ ពាន់លាន ដុល្លារ (USD 133.09 billion Dollar) នៅឆ្នាំ ២០១៨ ហើយបានកើនរហូតដល់ ១៣,៨២% នៅឆ្នាំ ២០១៩។ ប្រការនេះ វាបានធ្វើឱ្យចិនក្លាយទៅជាដៃគូរពាណិជ្ជកម្មសំខាន់ទីមួយរបស់វៀតណាមដែលសហរដ្ឋអាមេរិកនៅ ចំណាត់ថ្នាក់លេខពីរ ដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៧៧,៦ ពាន់លានដុល្លារ (USD 77.6 billion Dollar) នៅឆ្នាំ ២០១៩។ ដូច្នេះ ការអនុវត្តនូវគោលនយោបាយណាមួយដែលបង្ហាញឱ្យឃើញថាវៀត ណាមកំពុងតែផ្អៀងទៅរកមហាអំណាចណាមួយ នោះវៀតណាមអាចនឹងបាត់បងផលប្រយោជន៍សេដ្ឋកិច្ចដែលខ្លួន កំពុងតែទទួលបានពីមហាអំណាទាំងពីរ។ ជាពិសេសប្រសិនបើវៀតណាមយកបញ្ហាសមុទ្រចិនខាងត្បូងជាលេស រួចងាកទៅរកអាមេរិកជ្រុលពេកនោះវាអាចនឹងធ្វើឲ្យវៀតណាមខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចដែលខ្លួនកំពុងទទួលបានពីចិន។

 

ចិនអាចប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីដាក់សម្ពាធមកលើក្រុងហាណូយ ឫក៏អាចបង្វែរការវិនិយោគទាំងនោះ ទៅប្រទេសផ្សេងនៅអាស៊ី ដែលរឿងទាំងនេះសុទ្ធតែអាចផ្តល់ផលអាក្រក់ដល់វៀតណាម។ គួររំលឹកផងដែរថា ការស្តារសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រគឺជាគោលដៅអទិភាពដែលបក្សកុម្មុយនិស្តវៀតណាមត្រូវតែធ្វើឲ្យបានដើម្បីទាក់ទាញការគាំទ្រ និងពង្រឹងភាពស្របច្បាប់ (Legitimacy) របស់ខ្លួននៅក្នុងការដឹកនាំប្រទេស។ ដូច្នេះហើយ បានជានៅឆ្នាំ ២០២១ នេះវៀតណាមបានដាក់ចេញនៅគោលនយោបាយសេដ្ឋកិច្ចដើម្បីឲ្យខ្លួនក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ ២០៣០ និងប្រាក់ចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ ២០៤៥។

 

លើសពីនេះទៅទៀត គោលនយោបាយអព្យាក្រឹតរបស់វៀតណាមក៏អាចឱ្យចិនមើលឃើញពីឥរិយាបទមិនបង្ករ បញ្ហានៅក្នុងតំបន់ផងដែរ។ ពិតណាស់ថានៅពេលដែលបញ្ហាសមុទ្រចិនខាងត្បូងកាន់តែក្តៅឡើង វៀតណាមគួរតែ ងាកទៅរកអាមេរិកដើម្បីជួយការពារសន្តិសុខរបស់ខ្លួន ដោយសារតែអាមេរិកជាមហាអំណាចធំមួយ ម្យ៉ាងវិញទៀត អាមេរិកក៏ចង់លូកដៃក្នុងបញ្ហានេះដែរ។ តែផ្ទុយទៅវិញ វៀតណាមនៅតែព្យាយាមរក្សាគោលជំហរអព្យាក្រឹតរបស់ ខ្លួនដដែល ពីព្រោះថានៅពេលដែលវៀតណាមចាប់យកអាមេរិកជ្រុលពេកនោះ វានឹងបង្ហាញអោយកាត់តែច្បាស់ថា វៀតណាមកំពុងតែប្រឆាំងជាមួយចិនដោយបើកចំហរ ដែលវាជាប្រផ្នូរមួយមិនល្អឡើយសម្រាប់ទីក្រុងហាណូយ ពីព្រោះចិនជាមហាអំណាចដ៏ធំមួយផ្នែកសេដ្ឋកិច្ច និងយោធានៅជាប់ព្រំដែនរបស់ខ្លួន។ លើសពីនេះទៅទៀត វៀតណាមក៏មិនទុកចិត្តលើការប្តេជ្ញាចិត្ត (commitment) របស់អាមេរិកនោះដែរ។  ដោយសារតែមហាអំណាច មួយនេះនៅឆ្ងាយដាច់ស្រយាល ហើយអាមេរិកអាចនឹងបោះបង់ចោលវៀតណាមនៅថ្ងៃណាមួយនៅពេលដែលការ ប្រឈមមុខគ្នាអូសបន្តាយពេលយូរ ឫក៏មានការប្រែប្រួលភូមិសាស្ត្រនយោបាយ។ រឿងនេះបានកើតឡើងម្តងរួច ហើយនៅពេលដែលអាមេរិកបានបោះបង់ចោល រដ្ឋាភិបាលក្រុងសៃហ្គននៅឆ្នាំ ១៩៧៥ ហើយថ្មីៗនេះ សហរដ្ឋអា មេរិកក៏បានបោះបង់ចោលរដ្ឋាភិបាលក្រុងកាប៉ុលដែលកំពុងស្ថិតនៅក្រោមការគំរាមគំហែងពីពួកតាលីបង់។ មួយវិញទៀត វៀតណាមមិនអាចពឹងពាក់អាមេរិកខ្លាំងពេកនោះទេ ដោយសារតែការពឹងពាក់ខ្លាំងពេកទៅលើអាមេ រិកអាចនឹងធ្វើឲ្យមានហានិភ័យដល់បក្សកុម្មុយនិស្តរបស់ខ្លួនពីព្រោះអាមេរិកតែងតែចង់ឲ្យមានការផ្តាស់ប្តូរពីររបបផ្តាច់ការ ឫក៏កុម្មុយនិស្តទៅរបបប្រជាធិប្បតេយ្យ។

 

ជាចុងក្រោយ គោលនយោបាយអព្យាក្រឹតមួយនេះ ក៏អាចជួយឱ្យវៀតណាមគេចផុតពីការក្លាយខ្លួនទៅជាកូនអុក របស់អាមេរិកផងដែរ។ មហិច្ចតារបស់ចិននៅក្នុងឈូងសមុទ្រចិនខាងត្បូងបានបង្ករជាការគំរាមគំហែងដល់ដែន អធិបតេយ្យភាពរបស់វៀតណាមយ៉ាងខ្លាំងតែវាក៏បានបង្ករជាហានិភ័យដល់អនុត្តរភាពរបស់អាមេរិកដែលជាមហាអំណាចទាំងយោធានិងសេដ្ឋកិច្ចផងដែរ។ ប្រសិនបើចិនអាចគ្រប់គ្រងសមុទ្រចិនខាងត្បូងទាំងមូលនោះវានឹងផ្តល់ឱ្យ ចិននូវតំបន់យុទ្ធសាស្ត្រសំខាន់មួយសម្រាប់ពង្រីកឥទ្ធិពលយោធានិងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់។ ដោយសារ តែសមុទ្រចិនខាងត្បូងជាផ្លូវសមុទ្រដ៏មមាញឹកលំដាប់ទីពីរនៅលើពិភពលោកដែលទំនិញ ៦០% នៃជំនូញពិភព លោកបានឆ្លងកាត់ទីនេះ។ ម្យ៉ាងវិញទៀត សមុទ្រចិនខាងត្បូងក៏អាចប្រើប្រាស់ជាតំបន់ទ្រនាប់ (buffer zone) ដែលចិនអាចដាក់មូលដ្ឋានទ័ពដើម្បីការពារការវាយលុកពីភាគខាងត្បូងផងដែរ។ ជាយុទ្ធសាស្ត្រ ប្រទេសណាមួយ ដែលមានបំណងចង់វាយលុកចិនពីទិសខាងត្បូង ពួកគេត្រូវតែឆ្លងកាត់សមុទ្រចិនខាងត្បូងជាមុនសិន។ ដូច្នេះ ប្រសិនបើចិនអាចគ្រប់គ្រងសមុទ្រចិនខាងត្បូងបាន វាមិនត្រឹមតែធ្វើឱ្យចិនកាន់តែមានឥទ្ធិពលផ្នែកយោធា និង សេដ្ឋកិច្ចខ្លាំងជាងមុននោះទេ វាក៏អាចបង្ករជាហានិភ័យផ្នែកសន្តិសុខជាតិ និងសន្តិសុខសេដ្ឋកិច្ច (Economic Security) ដល់សម្ពន្ធ័មិត្តរបស់អាមេរិកនៅអាស៊ី ដូចជា តៃវ៉ាន កូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសនេះមិនត្រឹមតែមាន ព្រំដែនជាប់ចិននោះទេ តែទំនិញភាគច្រើននៃប្រទេសទាំងនេះត្រូវបានដឹកជញ្ជូនឆ្លងកាត់សមុទ្រចិនខាងត្បូង។ កត្តា ទាំងនេះហើយ ដែលជំរុញឱ្យអាមេរិកចូលប្រឡូកនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ហើយវៀតណាមអាចជាជម្រើសដ៏ ល្អបំផុត។ ដោយហេតុថា វៀតណាមមិនត្រឹមតែមានដែនជំលោះអធិបតេយ្យធំជាងគេជាមួយចិននៅក្នុងឈូងសមុទ្រ ចិនខាងត្បូងទេ តែវៀតណាមក៏មានព្រំដែនជាប់ចិន។ យើងបានឃើញស្រាប់ហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ អាមេរិកបាននឹងកំពុងព្យាយាមចែចង់វៀតណាម តាមរយៈការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០១៣ ហើយនៅពេលថ្មីៗនេះក្រុមហ៊ុអាមេរិកនៅចិនភាគច្រើនក៏បានផ្លាស់ទីមកកាន់វៀតណាមផងដែរ កត្តានេះបានធ្វើឲ្យ សហរដ្ឋអាមេរិកក្លាយទៅជាដៃគូរពាណិជ្ជកម្មសំខាន់ទីពីររបស់វៀតណាម។ លើសពីនោះទៅទៀត សហរដ្ឋអាមេរិកក៏ បានយល់ព្រមលុបបំបាត់ការហាមឃាត់លក់អាវុធ (Arm embargo) អោយវៀតណាមនៅឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០១៩ ថ្មីៗនេះ អាមេរិកបានបន្តរពង្រឹងការលក់អាវុធឲ្យវៀតណាម។ វាមិនមែនជារឿងចៃដន្យទេដែលអាមេរិក សម្រេចចិត្តលក់អាវុធឲ្យវៀតណាមនៅពេលដែលបញ្ហាសមុទ្រចិនខាងត្បូងកាន់តែមានកម្តៅខ្លាំងឡើង។ តែទោះបីជា យ៉ាងនេះក៏ដោយ សម្រាប់វៀតណាម ការក្លាយខ្លួនទៅជាឧបករណ៏នយោបាយរបស់បរទេស ជាពិសេសសហរដ្ឋអាមេរិកមិនមែនជារឿងល្អឡើយដែលវៀតណាមអាចនឹងក្លាយខ្លួនទៅជាជនរងគ្រោះនៅទីបញ្ចប់នៃជម្លោះប្រឈមមុខគ្នារវៀងមហាអំណាចទាំងពីរនេះ។

 

ជារួម ការអនុវត្តគោលនយោបាយអព្យាក្រឹតរបស់វៀតណាមមិនត្រឹមតែបង្ហាញអោយឃើញថាវៀតណាមមិនចង់ចូល ដៃនៅក្នុងការប្រកួតប្រជែងមហាអំណាចពិភពលោកនោះទេ តែវាក៏បានបង្ហាញឱ្យឃើញពីភាពឯករាជ្យភាពរបស់ វៀតណាមនៅក្នុងការដោះស្រាយជម្លោះជាមួយចិន។ លើសពីនេះទៅទៀត គោលការណ៍អព្យាក្រឹតរបស់វៀតណាម ដែលផ្អែកទៅលើគោលការណ៍ “បួនមិន និងមួយ ពឹងពាក់មួយ” ក៏ជាសញ្ញាមួយដាស់តឿនចិនផងដែរ។ នៅក្នុង ករណីដែលចិនហ៊ានប្រើឥរិយាបទហឹង្សានៅក្នុងជំលោះសមុទ្រចិនខាងត្បូង ដែលបង្ករឱ្យប៉ះពាល់ដល់អធិបតេយ្យ ភាពរបស់វៀតណាម នោះវាជាការបើកផ្លូវឲ្យវៀតណាមនៅក្នុងការចងសម្ពន្ធ័មិត្តយោធាជាមួយសហរដ្ឋអាមេរិក និងមហាអំណាចផ្សេងៗនៅក្នុងតំបន់ដូចជាអូស្ត្រាលី ឥណ្ឌា និងជប៉ុន។ នេះជាការបង្ហាញអោយឃើញថាវៀតណាម នឹងមិនស្ទាក់ស្ទើរឡើងនៅក្នុងការពឹងពាក់មហាអំណាចមួយទៀតដើម្បីការពារអធិបតេយ្យរបស់ខ្លួនពីការឈ្លានពានរបស់ចិន៕

 

លោក រីម សុខវី សហស្ថាបនិកThe Thinker Cambodia។ រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។