តើកម្ពុជាអាចនឹងជួបសោកនាដកម្មសារជាថ្មីដែរឬទេ ក្នុងពេលនៃការប្រកួតប្រជែងមហាអំណាចចិន-អាមេរិក?

វណ្ណ ប៊ុនណា | 10 August 2021 |
Share this article to

 

កម្ពុជាត្រូវបានគេមើលឃើញថាបាននឹងកំពុងក្លាយទៅជាចំណុចកណ្តាលនៃការប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នារវាងអាមេរិក-ចិន នៅតំបន់អាស៊ីអាគ្នេយ៍។ ការចោទប្រកាន់អំពីភាពដែលអាចកើតមានវត្តមានយោធាចិននៅកម្ពុជានាពេលថ្មីៗនេះ គឺជាសញ្ញាសំខាន់មួយសម្រាប់វាស់ស្ទង់ពីភាពធន់ និងសាកល្បងសមត្ថភាពរបស់កម្ពុជាក្នុងការសម្របខ្លួនទៅនឹងបរិបទនយោបាយអន្ដរជាតិសម័យបច្ចុប្បន្ននៃការប្រកួតប្រជែងរវាងពួកមហាអំណាច។​ នៅខណៈដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយអាមេរិក-ចិនកាន់តែមានកម្តៅខ្លាំងឡើង បញ្ហាមូលដ្ឋានទ័ពរាមហាក់ដូចជារឿងដ៏គួរឱ្យព្រួយបារម្ភមួយដែលអាចទាញកម្ពុជាទៅក្នុងអន្ទាក់នៃការដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រយុទ្ធសាស្រ្តរបស់ពួកមហាអំណាច ដែលអាចប្រែក្លាយកម្ពុជាទៅជាសមរភូមិប្រយុទ្ធមួយ។

 

សោកនាដកម្មកម្ពុជាក្នុងអតីតកាល

សោកនាដកម្មកម្ពុជានៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបបានកើតឡើងនៅពេលដែលកម្ពុជាបានបោះបង់ចោលគោលនយោបាយការបរទេសអព្យាក្រឹតរបស់ខ្លួនក្នុងសម័យសង្គ្រាមត្រជាក់។ គួររម្លឹកថា បន្ទាប់ពីទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ សម្តេចនរោត្តម សីហនុបានប្រកាន់យកគោលនយោបាយការបរទេសអព្យាក្រឹត ដោយមិនចូលរួមទាំងជាមួយប្លុកសេរីដែលដឹកនាំដោយអាមេរិក និងប្លុកកុម្មុយនិស្តដែលដឹកនាំដោយសភាពសូវៀត។ ចំពោះសម្តេចសីហនុ គោលនយោបាយអព្យាក្រឹត គឺជាជំហរការទូតដ៏ល្អបំផុតសម្រាប់កម្ពុជា ដើម្បីការពារខ្លួនកុំឲ្យធ្លាក់ចូលអន្ទាក់នៃសង្រ្គាមត្រជាក់។

 

តែជាអកុសល កម្ពុជាមិនអាចរក្សាជំហរអព្យាក្រឹតរបស់ខ្លួនបានទេ។ កម្ពុជាបន្តិចម្តងៗបានភ្ជាប់ខ្លួនទៅជាមួយប្លុកកុម្មុយនិស្ត។ ជាក់ស្តែង ដូចជាការដំណើរទស្សនកិច្ចរបស់សម្តេចសីហនុទៅកាន់ទីក្រុងមូស្គូ និងប៉េកាំងជាដើម។ មួយវិញទៀត នៅខែឧសភាឆ្នាំ ១៩៦៥ សម្តេចសីហនុបានកាត់ផ្តាច់ទំនាក់ទំនងការទូតកម្ពុជាជាមួយសហរដ្ឋអាមេរិក។ សកម្មភាពទាំងនេះបានបង្ហាញថា ព្រះអង្គបានបោះបង់ចោលគោលនយោបាយអព្យាក្រឹតរបស់កម្ពុជា ហើយបានទៅចង់សម្ព័ន្ធមិត្តជាមួយចិនកុម្មុយនិស្ត។

 

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ការបោះបង់គោលនយោបាយអព្យាក្រឹតរបស់សម្តេចសីហនុបានក្លាយជារបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានរុញច្រានកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមខ្ចីដៃ (proxy war) និងសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។  បញ្ញវន្តខ្លះបានអះអាងថាការសម្រេចចិត្តរបស់សម្តេចសីហនុក្នុងការផ្តាច់ទំនាក់ទំនងកាទូតកម្ពុជា-អាមេរិក ហើយទៅចងសម្ព័ន្ធភាពជាមួយចិនបានផ្តល់ឱកាសឱ្យទីក្រុងប៉េកាំងក្នុងការយកប្រៀបទៅលើគោលនយោបាយគ្មានតុល្យភាពរបស់កម្ពុជា ដោយដាក់សម្ពាធឱ្យទីក្រុងភ្នំពេញ អនុញ្ញាតឱ្យពួកវៀតកុងសង់ផ្លូវនៅតាមព្រំដែនវៀតណាម-កម្ពុជា។ ឆ្លើយតបទៅនឹងវត្តមានពួកវៀតកុងនៅកម្ពុជា អាមេរិកបានទម្លាក់គ្រាប់ជាច្រើនដែលធ្វើឱ្យជនស៊ីវិលបាត់បង់ជីវិតអស់ប្រមាណ​ ៥០ ម៉ឺននាក់់

 

មួយវិញទៀត នៅពេលដែលសម្តេចសីហនុកាន់តែជិតស្និតខ្លាំងជាមួយចិន អាមេរិកបានគាំទ្រឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ សិរិ មតៈ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុពីអំណាចក្នុងខែមីនា ឆ្នាំ១៩៧០។  បន្ទាប់ពីដណ្តើមអំណាចបានទាំងស្រុង លន់ នល់ និងសហការីរបស់ខ្លួនបានបង្កើតរបបសាធារណរដ្ឋខ្មែរនៅខែតុលា ឆ្នាំ១៩៧០ ដោយគាំទ្រប្លុកសេរី។ សាធារណរដ្ឋខ្មែរមានគោលនយោបាយការបរទេសរណបអាមេរិកក្នុងកំលុងសង្គ្រាមត្រជាក់។ ក្រោយមកអាមេរិកបានប្រើប្រាស់ទឹកដីកម្ពុជាជាសមរភូមិប្រយុទ្ធទប់ទល់ឥទ្ធិពលកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ ជាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនិស្តវៀតណាម ពួកវៀតកុងក្នុងសង្គ្រាមឥណ្ឌូចិន។ នៅចន្លោះឆ្នាំ១៩៦៥ និង១៩៧៣ អាមេរិកបានទម្លាក់បែកប្រមាណ ២,៧ លានតោនមកលើកម្ពុជា ដែលតួលេខនេះច្រើនជាងគ្រាប់បែកដែលពួកសម្ព័ន្ធមិត្តបានទម្លាក់ក្នុងកំឡុងសង្គ្រាមលោកលើកទី២ទៅទៀត។ សោកនាដកម្មនេះ​ បានធ្វើឱ្យជនស៊ីវិលកម្ពុជារាប់សែននាក់បាត់បង់ជីវិត ហើយផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបំផ្លាញ។

 

លើសពីនេះទៅទៀត ជាអកុសលរបបសាធារណរដ្ឋខ្មែរដែលធ្លាប់ទទួលបានការគាំទ្រពីអាមេរិកត្រូវបានដួលរលំនៅពេលដែលអាមេរិកចាញ់សង្រ្គាមវៀតណាម​ ហើយដកវត្តមានខ្លួនចេញពីតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ១៩៧៥។ នៅទីបំផុត អាមេរិកបានបោះបង់ចោលកម្ពុជា ហើយធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងកណ្តាប់ដៃពួកខ្មែរក្រហម។ ព្រះអង្គម្ចាស់ សិរិ មតៈមានការខកចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលអាមេរិកបានធ្វើមកលើកម្ពុជា។ នៅក្នុងលិខិតមួយផ្ញើជូនឯកអគ្គរដ្ឋទូតអាមេរិក ចន ហ្គុនថឺឌឺន ព្រះអង្គ បានសរសេរថា

“ចំពោះអ្នកនិងជាពិសេសសម្រាប់ប្រទេសដ៏អស្ចារ្យរបស់អ្នក ខ្ញុំមិនដែលជឿសោះឡើយថាអ្នកនឹងមានគំនិតបោះបង់ពលរដ្ឋដែលជ្រើសរើសយកសេរីភាព។ អ្នកបានបដិសេធផ្តល់ការការពាររបស់អ្នកដល់យើង ហើយយើងមិនអាចការពាខ្លួនឯងបាននោះទេ។ អ្នកចាកចេញពីយើង ហើយខ្ញុំសូមជូនពរអ្នកនិងប្រទេសរបស់អ្នកឱ្យមានសុភមង្គល។ ប៉ុន្តែសូមបញ្ជាក់ឱ្យច្បាស់ថា ខ្ញុំសុខចិត្តស្លាប់នៅទីនេះ ក្នុងប្រទេសដែលខ្ញុំស្រលាញ់ វាជារឿងដែលគួរឱ្យសោកស្តាយខ្លាំងណាស់ ព្រោះយើងទាំងអស់គ្នាកើតមកហើយត្រូវតែស្លាប់នៅថ្ងៃណាមួយ។ ខ្ញុំបានប្រព្រឹត្តកំហុសដ៏ធំមួយប៉ុណ្ណោះដែលជឿលើអ្នក ជនជាតិអាមេរិក”។

 

បន្ទាប់ពីអាមេរិកចាកចេញពីកម្ពុជា ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥។ របបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល ពតត្រូវបានបង្កើតឡើងជាផ្លូវការ។ របបប្រល័យពូជសាសន៍នេះបានគាំទ្រមនោគមន៍វិជ្ជាកុម្មុយនិស្ត ហើយបានភ្ជាប់ខ្លួនជាមួយប្លុកកុម្មុយនិស្តក្នុងសម័យសង្គ្រាមត្រជាក់។

 

របបកម្ពុជាប្រជាធិបតេយ្យបន្តិចម្តងៗ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ និងបន្តគោលនយោបាយការបរទេសឯកោនិយម ដោយរក្សាទំនាក់ទំនងជាមួយប្រទេសបរទេសមួយចំនួនប៉ុណ្ណោះ ដែលក្នុងនោះមានចិនដែលជាដៃគូយុទ្ធសាស្ត្រនិងសម្ព័ន្ធមិត្តធំរបស់ខ្លួន។ នៅពេលនោះជំនួយរបស់ចិនចំពោះខ្មែរក្រហមមានប្រហែល ៩០ ភាគរយនៃជំនួយបរទេសសរុប។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះលោក​ អ៊ែនឌ្រូ ម៉ាថា អ្នកនិពន្ធសៀវភៅ បងប្អូនរួមអាវុធ: ជំនួយរបស់ចិនចំពោះខ្មែរក្រហម ១៩៧៥១៩៧៩ បានកត់សម្គាល់ថា “បើគ្មានជំនួយពីចិនទេ របបខ្មែរក្រហមនឹងមិនអាចរស់បានរយៈពេលមួយសប្តាហ៍នោះឡើយ។”

 

អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺដោយសារតែជំនួយរបស់ចិន ខ្មែរក្រហមអាចពង្រីកយុទ្ធនាការបោសសម្អាតរបស់ខ្លួនដើម្បីកំចាត់មនុស្សដែលពួកគេចាត់ទុកថាជាសត្រូវផ្ទៃក្នុងរបស់របបនេះ។ យុទ្ធនាការបោសសំអាតនេះផ្តោតលើ ក្រុមបញ្ញវន្ត ព្រះសង្ឃ និងមន្រ្តីនៃរបបចាស់។

 

ក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ របបខ្មែរក្រហមបានរុញច្រានប្រទេសកម្ពុជាឱ្យធា្លក់ចូលក្នុងរបបវាលពិឃាតដែលបានសម្លាប់ប្រជាជនកម្ពុជាអស់ប្រមាណ ១,៧ លាននាក់។ បន្ទាប់ពីខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ របបសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើង។ របបថ្មីនេះតែងតែមិនទុកចិត្តលើចេតនារបស់ចិន ព្រោះចិនជាសម្ព័ន្ធមិត្តសំខាន់របស់ពួកខ្មែរក្រហម។ ដូចអ្វីដែលសម្តេច ហ៊ុន សែន ធ្លាប់បាននិយាយថា “ចិនគឺជាដើមចមនៃអំពើអាក្រក់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។”

 

តើសោកនាដកម្មអាចនឹងត្រលប់មកកម្ពុជាវិញទេ?

ប្រវតិ្តសាស្រ្តកម្ពុជាបានបង្រៀនយើងថា សោកនាដកម្មបានកើតឡើងនៅពេលប្រទេសរបស់យើងពឹងផ្អែកខ្លាំងឬពឹងផ្អែកលើមហាអំណាចតែមួយ។ រដ្ឋតូចនិងទន់ខ្សោយដូចកម្ពុជាមិនគួរពឹងផ្អែកខ្លាំងទៅលើមហាអំណាចតែមួយនោះទេ ជាពិសេសក្នុងពេលនៃការប្រកួតប្រជែងរវាងពួកមហាអំណាច។ ការបង្ហាញជំហរច្បាស់លាស់គាំទ្រនិងទោរទន់ខ្លាំងទៅរកមហាអំណាចណាមួយ វាជារឿងងាយទទួលរងគ្រោះ និងហានិភ័យ។ កម្ពុជាអាចនិងគួររៀនពីមេរៀនអតីតកាលរបស់ខ្លួន ដើម្បីចៀសវាងនូវកំហុសឆ្គងយុទ្ធសាស្ត្ររបស់ខ្លួនម្តងទៀត។

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងពេលនៃការកើនឡើងការប្រកួតប្រជែងរវាងពួកមហាអំណាច កម្ពុជាត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិននៅអាស៊ីអាគ្នេយ៍។ ចិនឥឡូវនេះគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាម្ចាស់ជំនួយធំបំផុត វិនិយោគិនបរទេសដ៏ធំរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ចាប់តាំងពីឆ្នាំ២០១០ នៅពេលដែលប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជាកាន់តែពឹងផ្អែកខ្លាំងទៅលើចិន ទាំងផ្នែក​សេដ្ឋកិច្ច នយោបាយនិងយុទ្ធសាស្ត្រ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានលើកសរសើរចិនយ៉ាងក្លៀវក្លា ដោយលោកបាននិយាយថា “បើគ្មានជំនួយពីចិនទេយើងមិនអាចទៅណាបាននោះទេ។” នាពេលថ្មីៗនេះ នៅក្នុងសន្និសីទ Nikkei’s Future of Asia សម្តេច ហ៊ុន សែនបានសង្កត់ធ្ងន់ទៅលើការពឹងផ្អែករបស់កម្ពុជាទៅលើចិន ដោយលោកនិយាយថា “បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា?” ការថ្លែងបែបនេះគឺជារឿងដែលគួរឱ្យព្រួយបារម្ភមួយ ព្រោះវាបានបង្ហាញថាកម្ពុជាកំពុងតែពឹងផ្អែកខ្លាំងទៅលើមហាអំណាចតែមួយ ដូចអ្វីដែលកម្ពុជាធ្លាប់ធ្វើក្នុងពេលអតីតកាល។

 

មួយវិញទៀត ខណៈពេលដែលកម្ពុជាកំពុងមានភាពផ្អែមល្ហែមខ្លាំងជាមួយចិន ទំនាក់ទំនងទ្វេភាគីរបស់ខ្លូនជាមួយអាមេរិកកំពុងប្រឈមនឹងបញ្ហាខ្លាំង។ បន្ថែមពីលើបញ្ហាការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ពាក្យចចាមអារាមនិងការចោទប្រកាន់ពីមានវត្តមានយោធាចិននៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែដាំក្បាលចុះខ្លាំងថែមទៀត។

 

ជាក់ស្តែង នៅក្នុងកិច្ចប្រជុំមួយជាមួយសម្តេចហ៊ុន សែន នៅទីក្រុងភ្នំពេញនាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវត្តមានយោធាចិននៅក្នុងប្រទេសកម្ពុជា និងបានជំរុញឱ្យកម្ពុជារក្សានូវគោលនយោបាយការបរទេសឯករាជ្យ និងមានតុល្យភាព។ នេះបានបង្ហាញច្បាស់ថា អាមេរិកកំពុងតែមិនពេញចិត្តកម្ពុជាដែលស្និទ្ធស្នាលខ្លាំងជាមួយចិន។

 

ស្ថិតក្នុងពេលដែលអរិភាពអាមេរិក-ចិនកាន់តែកើនឡើងខ្លាំង ការបង្ហាញជំហរច្បាស់លាស់របស់ទីក្រុងភ្នំពេញក្នុងការគាំទ្រទីក្រុងប៉េកាំងខ្លាំងហាក់មិនមានសញ្ញាល្អសោះឡើយចំពោះអនាគតកម្ពុជា។ កម្ពុជាហាក់ដូចជាកំពុងលេងល្បែងដ៏គ្រោះថ្នាក់ខ្លាំងមួយ។​ ប្រសិនបើបរាជ័យក្នុងការគណនាយុទ្ធសាស្រ្តដូចក្នុងពេលអតីតកាល កម្ពុជាអាចនឹងទទួលរងសោកនាដកម្មម្តងសាជាថ្មីម្តងទៀត។  អ្វីដែលគួឱ្យចាប់អារម្មណ៏ខ្លាំងនោះ ការចោទប្រកាន់នាពេលថ្មីៗនេះអំពីវត្តមានយោធាចិននៅលើដីកម្ពុជា គឺជាសញ្ញាមួយបង្ហាញថា កម្ពុជាបន្តិចម្តងៗអាចនឹងក្លាយជាសមរភូមិប្រយុទ្ធរបស់ពួកមហាអំណាច ដូចដែលបានកើតមានក្នុងកំលុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០។

 

ទោះបីជាបែបនេះក្តី ក៏ប្រហែលមានមតិខ្លះអាចនឹងមិនយល់ស្របជាមួយការលើកឡើងនេះ។ ពួកគេអាចលើកឡើងថា នេះគ្រាន់តែជាផ្នត់គំនិតសង្រ្គាមត្រជាក់តែប៉ុណ្ណោះ ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិភពលោកបច្ចុប្បន្ននោះទេ។

 

ជាការពិត សម្តេចសីហនុ លន់នល់ ឬប៉ុលពត ប្រហែលជាបានគិតដូចគ្នានេះដែរ ដោយសំអាងថាការគាំទ្រឫក៏ចូលរួមរបស់ខ្លួនជាមួយពួកមហាអំណាចគឺជារឿងត្រឹមត្រូវនៅក្នុងសម័យកាលរបស់ពួកគេ។ តែជាអកុសល ពួកគេបាននាំមកនូវសោកនាដកម្មដែលមិនអាចបំភ្លេចបានដល់ប្រទេសខ្លួននៅទីបញ្ចប់។ សំខាន់ជាងនេះទៅទៀត មិនថានៅក្នុងសម័យសង្រ្គាមត្រជាក់ឬនៅពេលណាមួយទេ មហាអំណាចតែងតែប្រយុទ្ធគ្នាដើម្បីឧត្តមភាពរបស់ខ្លួន។ អ្នកប្រាជ្ញទ្រឹស្តីវិទូប្រាកដប្រជានិយមដ៏ល្បីល្បាញ លោក John Mearsheimer បានអះអាងថា“ មហាអំណាចតែងតែប្រកួតប្រជែងគ្នា” ដើម្បីក្លាយជាប្រទេសខ្លាំងលេខមួយនៅក្នុងប្រព័ន្ធអន្តរជាតិ។ ដូចគ្នានេះផងដែរ ផ្នត់គំនិតអន្ទាក់​Thucydides ក៏រម្លឹកយើងផងដែរថា មហាអំណាចដែលរះថ្មីតែងតែគំរាមកំហែងផ្លាស់ប្តូរអំណាចចាស់ ដែលអាចបង្ករឱ្យមានសង្គ្រាមធំកើតឡើង។

 

ដូច្នេះដើម្បីកាត់បន្ថយលទ្ធភាពនៃសោកនាដកម្មណាមួយដែលអាចកើតឡើងម្តងទៀត មេដឹកនាំនិងអ្នកបង្កើតគោលនយោបាយកម្ពុជាគួរចងចាំនិងរៀនសូត្រពីមេរៀនសោកនាដកម្មក្នុងពេលអតីតកាលរបស់កម្ពុជា​ ហើយត្រូវព្យាយាមចៀសវាងកំហុសឆ្គងយុទ្ធសាស្រ្តចាស់ ដែលធ្វើឱ្យប្រទេសនេះក្លាយជាជនរងគ្រោះនៃការប្រជែងមហាអំណាច។  កម្ពុជាដែលជារដ្ឋតូចមួយ មានធនធាននិងថាមពលនៅមានកម្រិត គួរតែប្រកាន់យកគោលនយោបាយការបរទេសពហុភាគីនិយមនិងតំបន់និយមជាជម្រើសរបស់ខ្លួន។ កម្ពុជាគួរតែព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីធ្វើឱ្យមានតុល្យភាពនូវយុទ្ធសាស្រ្តការបរទេសរបស់ខ្លួន ជាជាងប្រកាន់យកគោលនយោបាយការបរទេសបែបចង់សម្ព័ន្ធមិត្តជាមួយមហាអំណាចណាមួយដាច់មុខ។

 

កម្ពុជាក៏ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “អព្យាក្រឹតភាពអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ” ដែលមានចែងក្នុងមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ។ វាមានសារៈសំខាន់ណាស់ដែលកម្ពុជាគួរតែកំណត់គោលនយោបាយការបរទេសរបស់ខ្លួនឱ្យបានសមស្រប ដើម្បីចៀសវាងការក្លាយទៅជនរងគ្រោះក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងដើម្បីអាចសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួន ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

 

លោក វណ្ណ ប៊ុនណា​ សហស្ថាបនិក The Thinker Cambodia និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសំរាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព (CICP)។​ រាល់ខ្លឹមសារទាំងអស់ជាគំនិតរបស់អ្នកនិពន្ធផ្ទាល់មិនឆ្លុះបញ្ចាំងពីទស្សនៈសា្ថប័នដែលលោកពាក់ព័ន្ធនោះទេ។