អ្វីទៅជា ប្រជាធិបតេយ្យសេរីទំនើប?

Share this article to

 

យោងតាមលោក ហ្វ្រង់ស៊ីស ហ្វ៊ុគុយ៉ាម៉ា ទម្រង់នយោបាយប្រជាធិបតេយ្យសេរីទំនើប គឺជាការរួមបញ្ចូលគ្នានៃស្ថាប័នមូលដ្ឋាន៣ ពោលគឺ រដ្ឋ, នីតិរដ្ឋ និងអភិបាលកិច្ចប្រជាធិបតេយ្យ។

 

ស្ថាប័នដំបូងគេគឺរដ្ឋ។ បើយោងតាមសង្គមវិទូអាល្លឺម៉ង់ រដ្ឋជាអង្គដែលមានអំណាចនីត្យានុកូលភាពផ្តាច់មុខក្នុងការប្រើប្រាស់អំណាចបង្ខំដើម្បីរក្សាសន្តិភាព, ការពារប្រទេសពីការឈ្លានពានពីសត្រូវខាងក្រៅ, ពង្រឹងច្បាប់ និងផ្តល់សេវាសាធារណៈមូលដ្ឋានដល់សហគមន៍នយោបាយ។ ប៉ុន្តែអំណាចលើសលប់ពេក អាចនាំដល់ការរំលោភអំណាច (power abuses) ដូចដែល Lord Acton ព្រមានថា អំណាចប្រទាញទៅរកពុករលួយ អំណាចផ្តាច់ការ មហាពុករលួយ។ ហេតុដូចនេះ ស្ថាប័នទី២ ត្រូវលេចឡើងដើម្បីកម្រិតអំណាចនេះ ដែលសំដៅដល់ នីតិរដ្ឋ (rule of law)។

 

នីតិរដ្ឋនេះ គឺជាសំណុំនៃវិធាន ច្បាប់ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃសហគមន៍ ឬធម្មនុញ្ញភាពនៃច្បាប់ ដែលច្បាប់ទាំងឡាយត្រូវតែស្របតាមរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យដែលកើតចេញពីសភាប្រជាធិបតេយ្យក្នុងនោះអធិបតេយ្យភាពពលរដ្ឋជាស្នូល។ ជាពិសេស ច្បាប់ត្រូវអនុវត្តទៅលើគ្រប់មនុស្សទាំងអស់នៅក្នុងសង្គម។ ប្រសិនបើច្បាប់មិនអាចអនុវត្តទៅលើអ្នកមានអំណាច ច្បាប់គ្រាន់តែជាឧបករណ៍អំណាច ឬនីតិមាត់ (rule by law)។

 

ទី៣ គឺគណនេយ្យភាពប្រជាធិបតេយ្យ ដែលជាការទប់ស្កាត់អំណាច ដើម្បីកុំឱ្យអ្នកកាន់អំណាចប្រើប្រាស់អំណាចនយោបាយ និងអំណាចរដ្ឋបំរើផលប្រយោជន៍ផ្ទាល់ខ្លួន តែត្រូវបំរើផលប្រយោជន៍សហគមន៍ជារួម។

 

ជារួម ប្រជាធិបតេយ្យសេរី ធ្វើឱ្យមានតុល្យភាពស្ថាប័នបដិវាទទាំងនេះ គឺថារដ្ឋត្រូវមានអំណាចដើម្បីប្រើប្រាស់អំណាចនេះយ៉ាងមានប្រសិទ្ធភាព (រដ្ឋដែលគ្មានស្ថាប័នទប់ស្កាត់អំណាច នាំទៅរកផ្តាច់ការ ប៉ុន្តែរដ្ឋដែលត្រូវបានទប់ស្កាត់អំណាចទាំអស់ពេក ហើយគ្មានអំណាច គឺអនាធិបតេយ្យ) រីឯនីតិរដ្ឋ និងគណនេយ្យភាពប្រជាធិបតេយ្យ ត្រូវទប់ស្កាត់អំណាចនិងធានាថាអំណាចត្រូវបានប្រើប្រាស់ក្នុងន័យផលប្រយោជន៍សាធារណៈ៕

 

ប្រភព៖​ លោកបណ្ឌិត រ៉ូ វណ្ណៈ