គំរូអភិវឌ្ឍន៍ប្រទេសសឹង្ហបុរីតាមបែបគុណាធិបតេយ្យ

រីម សុខវី | 27 July 2021 |
photo of The Thinker Cambodia
Share this article to

 

សឹង្ហបុរីនៅក្នុងកំលុងទសវត្សរ៍ឆ្នាំ ១៩៦០ ជាកោះដ៏ក្រីក្រតូចមួយ មានប្រជាជនចំរុះជាតិសាសន៍ច្រើន​ និងពោរពេញដោយជម្លោះជាតិសាសន៍ ជាពិសេសរវាងចិននិងម៉ាឡេ។ ទោះបីជាយ៉ាងនេះក្តីក្នុងរយៈពេល​៥០ឆ្នាំក្រោយមក សឹង្ហបុរីបានប្រែមុខមាត់យ៉ាងខ្លាំង។ សឹង្ហបុរីបានក្លាយទៅជាប្រទេសមួយមានសេដ្ឋកិច្ចជឿនលឿន និងក្លាយទៅជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី។​ ពិតណាស់ថា កត្តាភូមិសាស្ត្រ និងភាពជាមេដឹកនាំរបស់លោកលីខ្វាន់យូគឺជាធាតុដ៏សំខាន់ដែលជួយឲ្យសេដ្ឋកិច្ចសឹង្ហបុរីមានការអភិវឌ្ឍលឿនខ្លាំង​ តែកត្តាដ៏សំខាន់មួយទៀតដែលជួយឲ្យសឹង្ហបុរីក្លាយទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំនោះគឺការអនុវត្តនូវប្រព័ន្ធគុណាធិបតេយ្យ (meritocracy)។

 

គុណាធិបតេយ្យមានន័យថាការតែងតាំងមន្រ្តី ឫក៏ការដំឡើងឋានៈរបស់មន្ត្រីនិមួយៗ គឺផ្អែកទៅតាមសមត្ថភាព និងគុណសម្បត្តិរបស់ពួកគេរៀងៗខ្លួន។ នៅក្នុងន័យនេះ ការប្រឡងធ្វើមន្ត្រីគឺមានភាពស្វិតស្វាញនិងតឹងរឹងខ្លាំង ដែលមានតែអ្នកមានសមត្ថភាពពិតប្រាកដ និងទេពកោសល្យប៉ុណ្ណោះ ទើបអាចមានឪកាសចូលធ្វើការក្នុងជួរមន្ត្រីរាជការបាន។

ដូច្នេះ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងប្រមូលផ្តុំអ្នកដែលមានចំណេះដឹង និងទេពកោសល្យឲ្យចូលមកធ្វើការនៅក្នុងជួរដ្ឋាភិបាល ប្រទេសសឹង្ហបុរីបានអនុវត្តនូវយុទ្ធសាស្ត្របីយ៉ាង។

 

យុទ្ធសាស្ត្រទីមួយ គឺការពង្រឹងប្រព័ន្ធអប់រំនៅក្នុងស្រុក។​ ការអភិវឌ្ឍធនធានមនុស្សជាកត្តាសំខាន់បំផុត ក្នុងការអនុវត្តប្រព័ន្ធគុណាធិបតេយ្យ ។ សឹង្ហបុរីជាប្រទេសមួយដែលចំណាយថវិការច្រើនទៅលើវិស័យអប់រំ។  ជាក់ស្តែង នៅឆ្នាំ ២០២០ រដ្ឋាភិបាលសឹង្ហបុរីបានចំណាយប្រាក់រហូតដល់ $១៣,៣ ពាន់លានដុល្លាអាមេរិក ដែលស្មើរទៅនឹងជាង ២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ សឹង្ហបុរីបានកែប្រែប្រពន្ធ័អប់រំរបស់ខ្លួនពីប្រព័ន្ធដែលអនុវត្តតាមចក្រភពអង់គ្លេស ទៅជាប្រព័ន្ធដែលអនុវត្តតាមសហរដ្ឋអាមេរិក។  គ្រឹស្ថានសិក្សានិមួយៗត្រូវតែមានគុណភាពនិងស្តង់ដារខ្ពស់ ហើយអាចបណ្តុះធនធានមនុស្សទៅជាធាតុសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងមានសមត្ថភាពនៅពេលបញ្ចប់ការសិក្សាតាមកំរិតនិមួយៗ។ ជាឧទាហរណ៍ ការស្ទង់មតិមួយបានរកឃើញថា និស្សិតសឹង្ហបុរីចំនួន ៨១,៧% អាចរកការងារធ្វើបានក្នុងរយៈពេល ៦ខែបន្ទាប់ពីបញ្ចប់ការសិក្សា ជាមួយនឹងប្រាក់ឈ្នួបពី $៣៦០០ ដុល្លាអាមេរិកទៅ​ $៥៨០០ ដុល្លាអាមេរិកក្នុងមួយខែ​។ នេះជាតួលេខមួយដ៏ខ្ពស់បំផុតនៅអាស៊ី ខណៈដែលនៅកូរ៉េខាងត្បូងមានតែ ៦៧,១% ហើយនៅជប៉ុនមានតែ ៧៨,០% ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលសឹង្ហបុរីក៏បានកំណត់នូវថ្លៃសិក្សាតាមសាកលវិទ្យាល័យនីមួយៗ មិនឲ្យលើសពីសមត្ថភាពរបស់គ្រួសារដែលមានប្រាក់ចំណូលកម្រិតមធ្យម។ ហើយគ្រួសារដែលមានប្រាក់ចំណូលទាប ត្រូវបានទទួលការផ្គត់ផ្គង់ថ្លៃសិក្សាដោយរដ្ឋ។ ការធ្វើបែបនេះ មិនត្រឹមតែជួយកាត់បន្ថយបញ្ហាគម្លាតសង្គមរវាងអ្នកមាននិងអ្នកក្រទេ តែវាក៏អាចកាត់បន្ថយហានិភ័យនៃការគ្រប់គ្រងប្រទេសដោយពួកអភិជនតែមួយក្តាប់តូចផងដែរ។ ដូច្នេះ អ្នកដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាបក៏អាចមានឪកាសបានចូលសិក្សានៅសាលាល្បី ហើយអាចចូលកាន់តំណែងសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលផងដែរ។

 

យុទ្ធសាស្ត្រទីពីរ គឺការផ្តោតទៅលើលទ្ធផលការងារបស់មន្រ្តី។ សឹង្ហបុរី​លើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាពនិងផ្តល់រង្វាន់ដល់មន្រ្តីដែលមានស្នាដៃក្នុងការសម្រេចកិច្ចការអ្វីមួយ ខណៈដែលមន្ត្រីអសមត្ថភាពឬអសកម្មអាចប្រឈមមុខនឹងការដកហូតចេញពីដំណែង។ រដ្ឋាភិបាលសឹង្ហបុរីក៏បានបង្កើតឲ្យមានការប្រកួតប្រជែងយ៉ាងតឹងរឹងដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាកំពូលៗនៅបរទេស។ ហើយពេលត្រលប់មកវិញ ពួកគេត្រូវបានឆ្លងកាត់តំណាក់កាលនៃការវាយតំលៃយ៉ាងតឹងរឹងដើម្បីចូលបំរើតួនាទីសំខាន់ៗនៅក្នុងជួររដ្ឋាភិបាល។ អ្នកដែលមានសមត្ថភាពខ្ពស់អាចនឹងត្រូវជ្រើសរើសឲ្យចូលបំរើក្នុងតួនាទីសំខាន់ៗដូចជាលេខាធិការអចិន្ត្រៃយ៍ និងគណៈរដ្ឋមន្ត្រីជាដើម។

 

យុទ្ធសាស្ត្រទីបី គឺការផ្តល់ប្រាក់បៀវត្តន៍ខ្ពស់ដល់មន្ត្រីរាជការ។ សឹង្ហបុរីជាប្រទេសមួយដែលផ្តល់ប្រាក់បៀវត្តន៍ច្រើនជាងគេបំផុតដល់មន្ត្រីរាជការ។ ជាក់ស្តែង សមាជិកសភាម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភជាមធ្យមចំនួន $១៩២,៥០០​ ដុល្លាអាមេរិកក្នុងមួយឆ្នាំ ខណៈដែលនាយករដ្ឋមន្ត្រីទទួលបានរហូតដល់ទៅ ២,២ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។​ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យរដ្ឋាភិបាលសឹង្ហបុរីអាចអូសទាញអ្នកដែលមានចំណេះដឹងជ្រៅជ្រះមកធ្វើការប៉ុណ្ណោះទេ តែវាក៏អាចកាត់បន្ថយហានិភ័យនៃអំពើពុករលួយនៅក្នុងប្រទេសផងដែរ។

 

ការអភិវឌ្ឍជឿនលឿនរបស់សឹង្ហបុរីបានបង្ហាញឲ្យឃើញថា ទោះបីជាប្រទេសនេះមិនសម្បូរធនធានធម្មជាតិក៏ដោយ ក៏សឹង្ហបុរីអាចការអភិវឌ្ឍរីកចំរើខ្លាំងបានដែរ  ប្រសិនបើមានការអភិវឌ្ឍនិងឲ្យតម្លៃទៅលើធនធានមនុស្សដែលជាកោសិការសង្គមដ៏សំខាន់។ ជាពិសេសជាងនេះទៀត តាមរយៈការប្រើប្រាស់នូវប្រព័ន្ធគុណាធិបតេយ្យ វាមិនត្រឹមតែអាចជួយសឹង្ហបុរីឲ្យអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សបានឆាប់រហ័សនោះទេ តែវាក៏ជួយឲ្យសឹង្ហបុរីក្លាយទៅជាសង្គមមួយដែលមានភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ និងឥទ្ធិពលខ្លាំងផងដែរ៕​

 

ដោយ៖ លោក រីម សុខវី សហស្ថាបនិក​ The Thinker Cambodia។​​

រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។