ហេតុអ្វីកម្ពុជាគួរយកចិត្តទុកដាក់ប្រយ័ត្នខ្ពស់ក្នុងទំនាក់ទំនងជាមួយចិន?

រីម សុខវី | 15 June 2021 |
ប្រភព៖ Khmer Times
Share this article to

 

គ្មាននណារម្នាក់អាចបដិសេធបានឡើយ ដែលថាកម្ពុជាបានទទួលបានផលប្រយោជន៍ជាច្រើននៅក្នុងទំនាក់ទំនងជាមួយចិន ទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខជាតិ និងការទូត (សូមអានអត្ថបទចុះផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១) តែទោះបីជាយ៉ាងនេះក្តី កម្ពុជាគួរប្រុងប្រយ័ត្នក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយចិន វាក៏អាចមានហានិភ័យច្រើនផងដែរ។ ទំនាក់ទំនងស្អិតរមួតរវាងកម្ពុជានិងចិន ក៏បានចោទជាផលវិបាកដល់កម្ពុជា ទាំងនៅលើឆាកអន្តរជាតិ និងទាំងក្នុងស្រុក។

 

លើឆាកអន្តរជាតិ កេរ្តិ៍ឈ្មោះរបស់កម្ពុជា ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដែលមានការិះគន់ជាបន្តបន្ទាប់ថា កម្ពុជាគឺជា “កូនអុក”របស់ចិននៅក្នុងតំបន់។ ការចោទប្រកាន់នេះបានកើតឡើង គឺសំដៅដល់សកម្មភាពកម្ពុជានៅឆ្នាំ ២០១២ ដែលពេលនោះកម្ពុជាបានធ្វើជាប្រធានអាស៊ាន ហើយបានបរាជ័យក្នុងការសម្របសម្រួលអាស៊ានឲ្យចេញសេចក្តីថ្លែងការណ៍រួម ដើម្បីថ្កោលទោសសម្មភាពរបស់ចិននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ ហើយរឿងស្រដៀងនេះកើតមានម្តងទៀត នៅពេលកម្ពុជាបានរារាំងសេចក្តីថ្លែងការរួមរបស់អាស៊ានទៅកាន់ទង្វើរបស់ចិននៅសមុទ្រចិនខាងត្បូង នៅកិច្ចប្រជុំអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ២០១៦។ រឿងនេះវាបានធ្វើឲ្យមានការមិនពេញចិត្តជាខ្លាំងពីប្រទេសក្នុងតំបន់ ជាពិសេសប្រទេសសមាជិកអាស៊ានដែលមានបញ្ហាជម្លោះដែនសមុទ្រជាមួយចិន។ ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាត្រូវរងការវាយប្រហារខ្លាំងមួយកម្រិតទៀត ដែលថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយចិន ដែលអនុញ្ញាតឲ្យចិនយកមូលដ្ឋានទ័ពជើងទឹករាមដើម្បីប្រើប្រាស់ និងដាក់ទ័ពរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិក The Walls Street Journal កាលពីឆ្នាំ២០១៩។ ចម្ងល់នេះរឹតតែកើតមានឡើងបន្ថែមទៀត នៅពេលដែលកម្ពុជាបានអនុញ្ញាតឲ្យ “អនុព័ន្ធយោធា” (Defense Attaché) របស់ស្ថានទូតអាមេរិកចូលពិនិត្យមើលមូលដ្ឋានទ័ពរាម តែបែរជាមិនបានអនុញ្ញាតឲ្យចូលមើលគ្រប់កន្លែងទៅវិញ នេះបើយោងតាម Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ទោះយ៉ាងនេះក្ដី ក៏ខាងកម្ពុជាបានលើកហេតុផលជាច្រើនដើម្បីឆ្លើយតបចំពោះសេចក្ដីប្រកាសពីទូតសហរដ្ឋអាមេរិកមួយនេះ។ រឿងនេះអាចបង្ករជាបញ្ហាចម្បងមួយដែលអាចធ្វើឲ្យភាគីទាំងពីរបន្តមិនទុកចិត្តគ្នាកាន់តែខ្លាំងឡើង ប្រសិនបើគ្មានដំណោះស្រាយសមស្របនោះទេ។ រូបភាពទាំងនេះហើយដែលតែងតែជះឥទ្ធិពលអវិជ្ជមានទៅលើកម្ពុជាក្នុងឆាកអន្តរជាតិ។

 

ចំណែកបញ្ហាក្នុងស្រុកវិញ ជំនួយនិងវិនិយោគទុនរបស់ចិនអាចជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចក្នុងការពង្រឹងអំណាចរបស់ខ្លួនឲ្យបានកាន់តែយូរ និងដើម្បីជៀសវាងពីសម្ពាធរបស់លោកខាងលិច។ ជាក់ស្តែងជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុបក្នុងការដែលអឺរ៉ុបប្រកាសដកប្រពន្ធ័អនុគ្រោះពន្ធម្ភៃភាគរយ(២០%)ពីកម្ពុជា ចិនក៏បានប្រកាសពីការបង្កើតកិច្ចព្រមព្រៀងពាណិជកម្មសេរីទ្វេភាគី(FTA)ជាមួយកម្ពុជាភ្លាមនៅឆ្នាំ ២០២០។ ទោះបីការដកប្រពន្ធ័អនុគ្រោះពន្ធ EBA (everything but arms) ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាជាប្រចាំឆ្នាំទៅកាន់ទីផ្សាអឺរ៉ុបប៉ុន្មានជា ២០% ដែលស្មើរនឹងទឹកប្រាក់ $១.៨ ពាន់លានដុល្លា ($1.8 billion)យ៉ាងណាក្តី ក៏ការវិនិយោគទន់របស់ចិននៅកម្ពុជាបានកើនឡើងរហូតដល់ ៧០% នៅឆ្នាំ ២០២០ ដែលស្មើនឹងទឹកប្រាក់ ៨៦០ (US $860 million) លានដុល្លាអាមេរិក។ ភស្តុតាងមួយចំនួនទៀតដែលឆ្លុះបញ្ចាំងពីការឃ្លាតឆ្ងាយកម្ពុជាចេញពីប្រទេសសេរីលោកខាងលិចនោះគឺ ការរំលាយគណបក្សសង្រោះជាតិ ការបិទការិយាល័យវិទ្យាស្ថានជាតិប្រជាធិបតេយ្យឬហៅកាត់ថា អ៊ីនឌីអាយ(NDI)នៅកម្ពុជា, ក៏ដូចជាការបិទការិយាល័យវិទ្យុអាស៊ីសេរី (RFA) នៅក្នុងឆ្នាំ ២០១៧ ព្រមគ្នា ពោលគឺមួយឆ្នាំមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ខិតជិតមកដល់។

 

ទាំងនេះបានបង្ហាញថា បើទោះបីជាមានការដាក់សម្ពាធពី សហគមន៍អឺរ៉ុបនិងសហគមន៍អន្តរជាតិមកលើកម្ពុជា ជាបន្តបន្ទាប់យ៉ាងណាក្តី ក៏កម្ពុជាបន្តព្រងើយកន្តើយចំពោះវិធានការទាំងនោះហើយរិតតែបន្តខិតទៅរកជំនួយពីចិន។ ប្រការនេះវាអាចជាការបន្តដង្ហើមរបស់គណបក្សកាន់អំណាចបើទោះស្ថិតក្រោមសម្តាធពីខាងសហគមន៍អន្តរជាតិនិងសហភាពអឺរ៉ុប ដែលជាទូទៅត្រូវបានអ្នកវិភាគយល់ថាកម្ពុជាកំពុងដើរឃ្លាតឆ្ងាយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

 

ការពឹងផ្អែកទៅលើចិនខ្លាំងពេកក៏អាចជាសញ្ញាអវិជ្ជមានមួយដែលអ្នកវិភាគជាច្រើនបានហៅថា “អន្ទាក់បំណុល”។ បញ្ហាមួយនេះវាត្រូវបានលើកឡើងជាឧទាហរណ៍សម្រាប់កម្ពុជាបន្ទាប់ពីប្រទេសស្រីលង្កាដែលបានដាក់កំពង់ផែរ Hambantota របស់ខ្លួនអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន នៅពេលដែលប្រទេសនេះមិនអាចសងបំណុលចិន ដែលខ្លួនជំពាក់ចិនចំនួនជាង ៨ ពាន់លានដុល្លា ($8 billion)។ កាលពីឆ្នាំ ២០២០ថ្មីៗនេះ ឡាវដែលជាប្រទេសជិតខាងកម្ពុជា ក៏បានដាក់ឲ្យបណ្តាញអគ្គីសនីរដ្ឋ (State-run Electricite du Laos) របស់ខ្លួនអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរដ្ឋចិនសម្រាប់រយៈពេល ២៥ ឆ្នាំផងដែរ បន្ទាប់ពីប្រទេសនេះមិនអាចសងបំណុលចិនរួច ដែលខ្លួនជំពាក់ចំនួន ៦ ពាន់លានដុល្លា (US $6 billion) ដែលស្មើរនឹង ៤៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ បច្ចុប្បន្នកម្ពុជាជំពាក់បំណុលបរទេសចំនួន ៩.៦ ពាន់លានដុល្លាអាមេរិក (US $9.6 billion) ដែលក្នុងនោះ 42% ជារបស់ចិន ដែលស្មើរនឹងទឹកប្រាក់ ៣.៩ ពាន់ដុល្លាអាមេរិក (US $3.9 billion)។ បើតាមរបាយការណ៍ចេញឆ្នាំ ២០១៩ ដោយវិទ្យាស្ថានគឿល (Kiel Institution)ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ បានរកឃើញថាបំណុលកម្ពុជាចំពោះចិនគឺស្មើនឹង 25% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

 

លើសពីនេះទៅទៀត ការវិនិយោគរបស់ចិនក៏បានធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមពីការហូរចូលនៃជនអន្តោប្រវេសន៌ចិនមកកាន់កម្ពុជាកាន់តែច្រើនផងដែរ។ ដូចជានៅឆ្នាំ ២០១៨ លំហូរចូលនៃជនជាតិចិនបានកើនឡើងយ៉ាងច្រើនពី ១០០,០០០នាក់ នៅឆ្នាំ ២០១៧ ទៅ ២១០,០០០ នាក់នៅឆ្នាំ ២០១៨។ លំហូរចូលនៃជនជាតិចិនក៏បានធ្វើឲ្យកើតមានជាញឹកញាប់នូវ ការលាងលុយកខ្វក់ ឧក្រឹដ្ឋកម្ម និងអសន្តិសុខនៅទីកន្លែងមួយចំនួនក្នុងខេត្តព្រះសីហនុជាដើម។ ឧទាហរណ៌ នៅឆ្នាំ ២០១៩ ទណ្ឌិតជនជាតិចិនមានចំនួនច្រើនជាងគេ ដែលមានចំនួន ២៤១ ក្នុងចំណោមទណ្ឌិតជនបរទេសសរុប ៣៤១ នៅក្នុងខេត្តព្រះសីហនុ។ នៅឆ្នាំបន្ទាប់ កម្ពុជាត្រូវបានគេដាក់ចូលក្នុង “បញ្ចីពណ៌ប្រផេះ” (grey list) ដែលមានការសង្ស័យថាជាប់ពាក់ពន្ធ័ទៅនឹងការលាងលុយកខ្វក់ ពីអង្គការក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (Financial Action Task Force) កម្ពុជាបានរកឃើញចំនួន ៧៥ ករណីដែលទាក់ទងនៅនឹងការលាងលុយកខ្វក់ ហើយទឹកប្រាក់ចំនួន ៨ លានដុល្លាអាមេរិក ($8 million) និងរថយន្ត ៣,០០០ គ្រឿងត្រូវបានដកហូត។ ករណីលាងលុយកខ្វក់ភាគច្រើនទាក់ទងទៅនឹងជនជាតិចិន ដែលរត់ពន្ធលុយកខ្វក់តាមកោះតៃវ៉ាន់មកកម្ពុជា។

 

ជារួម ទោះបីទំនាក់ទំនងកម្ពុជា-ចិនបានផ្តល់ផលប្រយោជន៏ច្រើនដល់កម្ពុជា តែកម្ពុជាគួរប្រុងប្រយត្ន័ផងដែរ។ ការដែលកម្ពុជាងាកទៅចិនខ្លាំងពេកអាចធ្វើកម្ពុជាអាចធ្លាក់ក្នុងអន្ទាក់ភូមិសាស្រ្តនយោបាយ និងជាសមរភូមិនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងអាមេរិកនិងចិន ជាក់ស្តែងដូចជាការចោទប្រកាន់ពីមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាមនេះស្រាប់។ ដូច្នេះ កម្ពុជាគួររក្សាតុល្យភាពនយោបាយការបទេសរបស់ខ្លួនឲ្យខ្ជាប់ខ្ជួននៅក្នុងទំនាក់នងជាមួយពួកមហាអំណាច និងប្រកាន់យកនយោបាយការបរទេសដែលតម្កល់ឧត្តមប្រយោជន៏ប្រទេសជាតិនិងប្រជាជនជាធំ ជាជាងផលប្រយោជន៍បុគ្គល ឫក្រុមបក្សពួក៕

 

ដោយ៖ លោក រីម សុខវី សហស្ថាបនិក The Thinker Cambodia។

រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។