កាលពីខែមេសាថ្មីៗនេះ ចិនបានបញ្ជូនយន្តហោះយោធារបស់ខ្លួនចំនួន ២៥គ្រឿង ហោះចូលតំបន់ការពារដែនអាកាសតៃវ៉ាន់ បន្ទាប់ពីសហរដ្ឋអាមេរិកបានគំរាមទៅលើចិនដីគោកចំពោះទង្វើរបស់ទីក្រុងប៉េកាំងទៅលើតៃវ៉ាន់ និងបានអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនទៅជួបប្រជុំជាមួយមន្ត្រីដែនកោះមួយនេះបានដោយសេរី។ មួយថ្ងៃក្រោយមក ចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បានគំរាមសហរដ្ឋអាមេរិកវិញថា “កុំចង់លេងជាមួយភ្លើងទៅលើរឿងកោះតៃវ៉ាន់”។
តាមរយៈព្រឹត្តិការណ៍នេះ ហាក់បានបង្ហាញពីការផ្តូរផ្តាច់របស់ចិនក្នុងការគ្រប់គ្រងកោះតៃវ៉ាន់។ ដូច្នេះ តើអ្វីទៅជាសារសំខាន់របស់កោះតៃវ៉ាន់សម្រាប់ចិនដីគោក? តើទីក្រុងប៉េកាំងអាចនឹងបោះបង់កោះតៃវ៉ាន់ដែរឬទេ?
ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងចិនដីគោកហាក់មានការប្រែប្រួលខ្លាំង។ ចិននិងតៃវ៉ាន់តែងតែតម្លើងសរសៃករដាក់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បម្រែបម្រួលទំនាក់ទំនងរវាងភាគីទាំងពីរនេះ គឺវាអាស្រ័យទៅលើជំហររបស់មេដឹកនាំតៃវ៉ាន់ពីមួយជំនាន់ទៅមួយជំនាន់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកោះតៃវ៉ាន់អាចមានទំនាក់ទំនងល្អជាមួយចិនដីគោកបាន លុះត្រាតែតៃវ៉ាន់ស្ថិតនៅក្រោមការដឹកនាំដែលជំហរនយោបាយផ្អៀងទៅរកចិនដីគោក។ ជាក់ស្ដែង តៃវ៉ាន់ក្រោមអាណត្តិប្រធានាធិបតីរបស់លោកស្រី សៃអ៊ីវិន (Tsai Ing-Wen) មិនដែលស្គាល់សោះឡើយ នូវភាពល្អូកល្អឺននៃទំនាក់ទំនងជាមួយចិនដីគោក។ កាលពីឆ្នាំ ២០២០ ស្ទើរតែរៀងរាល់ខែ ជាពិសេសបន្ទាប់ពីលោកស្រី សៃ អីវិន ជាប់ឆ្នោតជាប្រធានាធិបតីរបស់តៃវ៉ាន់អាណត្តិទីពីរមក គេសង្កេតឃើញថាសកម្មភាពនៃយោធាចិនតែងតែកើតឡើង តាមបណ្ដោយច្រកសមុទ្រតៃវ៉ាន់ និងពេលខ្លះឆ្លងចូលរបស់តៃវ៉ាន់ផងដែរ។
ការបង្រួបបង្រួមកោះតៃវ៉ាន់ឲ្យបានរបស់ចិនដីគោក គឺជាកត្តាសំខាន់ក្នុងការ ពង្រីកគុណសម្បត្តិនិងកេត្យានុភាពរបស់បក្សកុម្មុយនីស្តចិន។ គេអាចលើកយកទឡីការណ៍ចំនួនពីរ ដើម្បីមកស្រាយការលើកឡើងខាងលើនេះ៖
ទីមួយ ការបង្រួបបង្រួមកោះតៃវ៉ាន់ និងចិនដីគោកក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត អាចបង្ហាញពីឯកភាពរបស់ចិនតែមួយក្នុងឆាកអន្តរជាតិ។ គេត្រូវដឹងថា ជាផ្លូវការ សង្គ្រាមស៊ីវិលរវាងចិននិងចិន មិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ។ គួររំលឹកផងដែរថា កាលពីឆ្នាំ១៩៤៥ មានសង្រ្គាមផ្ទៃក្នុងមួយកើតឡើងនៅចិន រវាងពួកកុម្មុយនិស្តនិយមដែលដឹកនាំដោយលោក ម៉ៅសេទុង និងពួកសេរីនិយមដែលដឹកនាំដោយលោក ឈៀងកៃ សៀក។ ហើយនៅឆ្នាំ១៩៤៩ ក្រុមរបស់លោក ឈៀងកៃ សៀក បានបាក់ទ័ពហើយរត់ទៅតាំងមូលដ្ឋានរបស់ខ្លួននៅកោះតៃវ៉ាន់ ព្រមទាំងបានបង្កើតរដ្ឋាភិបាលមួយនៅទីនោះ។ រហូតមកដល់ពេលនេះ សង្រ្គាមស៊ីវិលមួយនេះមិនទាន់ត្រូវបានបិទបញ្ជប់ទាំងស្រុងនោះទេ។ បើទោះបីជា ចិនដីគោកស្ថិតក្រោមការដឹកនាំរបស់កុម្មុយនិស្ត និងត្រូវបានទទួលកៅអីពីអង្គការសហប្រជាជាតិ ក្នុងការតំណាងឲ្យប្រជាជាតិចិនយ៉ាងពេញមុខពេញមាត់ក៏ដោយ តែនៅលើកឆាកអន្តរជាតិ ចិននៅតែមានពីរដដែល គឺចិនតៃវ៉ាន់និងចិនដីគោក។ និយាយក្នុងន័យសាមញ្ញ ការតំណាងអោយប្រជាជាតិចិនពីសំណាក់បក្សកុម្មុយនិស្តចិននៅក្នុងឆាកអន្តរជាតិមានលក្ខណៈស្រពិចស្រពិល ដោយហេតុថាប្រទេសជាច្រើនក៏ទទួលស្គាល់ចិនដីគោក ចំណែកប្រទេសខ្លះទៀតក៏នូវតែបន្តមានទំនាក់ទំនងការទូតជាមួយចិនតៃវ៉ាន់ផងដែរ។
ទីពីរ គោលនយោបាយបង្រួបបង្រួមចិនតៃវ៉ាន់ និងចិនដីគោក វាបានក្លាយទៅជារឿងដ៏សំខាន់ខ្លាំងមួយសម្រាប់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តគ្រប់ជំនាន់។ បើយើងក្រឡេកមើលអតីតកាល គ្រប់ថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្តចិន រាប់ចាប់តាំងពីលោក តេង ស៊ាវពីង (Deng Xiaoping) រហូតដល់លោក ស៊ី ជីងពីង (xi Jinping) យើងឃើញថា ពាក្យបង្រួបបង្រួមចិនតៃវ៉ាន់និងចិនដីគោកតែងតែមាននៅក្នុងសន្ទរកថា និងគោលនយោបាយរបស់ថ្នាក់ដឹកនាំចិនដីគោកពីមួយជំនាន់ទៅមួយជំនាន់។ កត្តានេះហើយដែលជំរុញឲ្យថ្នាក់ដឹកនាំចិន មិនថាលោក ស៊ី ជីងពីង ឬក៏ប្រធានាធិបតីអាណត្តិក្រោយទៀតណាៗនោះទេ គឺពិបាកនឹងបោះបង់យុទ្ធសាស្ត្រ និងគោលនយោបាយក្នុងការទាមទារយកកោះតៃវ៉ាន់ណាស់។ មួយវិញទៀត បើសិនជាការបង្រួបបង្រួមកោះតៃវ៉ាន់និងចិនដីគោក ត្រូវបានទម្លាក់ចោលក្នុងរជ្ជកាលប្រធានាធិបតីចិនរូបណា ឬក៏នឹងត្រូវបានធ្វើឲ្យរបូតនៅក្នុងជំនាន់នៃថ្នាក់ដឹកនាំកំពូលណាមួយរបស់បក្សកុម្មុយនិស្តចិន គឺវាជាការបង្ហាញពីឱនភាពនៃបក្ស។ ដោយហេតុថា គ្រប់ជំនាន់នៃថ្នាក់ដឹកនាំកំពូលបក្សនេះ គឺមិនដែលបំភ្លេចសោះឡើយ នូវការបង្រួបបង្រួមកោះតៃវ៉ាន់និងចិនដីគោក។ ដូច្នេះ ចង់រឺមិនចង់ រឿងបង្រួបបង្រួមតៃវ៉ាន់វាបានចាក់ឫស ជ្រៅក្នុងគុណតម្លៃនៃបក្សកុម្មុយនីស្តចិនរួចស្រេចទៅហើយ។ ជាក់ស្តែង លោក ស៊ី ជីងពីង បាននិយាយថា “យើងមិនសន្យាថានឹងបោះបង់ចោលការប្រើប្រាស់កម្លាំងនោះទេ ហើយយើងនៅតែរក្សានូវជម្រើសការចាត់វិធានការចាំបាច់ទាំងអស់។” ហើយលោកបានបន្តទៀតថា ជម្រើសទាំងនោះអាចនឹងត្រូវប្រើដើម្បីប្រឆាំងទៅនឹង “កិច្ចអន្តរាគមន៍របស់កម្លាំងខាងក្រៅ។” មិនត្រឹមតែប៉ុណ្ណឹងទេ លោកក៏ធ្លាប់លើកឡើងដែរថា “ការបង្រួបបង្រួមឡើងវិញគឺជានិន្នាការប្រវត្តិសាស្រ្ត និង ជាមាគ៌ាមួយដ៏ត្រឹមត្រូវ។ ឯករាជ្យភាពរបស់តៃវ៉ាន់គឺជា … ការបញ្ចប់ដោយសោដនកម្ម។”
ក្រៅពីបញ្ហានេះ ឯករាជ្យភាពកោះតៃវ៉ាន់ក៏អាចក្លាយទៅជារឿងគ្រោះថ្នាក់មួយ ក្នុងការគំរាមកំហែងទៅលើសន្តិសុខជាតិចិនដីគោកផងដែរ។ ក្នុងលក្ខណៈភូមិសាស្ត្រ កោះតៃវ៉ាន់គឺស្ថិតនៅកៀកនៅចិនដីគោក ហើយក៏ស្រប ទៅនឹងកោះតូចរហូតដល់កោះអូគីណាវ៉ា ដែលជាបណ្តុំមូលដ្ឋានកងទ័ពអាមេរិកទាំង៣១លើទឹកដីជប៉ុនផងដែរ។ ដូច្នេះហើយ ឯករាជ្យភាពនៃកោះតៃវ៉ាន់វាផ្តល់ទីតាំងយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់បរទេសដូចជាសហរដ្ឋអាមេរិក ក្នុងការពង្រាយយោធារបស់ខ្លួនឲ្យកាន់តែកៀកនិងហ៊ុមព័ទ្ធចិន។ ម៉្លោះហើយការគ្រប់គ្រងកោះតៃវ៉ាន់ពីសំណាក់ចិនដីគោកមានសារៈសំខាន់ណាស់ ក្នុងការការពារសន្តិសុខជាតិ។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសចិនក៏មានភាពងាយស្រួលក្នុងការការពារ និងពង្រីកអំណាចរនៅតាមតំបន់សមុទ្រព្រំដែនបស់ខ្លួន គឺសមុទ្រចិនខាងត្បូង និងនៅសមុទ្រចិនខាងកើត ។កន្លងមកភាគីចិនដីគោកបាននឹងកំពុងតែមានជម្លោះជាមួយប្រទេសទាំងឡាយនៅតាមតំបន់សមុទ្រទាំងពីរនេះរួចមកហើយ ពោលគឺជាមួយប្រទេសមួយចំនួននៃសមាជិកអាស៊ាននិងប្រទេសជប៉ុន។
កន្លងមក ប្រធានាធិបតីចិនលោក ស៊ី ជិពីង តែងតែព្រមានតៃវ៉ាន់ចំៗក្នុងលទ្ធិភាពប្រើប្រាស់កម្លាំងទ័ព បើសិនណា តៃវ៉ាន់នៅតែបន្តចង់ប្រកាសឯករាជ្យ។ ហើយចិនក៏តែងតែព្រមានប្រទេសទាំងឡាយណា ជាពិសេសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់និងចិនដីគោក។ ដូច្នេះ ចិននឹងមិនងាយ រឺ នឹងមិនបោះបង់កោះតៃវ៉ាន់សោះឡើយ ព្រោះវាការកត្តាមួយក្នុងការកំណត់មុខម៉ាត់បក្សកុម្មុយនិស្ត និងម្ខាងទៀត វារឿងសន្តិសុខជាតិរបស់ចិនដីគោកទាំងមូលផងដែរ៕
ដោយ៖ ក្រុមអ្នកវិភាគរបស់ The Thinker Cambodia។
រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។