តើអាចមានសេណារីយ៉ូអ្វីខ្លះក្នុងដំណោះស្រាយវិបត្តិនៅភូមា?

វណ្ណ ប៊ុនណា | 13 April 2021 |
Share this article to

 

វិបត្តិនយោបាយបាននឹងកំពុងទាញទំលាក់ប្រទេសភូមាឲ្យផុងធ្លាប់ជ្រៅក្នុងស្ថានភាពវឹកវយ៉ាងធ្ងន់ធ្ងរ។ បើទោះបីជាមានការថ្កោលទោស និងដាក់ទណ្ឌកម្មពីសហគមអន្តរជាតិយ៉ាងណាក្តី ក៏ពួកយោធាហាក់មិនបានបង្អង់ដៃក្នុងការប្រើធម៌ក្តៅដើម្បីបង្រាបទៅលើក្រុមបាតុករនោះទេ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៣មេសា មានបាតុករយ៉ាងហោច ៧១០នាក់បានស្លាប់ ដោយការបាញ់រះ និងប្លោងគ្រាប់រ៉ូកែតរបស់ពួកកងទ័ព និងមានអ្នកត្រូវបានចាប់ខ្លួនបានកើនឡើងរហូតដល់ ៣០៨០នាក់ ហើយប្រជាពលរដ្ឋជាច្រើននាក់ទៀត បាននឹងកំពុងរត់ភៀសខ្លួនទៅកាន់ប្រទេសថៃនឹងឥណ្ឌាផងដែរ។

 

ស្ថិតក្នុងស្ថានភាពដ៏អាក្រក់ធ្ងន់ធ្ងរនេះ ប្រជាពលរដ្ឋភូមាបាននឹងកំពុងស្រែកដង្ហើយហៅឲ្យសហគមអន្តរជាតិរួបរួមគ្នាដើម្បីជួយសង្រ្គោះប្រទេសរបស់ពួកគេ ខណៈពួកគេកំពុងបន្តធ្វើការតស៊ូបាតុកម្មប្រឆាំងនឹងរបបសិកទូទាំងប្រទេសឥតស្រាកស្រាន ហើយពួកយោធោក៏នៅបន្តការបង្រាបយ៉ាងចាស់ដៃទៅលើពួកគេ។ ដូច្នេះ តើអ្វីទៅអាចជាសេណារីយ៉ូ (ភាពដែលអាចកើតមាន) សម្រាប់ដំណោះស្រាយក្នុងវិបត្តិនយោបាយក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ?

 

មកដល់ពេលនេះ គ្មាននណាម្នាក់អាចដឹងច្បាស់ឡើយថា តើមានមធ្យោបាយអ្វីឲ្យពិតប្រាកដដើម្បីដោះស្រាយបញ្ហានៅភូមានេះបាននៅឡើយទេ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គេអាចទាញជាសេណារីយ៉ូបាន សម្រាប់ប្រមើលមើលនិងព្យាករពីលទ្ធិភាពមួយចំនួននៅក្នុងដោះស្រាយវិបត្តិនយោបាយនៅភូមា។ ដូច្នេះ ខ្ញុំសូមលើយកសេណារីយ៉ូចំនួន៥ ដែលអាចនឹងកើតឡើងនិងផលវិបាករបស់វាមកពិភាក្សានៅក្នុងផ្លូវទៅរកដំណោះស្រាយវិបតិ្តដ៏ក្តៅគគុកមួយនេះ។ បញ្ហានេះអាចនឹងឈានដល់ដំណោះស្រាយបានលុះត្រាតែ៖

 

  • ទី១ ពួកយោធាយល់ព្រមប្រគល់ដំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងស៊ន ស៊ូជី (Aung San Suu Kyi) វិញ ព្រោះដោយរងសម្ពាធពីការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋភូមានិងគំនាប់ទណ្ឌកម្មខ្លាំងពីសហគមអន្តរជាតិ។
  • ទី២ ប្រជាពលរដ្ឋភូមាព្រមទទួលស្គាល់ការដឹកនាំរបស់របបសិក ព្រោះអស់ជម្រើសក្នុងការតស៊ូជាមួយពួកយោធា។
  • ទី៣ ប្រជាពលរដ្ឋរួមកម្លាំងគ្នាជាមួយនឹងក្រុមឧទ្ទាមប្រដាប់អាវុធ ជនជាតិភាគតិចនានានៅភូមាធ្វើសង្រ្គាមស៊ីវិល វាយយកឈ្នះលើពួកយោធា។
  • ទី៤ មានការអន្តរាគមន៍យោធាពីបរទេស ដើម្បីផ្តួលរំលំរបបសិកសម្រាប់បញ្ឈប់ការកាប់សម្លាប់ពលរដ្ឋភូមា។
  • និង ទី៥ មានការចរចានយោបាយ រវាងភាគីយោធា និង រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយមានការសម្របសម្រួលពីសហគមអន្តរជាតិជាពិសេសអាស៊ាន។

បើទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងសេណរីយ៉ូនីមួយៗសុទ្ធសឹងតែមានផលវិបាករបស់វាសម្រាប់ឈានទៅដល់ការសម្រេចបាននូវដំណោះស្រាយច្បាស់លាស់ពិតប្រាកដមួយ។

 

ជាក់ស្តែង នៅក្នុងសេណារីយ៉ូទី១ ពួកយោធាភូមាមើលទៅមិនងាយនឹងត្រឡប់ក្រោយ ប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី វិញឡើយ បើទោះបីខ្លួនមានសម្ពាធពីការតវ៉ាប្រឆាំងរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ និងទទួលរងទណ្ឌកម្មពីសហគមអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងសហភាពអឺរ៉ុបជាដើមយ៉ាងណាក្តី។ គេត្រូវដឹងថា នេះមិនមែនជាលើកទីមួយឡើយ សម្រាប់ពួកយោធាដែលទទួលរងទណ្ឌកម្មពីសហគមអន្តរជាតិ និងការបាតុកម្មតវ៉ាប្រឆាំងពីពលរដ្ឋភូមានោះ។ ក្រុមយោធាធ្លាប់បានគ្រប់គ្រងប្រទេសភូមាដោយកណ្តាប់ដៃដែកអស់រយៈជាងកន្លះសតវត្សមកហើយ ចាប់តាំងពីខ្លួនបានធើ្វរដ្ឋប្រហារទំលាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ១៩៦២មកម្លេះ។ បើទោះបីជាពួកយោធាត្រូវបានដាក់ឲ្យនៅឯកា និង ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមអន្តរជាតិដែលនាំមុខដោយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក្តី ក៏របបសិកភូមានៅបន្តក្តោបក្តាប់អំណាចអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ឆ្នាំ២០១១ ទើបមានការធ្វើកំណែទម្រង់នយោបាយនិងបើកប្រទេសទៅរកពិភកលោកខាងក្រៅវិញ។ ពួកយោធាក៏ធ្លាប់បង្ក្រាបយ៉ាងឃោឃៅព្រៃផ្សៃ ទៅលើក្រុមបាតុករជាច្រើនលើកច្រើនសារ ជាក់ស្តែងដូចជាការបង្រ្កាបក្រុមបាតុករក្នុងការតវ៉ាឆ្នាំ១៩៨៨ និង២០០៧ ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។ តាមរយៈបទពិសោធន៍ដ៏ក្រាសក្រែលក្នុងការបង្រាបក្រុមបាតុករ និងធ្លាប់រស់នៅក្រោមទណ្ឌកម្មរបស់សហគមអន្តរជាតិកន្លងមក ក្រុមយោធាភូមានឹងមិនងាយព្រមចុះចាញ់ ឫប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលនោះឡើយ។ នេះដូចអ្វីដែលអគ្គមេបញ្ជាការងកងទ័ពភូមាលោក Soe Win បាននិយាយថា “យើង [ក្រុមយោធា] ធ្លាប់ទទួលរងទណ្ឌកម្ម ហើយយើងនៅតែអាចរស់បាន។ យើងត្រូវតែរៀនដើរជាមួយមិត្តភកិ្តដែលមានតិចតួច [នៅពេលរបបសិកភូមាអាចនឹងត្រូវដាក់ឲ្យនៅស្ថានភាពឯកាម្តងទៀត]”។ ដូច្នេះ សេណារីយ៉ូទី១ហាក់ដូចពិបាកនឹងកើតមានឡើងណាស់។

 

ងាកទៅមើលសេណារីយ៉ូទី២វិញ ស្ថានភាពនៅភូមាអាចនឹងមានភាពធូរស្រាលប្រសិនបើប្រជាពលរដ្ឋជាពិសេសក្រុមបាតុករព្រមទទួលយកការដឹកនាំរបស់របបសិក ដោយខ្លួនអស់ជម្រើស។ តែសំណួរសួរថា តើប្រជាពលរដ្ឋភូមាព្រមលះបង់ការតស៊ូរបស់ខ្លួន ហើយត្រឡប់ទៅរស់នៅក្រោមការដឹកនាំផ្តាច់ការរបស់ពួកយោធាវិញដែរឫទេ? ចម្លើយគឺវាមិនងាយនោះទេ។ ជាក់ស្តែងបើទោះបីជាមានការបាញ់សម្លាប់ក្រុមបាតុករស្លាប់អស់ជាច្រើនរយនាក់ និងមានការចាប់ខ្លួនអ្នកតវ៉ាជាច្រើនពាន់នាក់ ក៏សន្ទុះនៃការតវ៉ាប្រឆាំងនឹងពួកយោធាហាក់មិនថមថយ ហើយថែមទាំងរីកដុះដាលទៅវិញ។ ជាក់ស្តែង បាតុករម្នាក់បាននិយាយថា “ខ្ញុំមិនសង្ឃឹមឡើយថាពួកយោធានឹងបោះបង់ទង្វើរបស់ពួកគេ តែយ៉ាងណាក៏ដោយខ្ញុំសង្ឃឹមថា យើងនឹងធ្វើការប្រយុទ្ធតស៊ូរហូតដល់ទីបញ្ចប់”។ ហើយមួយវិញទៀត ក្រុមបាតុករបានចាប់ផ្តើមមានចរនាសម្ព័ន្ធដឹកនាំកើតចេញជារូបរាង ក្រោយមានការបង្កើតរដ្ឋាភិបាលស្រមោលមួយឈ្មោះថា គណៈកម្មាធិការតំណាងសភា Pyidaungsu Hluttaw (CRPH) ដែលបង្កើតឡើងដោយក្រុមអតីតតំណាងរាស្រ្តនិងអ្នកនយោបាយរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។ ដូចនេះ ជាមួយនឹងការដឹកនាំសម្របសម្រួលដោយគណៈកម្មាធិការនេះ បូករួមជាមួយនឹងការគាំទ្រដោយកងកម្លាំងប្រដាប់អាវុធរបស់បណ្តាជនជាតិភាគតិចនៅភូមាផង ពលរដ្ឋភូមាអាចនឹងមិនងាយចុះចាញ់ពួកយោធា ឫក៏អនុញ្ញាតឲ្យក្រុមយោធាអាចកាន់អំណាចបានងាយស្រួលនោះទេ ដែលនេះជាហេតុធ្វើឲ្យសេណារីយ៉ាទី២ អាចនឹងពិបាកនឹងកើតមានឡើង។

 

ចុះសេណារីយ៉ូទី៣វិញ តើវាមានទិដ្ឋភាពយ៉ាងណាដែរ? នៅក្នុងសេណារីយ៉ូនេះ ដំណោះស្រាយអាចកើតមានបាន លុះតែមានសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំកើតឡើង ដោយមានការរួបរួមកម្លាំងគ្នាពីពលរដ្ឋភូមានិងចលនាទ័ពព្រៃជនជាតិភាគតិច ច្បាំងយកឈ្នះពួកយោធា។ កន្លងមក ក្រុមបាតុករនិង រដ្ឋាភិបាលស្រមោលភូមាបានអំពាវនាវឲ្យក្រុមឧទ្ធាមប្រដាប់អាវុធជនជាតិភាគតិច ដែលតែងតែធ្វើការប្រឆាំងនឹងរដ្ឋាភិបាលភូមាជាពិសេសពួកយោធា ឲ្យមកចូលរួមជាមួយខ្លួន ដើម្បីប្រយុទ្ធតតាំងជាក្រុមយោធា។ ជាការឆ្លើយតប ក្រុមឧទ្ទាមប្រដាប់អាវុធ ជនជាតិភាគតិចការ៉េន និងក្រុមជនជាតិហ្សាន បានប្រកាសគាំទ្រចូលរួមជាមួយចលនាបាតុកម្មដើម្បីប្រឆាំងនឹងរបបសិកភូមា។ ស្ថិតនៅក្នុងគន្លងនេះ ភូមាបាននឹងកំពុងឈានជើងចូលទៅក្នុងសង្រ្គាមស៊ីវិល ដូចអ្វីដែលប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំភូមាលោក Christine Schraner Burgener បានព្រមានទុក។

 

បើទោះបីជាសង្គ្រាមស៊ីវិលអាចនឹងកើតមានឡើងមែន ក៏វាមិនប្រាកដថាក្រុមឧទ្ធាមប្រដាប់អាវុធជនជាតិភាគតិច និងពលរដ្ឋភូមាអាចច្បាំងយកឈ្នះរបបសិកបាននោះដែរ។ គេត្រូវដឹងថា ចាប់តាំងពីភូមាទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨មក មានក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន តែងតែបះបោរប្រឆាំងនឹងរបបសិកភូមាដើម្បីផ្តាច់ដឹកដី តែជារឿយៗពួកយោធារតែបង្គ្រាបពួកគេយ៉ាងចាស់ដៃ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកយោធាបានវាយបង្រ្កាបពួកទ័យព្រៃទាំងនោះសឹងតែរាបដូចកន្ទាល។ មួយវិញទៀតនោះ ក្រុមបាតុករសុទ្ធសឹងជាប្រជាពលរដ្ឋធម្មតាគ្មានជំនាញក្នុងការប្រយុទ្ធ និងគ្មានអាវុធនៅក្នុងដៃច្រើនតាមត្រូវការឡើយ ហើយក៏មិនប្រាកដថា ពួកគេនឹងអាចទទួលបានសភាវុធពីបរទេសឡើយក្នុងរយៈពេលខ្លីខាងមុខនេះ។ ក្នុងបរិបទបែបនេះ ការយកជ័យជំនៈទៅលើពួកយោធាជារឿងពិបាកនិងស្មុគស្មាញ។ ស្មុគស្មាញនៅត្រង់ថា បើប្រសិនបើក្រុមពលរដ្ឋភូមានិងក្រុមទ័ពព្រៃជនជាតិភាគតិចអាចច្បាំងឈ្នះពួកយោធាមែន ក៏មិនប្រាកដថា ជម្រោះនយោបាយក្នុងភូមាអាចបញ្ចប់បាននោះទេ។ បន្ទាប់ពីអាចនឹងទទួលបានឈ្នះលើពួកយោធា ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចទាំងនោះ អាចនឹងធ្វើការផ្តាច់ទឹកដីបង្កើតរដ្ឋឯករាជ្យថ្មីរបស់ពួកគេចេញពីភូមា ឫក៏មានការច្បាំរវាងក្រុមទ័ពព្រៃនៃជនជាតិមួយ និងក្រុមទ័ពព្រៃជនជាតិភាគតិចដទៃទៀត ដើម្បីដណ្តើមគ្នាគ្រប់គ្រងប្រទេសភូមាទាំងមូល ដែលនេះអាចជាហេតុទាញទំលាក់ភូមាទៅក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត។ ដូច្នេះ សេណារីយ៉ូទី៣ ហាក់ដូចជាមិនមានពន្លឺឡើយក្នុងដំណោះស្រាយវិបត្តិភូមានៅពេលបច្ចុប្បន្ន។

 

ក្រឡេកទៅមើលសេណារីយ៉ូទី៤វិញ តើវាយ៉ាងណាដែរ? នៅក្នុងសេណារីយ៉ូមួយនេះ ដំណោះស្រាយអាចកើតមានបាន ល្គឹកណាតែមានការធ្វើអន្តរាគមន៍យោធាពីបរទេសក្នុងគោលដៅរំលំរបបយោធាភូមា ដូចក្នុងករណីរសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ាក់ ផ្លួលរំលំរបបសាដាំមូសេន នៅឆ្នាំ២០០៣ ឫដើម្បីបញ្ឈប់ការកាប់សម្លាប់ប្រជាពលរដ្ឋភូមាបន្តទៀតពីសំណាក់ពួកយោធា ដូចដែលបារាំងដឹកនាំកងទ័ពសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍យោធានៅលីប៊ីនៅឆ្នាំ២០១១ ដើម្បរារាំងកងទ័ពលីប៊ីពីការកាប់សម្លាប់ប្រជាជនរបស់ខ្លួន។ ក៏ប៉ុន្តែ ក្នុងករណីភូមា ការធ្វើអន្តរគមន៍យោធាពីសំណាក់បរទេសពិសេសពីសហរដ្ឋអាមេរិក ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហាក់ដូចជាពិបាកនឹងកើតមានឡើងណាស់។ ហេតុអ្វី? គេត្រូវដឹងថា ស្ថិតនៅក្នុងស្ថានភាពនៃការប្រកួត ប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចអាមេរិកនិងចិន វាមិនមានភាពងាយស្រួលនោះទេសម្រាប់អាមេរិកដើម្បីលើកទ័ពមកអន្តរគមន៍នៅភូមា ដ្បិតភូមាស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាដែនឥទ្ធិពលរបស់ចិន។ មួយវិញទៀត ភូមាមានព្រំប្រទល់នៅជាប់ជាមួយចិន ដូច្នេះ ចង់មិនចង់ ចិនប្រាកដជាមិនអនុញ្ញាតអោយមានវត្តកងទ័ពបរទេសជាពិសេសអាមេរិកមកធ្វើផ្គរធ្វើភ្លៀងនៅក្បែរផ្ទះរបស់ខ្លួននោះឡើយ នេះគេមិនទាន់និយាយពីបញ្ហាផ្ទៃក្នុងរបស់អាមេរិកដែលជាផលវិបាកសម្រាប់ការសម្រេចចិត្ត ដូចជាបញ្ហាវិបត្តិកូវីត-១៩ និងក៏ដូចជាបញ្ហាសង្គមសេដ្ឋកិច្ចមួយចំនួនទៀតផងដែរ។ ក្រៅពីចិន រុស្សីក៏ជាឧបគ្គសសម្រាប់អាមេរិកក្នុងការធ្វើអន្តរាគមន៍យោធានៅភូមាដែរ។ ជាក់ស្តែង ខណៈពេលដែលមេដឹកនាំយោធានៃបណ្ដាប្រទេសលោកសេរីជាច្រើន បានផ្កោលទោសការប្រើអំពើហិង្សារបស់យោធាភូមាទៅលើប្រជាជន អនុរដ្ឋមន្រ្តីការពារជាតិរបស់រុស្សីលោក Alexander Fomin បានជួបពិភាក្សាជាមួយមេដឹកនាំយោធាភូមាលោក Min Aung Hlaing ដើម្បីលើកកម្ពស់និងរឹតចំណងមិត្តភាពយោធារវាងប្រទេសទាំងពីរ។ នេះសរបញ្ជាក់ឲ្យឃើញថា រុស្សីបាននឹងកំពុងគាំទ្ររបបសិកភូមា ដែលអាចជាឆ្អឹងទទឹងករសម្រាប់អាមេរិកក្នុងការធ្វើអន្តរាគមន៍យោធានៅភូមា។

 

មួយវិញទៀត ការធ្វើអន្តរាគមន៍យោធានៅភូមាស្ថិតក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក៏ដូចមិនសង្ឃឹមឡើយ ដ្បិតចិននិងរុស្សីដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងមិនបោះឆ្នោតគាំទ្រការប្រើកម្លាំងទ័ពនៅភូមាឡើយ។ ជាក់ស្តែង ចិននិងរុស្សីបានបដិសេធនូវសេចក្តីសម្រចរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិសម្រាប់ធ្វើការផ្កោលទោសលើការធ្វើរដ្ឋប្រហារយោធាភូមា និងរារាំងសម្មភាពរបស់អង្គការសហប្រជាជាតិការដាក់ទណ្ឌកម្មទៅលើភូមារូចមកហើយ។ ដូច្នេះ ដំណោះស្រាយក្នុងសេណារីយ៉ូទី៤ ក៏ហាក់ដូចជាពិបាកនឹងកើតមានឡើងណាស់ដែរ។

 

ឥឡូវនេះ យើងសាកងាកទៅមើលសេណរីយ៉ូចុងក្រោយវិញ។ នៅក្នុងសេណារីយ៉ូទី៥នេះ ដំណោះស្រាយលើវិបត្តិនយោបាយនៅភូមាអាចកើតមាន លុះត្រាតែមានការចរចារនយោបាយរវាងពួកយោធា និងក្រុមរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្រោមការសម្រួបសម្រួលពីសហគមអន្តរជាតិជាពិសេសនោះអាស៊ាន។ ក៏ប៉ុន្តែ សំណួរដែលត្រូវចោទសួរបន្ទាប់ទៀតនោះគឺ តើអ្វីទៅដែលជាកត្តាដែលអាចនាំឲ្យពូកយោធាបើកផ្លូវឲ្យមានការចរចារនយោបាយជាមួយពួកអ្នកនយោបាយក្រុមលោកស្រី អ៊ុងសាន ស៊ូជី? សម្ពាធការតវ៉ារបស់ប្រជាជន និងទណ្ឌកម្មរបស់សហគមអន្តរជាតិ?

 

កត្តាទាំងនេះហាក់ដូចជាមិនសូវមានឥទ្ធិពលទៅក្រុមយោធាឲ្យបន្ទន់ចិត្តបើកផ្លូវចរចារមួយនោះឡើយនៅក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ នេះដូចជាអ្វីដែលខ្ញុំបានលើមកពន្យល់នៅក្នុងសេណារីយ៉ូទី១រួចមកហើយ។ ហើយប្រទេសសមាជិកអាស៊ាននិងអាស៊ានទាំងមូល ហាក់ដូចជាមិនមានឥទ្ធិពលខ្លាំងក្លាណាឡើយសម្រាប់ដាក់គំនាបឲ្យពួកយោធាវិលមកតុចរចារបានឡើយដែរនៅក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។ នៅក្នុងទិដ្ឋភាពជាក់ស្តែងនិយមនាពេលនេះ អ្វីដែលអាស៊ានអាចធ្វើបានមានត្រឹមតែការបើកិច្ចប្រជុំពិភាក្សាពីស្ថានភាពនៅភូមានិងចេញសេក្តីថ្លែងការណ៍តែប៉ុណ្ណោះ នេះដូចអ្វីដែលអតីតមន្ត្រីការទូតសិង្ហបុរីលោក Bilahari Kausikan ធ្លាប់បានលើកឡើងអញ្ជឹង។ ដូច្នេះ ក្នុងសេណារីយ៉ូទី៥ហាក់មិនអាចមានផ្លូវសមស្រមណាមួយឡើយ សម្រាប់បិទបញ្ហានយោបាយនៅភូមាក្នុងរយៈពេលខ្លីនិងមធ្យម តាមរយៈការចរចារនយោបាយ។

 

ចុះបើសេណារីយ៉ូទាំងអម្បាលមាណដែលបានលើកឡើងខាងលើ សុទ្ធសឹងតែពិបាកក្នុងការឈានទៅរកដំណោះស្រាយវិបត្តិនយោបាយនេះមែន ចុះអ្វីទៅជាអនាគតរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ? គេត្រូវទទួលស្គាល់ការពិតថា នៅពេលនេះគ្មានអ្នកណាមួយដឹងជាក់ច្បាស់ថាវិបត្តនយោបាយនៅភូមានេះនឹងបញ្ចប់នៅពេលណា និង តាមរយៈមធ្យោបាយអ្វីនោះឡើយ។ វិបត្តនយោបាយមួយនេះ ជាបញ្ហាស្មុគស្មាញខ្លាំង ដែលមិនចេះតែអាចដោះស្រាយតាមរយៈការស្មានដោយងាយៗនោះឡើយ។ ផ្អែកតាមទិដ្ឋភាពបច្ចុច្បន្ន អនាគតប្រទេសភូមាកំពុងឈរនៅមាត់ជ្រោះនៃសោកនាដកម្មនយោបាយមួយដ៏ធ្ងន់ធ្ងរ ពិបាករកកោះរកត្រើយសម្រាប់ហែលឆ្លងរលកភ្ជុះឧបសគ្គនយោបាយនេះណាស់។ ក៏ប៉ុន្តែក្នុងរយៈពេលវែង សេណារីយ៉ូចុងក្រោយតាមរយៈការចរចានយោបាយ អាចនឹងងាយកើតមានឡើងជាងគេ ពេលណាមានខិតខំប្រឹងចូលរួមចរចារដោះស្រាយជាបន្តបន្ទាប់ពីសហគមនអន្តរជាតិជាពិសេសអាស៊ានជាអ្នកភូមិផងរបងជាមួយគ្នា៕

 

ដោយ៖ លោក វណ្ណ ប៊ុនណា ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Jamia Millia Islamia ប្រទេសឥណ្ឌា។

រាល់ខ្លឹមសារដែលបានលើកឡើងខាងលើនេះ គឺជាការយល់ឃើញផ្ទាល់របស់ស្មេរ មិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។