ប្រេងត្រូវបានគេចាត់ទុកថាជាធនធានធម្មជាតិមួយដ៏សំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះវាមានសក្តានុពលខ្លាំង សម្រាប់សេដ្ឋកិច្ច។ បច្ចុប្បន្ន វាជួយផ្គត់ផ្គង់ថាមពលអគ្គិសនីពិភពលោករហូតដល់ ៤០% នៃថាមពលអគ្គិសនីសរុប។ ប្រេងមានសារៈសំខាន់ខ្លាំងក្នុងវិស័យដឹកជញ្ជូនទំនិញក៏ដូចជា សម្រាប់ដំណើរការក្នុងឧស្សាហកម្មធន់ធ្ងន់ វិស័យអាកាសចរណ៍ និងការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់យានយន្ត និងរថយន្ត។ និយាយជារួម វាបានជួយធ្វើឲ្យមានលំហូរនៃទំនិញ និងសាច់ប្រាក់។
ដោយសារតែភាពចាំបាច់នៃការប្រើប្រាស់ប្រេងជាសាកលនេះហើយ ទើបធ្វើឲ្យប្រទេសដែលមានសក្តានុពលខាងប្រេង អាចរកចំណូលបានច្រើនពីវា។ តែទោះបីជាយ៉ាងនេះក្តី តាមការសិក្សាជាច្រើនបានឲ្យដឹងថា ប្រទេសដែលសម្បូរធនធានប្រេងកាតភាគច្រើន ជាប្រទេសក្រីក្រ ពោរពេញដោយអំពើរពុករលួយ រាំរ៉ៃដោយសង្រ្គាមស៊ីវិល និងស្ថិតនៅក្រោមការដឹកនាំបែបអំណាចផ្តាច់ការបក្សពួកនិយម។ បាតុភូតទាំងនេះគេហៅថា បណ្តាសាប្រេង (resource curse)។
ជាក់ស្តែងនីហ្សេរីយ៉ា ជាប្រទេសមួយដែលមានធនធានប្រេងច្រើនជាងគេនៅទ្វីបអាហ្វ្រិក និងជាប់ចំណាត់ថ្នាក់លេខ ១១ នៅលើពិភពលោក។ នៅក្នុងកំឡុងឆ្នាំ ២០១៥ ទៅ ២០១៩ ប្រទេសនេះអាចផលិតប្រេងបាន ២, ៥ លានប៉ារែលក្នុងមួយថ្ងៃ ដែលក្នុងមួយខែៗ ប្រទេសនេះអាចផលិតប្រេងបាន ៧៥ លានប៉ារែល ស្មើរនឹងទឹកប្រាក់ប្រមាណជា ៧ ពាន់លានដុល្លាអាមេរិក។ ទោះបីជាយ៉ាងនេះក្តី នីហស្សេរីយ៉ា នៅតែជាប្រទេសមួយដែលក្រីក្របំផុត។ បើតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (National Bureau of Statistics) នៅឆ្នាំ២០១៩ មានប្រជាជនចំនួន ៨៦,៩ លាននាក់នៃប្រទេសនីហ្សេរីយ៉ាស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ ដែលនេះជាចំនួនភាពក្រីក្រច្រើនជាងប្រទេសដទៃទៀតនៅក្នុងទ្វីបអាហ្រិក បើទោះបីជាបណ្តាលប្រទេសទាំងនេះ មិនមានប្រងដូចប្រទេសនីហ្សេរីយ៉ាក៏ដោយ។
មួយវិញទៀត បើតាមការសិក្សាកន្លងមកបានឲ្យដឹងថា មានប្រទេសជាច្រើនបានរងគ្រោះ ដោយសារតែបណ្តាសាប្រេង ជាពិសេសនៅបជ្ឈឹមបូពារ៍ អាមេរិកឡាទិន និងទ្វីបអាហ្រ្វិក។ ការសិក្សាទាំងនោះក៏បានបង្ហាញផងដែរពីទំនាក់ទំនងរវាងភាពកម្សោយនៃស្ថាប័ននយោបាយនិងការគ្រប់គ្រងចំណូលពីធនធានប្រេង ដែលជាចន្លោះប្រហោងធ្វើឲ្យមានអំពើពុករលួយកើនឡើងកាន់តែងាយស្រួល។ ជាលទ្ធផលពីការសិក្សាកន្លងមកបានបង្ហាញថា ចំណូលដែលបានមកពីប្រេង អាចធ្វើអោយមេដឹកនាំផ្តាច់ការ ក្រាញ់នៅក្នុងអំណាចបានយូរ ដោយសារតែវាជួយអោយមានលទ្ធភាពកាន់តែខ្លាំង ក្នុងការពង្រឹងកំលាំងទ័ព និងទិញទឹកចិត្តមេដឹកនាំយោធាឲ្យមកគាំទ្រការដឹកនាំរបស់ខ្លួនកាន់តែខ្លាំងថែមទៀត។
ជាក់ស្តែង វ៉េណាស៊ុយអេឡា ជាប្រទេសមួយដែលមានប្រេងច្រើនជាងគេនៅក្នុងពិភពលោក។ តែដោយសារតែភាពកម្សោយនៃស្ថាប័ននយោបាយ បណ្តាលឲ្យប្រទេសនេះផុងខ្លួននៅក្នុងអំពើរពុករលួយ។ បើតាមរបាយការណ៍ចេញដោយ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានឲ្យដឹងថា ប្រទេសវ៉េណាស៊ុអេឡា ជាប់ចំណាតថ្នាក់លេខ ១៧៦ ខាងអំពើរពុករលួយ ជាចំណាត់ដ៏អាក្រក់បំផុតបន្ទាប់ពីប្រទេសស៊ីរី។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឹដោយសារតែភាពកម្សោយនៃស្ថាបន័នយោបាយនេះហើយ ដែលជួយឲ្យលោក នីកូឡាស ម៉ាឌ៉ូរូក (Nicolas Maduro) ដែលជាប្រធានាធិបតី ឡើងកាន់អំណាចឆ្នាំ ២០១៣ បានទាញយកនូវផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីប្រេង។ ជាក់ស្តែងលោកត្រូវចោទពីបទលាងលុយកខ្វក់ដោយ U.S. Department of the Treasury’s Financial Crimes Enforcement Network (FinCEN) កាលពីឆ្នាំ ២០១៥ នឹង ២០១៨ ដែលមានទឹកប្រាក់រហូតដល់រយពាន់លានដុល្លា។ វិបត្តិនយោបាយបានកើតឡើងនៅឆ្នាំ ២០១៨ នៅពេលដែលលោក ម៉ាឌូរ៉ូបានប្រើអំណាច របស់លោកបង្រ្កាបទៅលើបក្សប្រឆាំង ជាហេតុធ្វើអោយបក្សប្រឆាំងសំខាន់ៗមិនអាចចូលរួមក្នុងការបោះឆ្នោតបាន។ បើទោះបីជាលទ្ធផលបោះឆ្នោតមិនត្រូវបានទទួលស្គាល់ដោយ បក្សប្រឆាំង សហគមអន្តរជាតិ និងប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសក្តី ក៏របបដឹកនាំរបស់លោកម៉ាឌូរ៉ូ បានទទួលនូវការគាំទ្រពីពួកយោធាយ៉ាងខ្លាំងក្លា តាមរយការប្រើប្រាស់នូវធនធានប្រេង ដើម្បីទិញទឹកចិត្តមន្ត្រីយោធាជាន់ខ្ពស់ ដោយផ្តល់តួរនាទី បុណ្យសក្តិ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចផ្សេងៗទៀត។ ហេតុនេះហើយ ទើបលោកអាចប្រើប្រាស់កំលាំងយោធា ដើម្បីបង្រ្កាបទៅលើបាតុករបះបោរនៅឆ្នាំ ២០១៩ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
ម្យ៉ាងវិញទៀត ការពឹងផ្អែកលើធនធានប្រេងខ្លាំងពេកអាចធ្វើឲ្យប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចជាតិ ពីព្រោះវាធ្វើឲ្យការវិនិយោគលើវិស័យផ្សេងៗទៀតធ្លាក់ចុះ ហើយមកផ្តុំគ្នាទៅលើវិស័យប្រេងតែម្យ៉ាង។ ព្រោះប្រេងជាវិស័យមួយដែលមិនមានការប្រកួតប្រជែងខ្លាំង ហើយប្រាក់ចំណេញអាចរកបានដោយងាយ ដែលធ្វើឲ្យប្រទេសនេះមានបញ្ហាមិនមានពិពិធកម្មសេដ្ឋកិច្ច (economic diversification) គឺពឹងផ្អែកលើខឿនសេដ្ឋកិច្ចតែមួយឫប្រេងតែម្យ៉ាង។ កត្តានេះវាធ្វើឲ្យសេដ្ឋកិច្ចជាតិ ងាយនឹងមានអតិផរណាកកើតឡើង នៅពេលដែលតម្លៃប្រេងក្នុងទីផ្សាអន្តរជាតិប្រែប្រួល ។ ឧទាហរណ៍ នៅពេលដែលតម្លៃប្រេងបានធ្លាក់ចុះពី ១០០ ដុល្លាក្នុងមួយប៉ារែលនៅឆ្នាំ ២០១៤ ទៅ ៤០ ដុល្លាក្នុងមួយប៉ារែលនៅឆ្នាំ ២០១៦ វាបានបណ្តាលឲ្យមានអតិផរណាកើតឡើង ជាពិសេសនៅប្រទេសអ្នកនាំចេញប្រេងភាគច្រើន ដូចជាប្រទេសវ៉េណេស៊ុយអេឡា ដែលធ្វើឲ្យ GDP របស់ប្រទេសធ្លាក់ចុះរហូតដល់ ១៦% ពីព្រោះប្រទេសនេះបាននាំប្រេងចេញរហូតដល់ ៩៥% នៃទំនិញនាំចេញសរុប។
ធនធានធម្មជាតិដូចជាប្រេងជាដើម ក៏ជាមួយហេតុមួយដែលបណ្តាលឲ្យមានសង្រ្គាមស៊ីវិលរាំរៃនៅមជ្ឈឹមបូពារ៍និងទ្វិបអាហ្វ្រិក ដូចជាប្រទេស ស៊ីរី អ៊ីរ៉ង និងនីហ្សេរីយ៉ាផងដែរ។ ពួកកងជីវពល និងពួកឧទ្ទាមអាចនៅឈជើងបានយូរ និងមានឥទ្ធិពលខ្លាំង ដោយសារតែការលក់ប្រេងតាមទីផ្សារងងឹត។ ជាក់ស្តែង ពួកអាយស៊ីស (ISIS) ដែលបានបង្កើតឡើងនៅឆ្នាំ ២០០៧ ឆ្លៀតពេលដែលប្រទេសស៊ីរី និងអ៊ីរ៉ាក់កំពុងតែមានអស្ថេរភាពនយោបាយ នឹងអសន្តិសុខ។ ពួកអាយស៊ីសបានកើនឡើងឥទ្ធពលខ្លាំងនៅឆ្នាំ ២០១៥ និង ២០១៦ ដោយបានគ្រប់គ្រង ៣០%នៃដែនដីស៊ីរី និង៤០%នៃដីរបស់អ៊ីរ៉ាក់។ ពួកឧទ្ទាមអាចងើបឡើងខ្លាំង ដោយសារចំណូលពីការលក់ប្រេង។ បើតាមសារព័ត៌មានសហរដ្ឋអាមេរិក The New York Times បានឲ្យដឹងថា ពួកឧទ្ទាមអាចរកចំណូលពីប្រេងបានរហូតដល់ ៤០ លានដុល្លាក្នុងមួយខែៗ។ ដោយសារតែកត្តានេះហើយ ដែលធ្វើឲ្យពួកអាយស៊ីសអាចអូសទាញកងកម្លាំងប្រដាប់អាវុធបានច្រើន និងមានអាវុធធុនធ្ងន់ ហើយក្លាយជាក្រុមឧទ្ទាមដែលលេចធ្លោរជាងគេ នៅកំឡុងឆ្នាំ ២០១៤ ទៅ ២០១៧។
សរុបមក ទោះបីប្រេង ជាធនធានធម្មជាតិដែលអាចជួយអភិវឌ្ឍប្រទេសជាតិបានក៏ពិតមែន ក៏ប៉ុន្តែ ប្រសិនបើគ្មានស្ថាប័ននយោបាយនិងប្រព័ន្ធច្បាប់រឹងមាំ អភិបាលកិច្ចល្អ កម្រិតអំពើពុករលួយទាប និងគោលនយោបាយសមស្របទេនោះ ធនធានប្រេងអាចជាហានិភ័យ ដែលអាចអូសទាញប្រទេសឲ្យធា្លក់ចូលទៅក្នុងភាពមហន្តរាយ ដូចជាភាពក្រីក្រ អំពើពុករលួយចាក់ស្រេះ អំណាចផ្តាច់ការ និងសង្រ្គាមស៊ីវិលជាដើម ដូចជាប្រទេស នីហ្សេរីយ៉ា វ៉េណេស៊ូអេឡា និងស៊ីរីជាដើម។ គោលនយោបាយសមស្រប បូករួមជាមួយតម្លាភាព និងការកាត់បន្ថយអំពើពុករលួយ នឹងអាចជួយបញ្ចៀសប្រទេសនោះឲ្យផុតពីបណ្តាសារប្រេងបានជាប្រទេសន័រវែល។ ន័រវែលក៏ជាប្រទេសមួយដដែលសម្បូរធនធានប្រេង តែប្រទេសនេះអាចរួចផុតពីបណ្តាសារប្រេងដោយសារតែ មានការធ្វើពិពិធកម្មសេដ្ឋកិច្ចល្អ ពោលគឺក្រៅពីប្រេង ប្រទេសនេះក៏ផ្អែកទៅលើវិស័យផ្សេងទៀត ដូចជា នេសាទ កសិកម្ម នឹងការដឹកទំនិញតាមនាវាចរ។ ម្យ៉ាងវិញទៀត ប្រទេសនេះមានស្ថាប័ននយោបាយនិងប្រព័ន្ធច្បាប់រឹងមាំ មានមានតម្លាភាព និងមានអត្រាពុករលួយទាបបំផុត បើតាមអង្គការសម្លាភាពអន្តរជាតិ (transparency international) ប្រទេសន័រវែលជាប់ចំណាត់ថ្នាក់លេខ ៧ ខាងគ្មានអំពើរពុករលួយ ជាចំណាត់ថ្នាក់ដ៏ល្អបំផុត៕
*លោក រីម សុខវី ជាអតីតនិស្សិតដេប៉ាតឺម៉ងសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស នៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។
រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។