ឧបទ្ទវហេតុនៅព្រែកជីកស៊ុយអេជាសញ្ញាគ្រោះថ្នាក់ពិភពលោកនាពេលអនាគត

Share this article to

 

ការជាប់គាំងនាវាដឹកទំនិញ Ever Given នៅព្រែកជីកស៊ុយអេរយៈពេលមួយអាទិត្យកន្លងមកនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៏នូវព្រឹត្តិការមួយនេះជាខ្លាំង ដោយវាបានធ្វើអោយមាន ការកកស្ទះនូវនាវាចរណ៍ដឹកទំនិញធំៗជាច្រើនគ្រឿងដែលធ្វើមានការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាច្រើន។ គេត្រូវដឹងថា ការដឹកជញ្ចូនទំនិញតាមបណ្តោយព្រែកជីកនេះវាគ្របដណ្តប់ជាង ១២% ពាណិជ្ជកម្មពិភពលោក។​ ការដឹកជញ្ជូនប្រេងទៀតសោត ក៏មានចំនួនប្រមាណ១លានបារ៉ែលជារៀងរាល់ថ្ងៃ។​​​​​​​​ ការកកស្ទះនាវាពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យខាតបង់ចំណូលរបស់ព្រែកជីកនូវទំហំទឹកប្រាក់ប្រមាណជា ១៤ លានទៅ ១៥ លានដុល្លារសហរដ្ឋអាមេរិកនេះបើតាមការឲ្យដឹងពីប្រធានគ្រប់គ្រងព្រែកនេះ ។

 

ដូច្នេះវាគ្មានអ្វីចម្លែកទេដែលតម្លៃសេដ្ឋកិច្ចដ៏មហិមាររបស់ព្រែកជីកស៊ុយអេ ត្រូវបានក្លាយជាប្រធានបទដែលគេលើកយកមកពិភាក្សា និងចុះផ្សាយនៅលើទំព័រមុខនៃកាសែតជាតិនិងអន្តរជាតិយ៉ាងហូរហែ។ ក៏ប៉ុន្តែ តម្លៃសេដ្ឋកិច្ចដ៏វិសេសវិសាលនេះ វាហាក់ដូចបានកំពុងគ្របដណ្ដប់លើបញ្ហាដ៏សំខាន់មួយទៀតគឺពាក់ព័ន្ធទៅនឹងភូមិសាស្រ្តនយោបាយ។ តាមរយៈស្ថានភាពដែលបានកើតឡើងនាពេលថ្មីៗនេះ គេអាចទាញជាសញ្ញាបានថា ភាពគ្រោះថ្នាក់នៃពិភពលោកអាចនឹងកើតចេញពីអស្ថេរភាពនៃតំបន់ព្រែកជីកមួយនេះដែលអាចឈានទៅដល់ការបិទចរាចរណ៍នានាទាំងមូលនៅតាមបណ្ដោយច្រកសមុទ្រមួយរបស់ព្រែកជីកនេះ។ គេត្រូវដឹងថាកត្តាភូមិសាស្ត្រគឺតែងតែជះឥទ្ធិពលទៅលើនយោបាយនិងសន្តិសុខរបស់រដ្ឋនិងតំបន់នីមួយៗ។ ដូច្នេះហើយ បើយើងក្រឡេកទៅមើលភូមិសាស្រ្តនៃព្រែកជីកស៊ុយអេក្នុងបច្ចុប្បន្នកាលនេះ គេអាចដឹងបានថាបញ្ហាគ្រោះថ្នាក់អាចនឹងកើតឡើងនាពេលខាងមុខសម្រាប់ពិភពលោក។

 

ជាបឋមគេត្រូវដឹងថា ព្រែកជីកស៊ុយអេគឺជាផ្លូវសមុទ្របិទជិត (Chokepoint) មួយដែលបានជីកនៅក្នុងសតវត្សទី១៩ ដើម្បីធ្វើជាផ្លូវនាវាចរណ៍ដឹកទំនិញដែលតភ្ជាប់ពីសមុទ្រក្រហម (Red Sea) ទៅកាន់សមុទ្រមីឌីទែរ៉ាណេ (Mediterranean Sea)។ ព្រែកជីកនេះមានប្រវែង ១២០ ម៉ាល ឬ ប្រមាណ​ ១៩៣ គីឡូម៉ែត្រ ដែលលាតសន្ធឹងនៅចន្លោះទ្វីបចំនួនបី រួមមានទ្វីបអាស៊ី ទ្វីបអាហ្វ្រិក និងទ្វីបអឺរ៉ុប។ អ្វីដែលសំខាន់ទៀតនោះ វាជាច្រកដឹកជញ្ជូនផ្លូវសមុទ្រខ្លីជាងគេបង្អស់តែមួយគត់សម្រាប់ការជួញដូរទីផ្សារពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាស៊ី។ ជាពិសេសជាងនេះទៅទៀតនោះ ផ្លូវទៅកាន់ព្រែកជីកនេះមិនមានផ្លូវបំបែកចេញទៅតំបន់ណាផ្សេងទៀត ដែលអាចធ្វេីដំណេីរទៅដល់សមុទ្រមីឌីទែរ៉ាណេដោយនាវាបានឡេីយ។ ពោលគឺគិតចាប់តាំងពីការធ្វើដំណើរចូលទៅដល់ឈូងសមុទ្រអេដិន (Gulf of Aden)រហូតដល់ព្រែកជីកនេះនៅតាមបណ្ដោយនៃសមុទ្រក្រហម។ភូមិសាស្រ្តពិសេសបែបនេះហើយដែលធ្វើឱ្យព្រែកជីកនេះក្លាយជាចំណុចយុទ្ធសាស្ត្រមួយដ៏សំខាន់។

 

មួយវិញទៀតគេត្រូវដឹងថា ព្រែកជីកនេះត្រូវបានបិទមិនឲ្យដំណើរការ អស់រយៈពេលជិតមួយទសវត្សរ៍ម្ដងរួចទៅហើយដោយសារតែភ្លើងសង្គ្រាមមួយដែលគេដាក់ឈ្មោះថា “សង្គ្រាម៦ថ្ងៃ” ដែលជាភាសាអង់គ្លេសថា “The Six-Day War” រវាងតួអង្គសំខាន់ពីរគឺអេហ្ស៊ីប (Egypt) និងអ៊ីស្រាអែល (Israel) ក្នុងឆ្នាំ១៩៦៧។ ការបិទព្រែកជីកនាពេលនោះ បានធ្វើឱ្យនាវាដឹកទំនិញចំនួន ១៤គ្រឿង ត្រូវជាប់ស្ទះផ្លូវនៅតាមបណ្ដោយព្រែកជីកអស់រយៈពេល ៨ឆ្នាំ។ ចំណែកឯការបិទលើកទី ២ វាខុសពីលើកទី ១ ត្រង់ថាវាជាឧប្បត្តិហេតុនៃការជាប់គាំងកប៉ាលដឹកទំនិញមួយឈ្មោះ Ever Given។ ប៉ុន្តែព្រឹត្តិការលើកទីបីខាងមុខ វាអាចនិងស្រដៀងទៅនឹងលើកទី ១ដែរឬយ៉ាងណា។

 

លទ្ធភាពក្នុងការបិទព្រែកជីកសារជាថ្មីក្នុងលក្ខណៈមិនមែនជាឧប្បទវហេតុនាពេលអនាគត វាអាស្រ័យទៅលើស្ថេរភាពនយោបាយនៃតំបន់ជុំវិញ។ស្ថេភាពក្នុងតំបន់នេះគឺពឹងផ្អែកទាំងស្រុងទៅលើកិច្ចសហការរវាងក្រុមនៃប្រទេសអារ៉ាប់ និងអាហ្វ្រិក ជាពិសេសគឺបណ្ដាប្រទេសនៅតាមបណ្ដោយសមុទ្រក្រហមនិងព្រែកជីកស៊ុយអេរួមមានអេហ្ស៊ីប (Egypt) អ៊ីស្រាអែល (Israel) ជូនដង (Jodan) អារ៉ាប់ប៊ីសាអូឌីត (Saudi Aribia) អេរីត្រែន (Eritrea) ជីប៊ូទី (Djibuti)​ និង យេមែន (Yenmen) ជាដើម។

 

ប៉ុន្តែកន្លងមកស្ថេរភាពនយោបាយក្នុងតំបន់នេះហាក់មានភាពប្រេះស្រាំ និង ផុយស្រួយដែលអាចឈានទៅដល់ការធ្វើសង្គ្រាមរវាងគ្នានិងគ្នា។ នៅឆ្នាំ២០១៥ សង្គ្រាមផ្ទៃក្នុងនៅប្រទេសយេមែនបានកើតឡើងដែលធ្វើអោយមានអន្តរាគមន៍សង្គ្រោះជនជាតិបរទេសនិងជនភៀសខ្លួនចេញពីប្រទេសនេះដោយនាវាចម្បាំងរបស់ទាហានជើងទឹកនៃសាធារណរដ្ឋប្រជានិមិត្តចិន។ បន្ទាប់មកនៅឆ្នាំ២០១៧ ធ្លាប់មានវិបត្តិការទូតមួយរវាងប្រទេសអារ៉ាប់ឌីសាអូឌីតនឹងប្រទេសហ្កាតាជុំវិញបញ្ហាចម្រូងចម្រាស់នៅពីក្រោយការគាំទ្រសក្រុមភារវករពីសំណាក់ប្រទេសហ្កាតា។ សហព័ន្ធអារ៉ាប់អេមីរ៉េត អេហ្ស៊ីប បារ៉ែន​ យេមែន​ ក៏បានចូលរួមជាមួយប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតក្នុងការកាត់ផ្ដាច់ចំណងការទូតជាមួយប្រទេសហ្កាតា ផងដែរ។ គេត្រូវដឹងផងដែរថា របបប្រល័យពូជសាសន៍ស៊ូដង់ (Sudan) សង្គ្រាមរ៉ាំរ៉ៃនៅសុីរី (Syria)និងជម្លោះរវាងអ៊ីស្រាអែលនឹងប៉ាលេស្ទីននៅតែបន្តជាបញ្ញាកង្វល់ ដែលអាចប៉ះពាល់ដល់ស្ថេរភាពក្នុងតំបន់ស្របពេលដែលចោរសមុទ្រសូម៉ាលីក៏នូវតែបន្តសកម្មភាពរបស់ខ្លួនតាមមាត់ច្រកនៃឈូងសមុទ្រអេដិន។​ បញ្ហាចាក់ស្រេះមិនចេះចប់ចេះនេះហើយ ដែលជំរុញឲ្យឱ្យតំបន់នេះមានភាពវឹកវរ និងប្រទាញប្រទង់គ្នាដោយម្ខាងជាបញ្ហាផ្ទៃក្នុង និង និងម្ខាងទៀតជាជម្លោះរវាងប្រទេសដែលជាសមាជិកតំបន់ជាដើម។ វាជាការបង្ហាញ យ៉ាងហើចណាស់ឲ្យយើង​ដឹងថាស្ថេរភាពនៅតំបន់នេះពុំមានគ្គ្រឹះរឹងមាំនោះទេ។ ជាទម្លាប់ការមានជម្លោះ ផ្ទៃក្នុង និងរវាងប្រទេសជិតខាងកាន់តែច្រើនរមែងតែបើកឱកាសដល់ប្រទេសមហាអំណាចក្នុងការខ្ចីដៃប្រកួតប្រជែងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

 

អ្វីដែលយើងអាចកត់សំគាល់នោះគឺនៅក្នុងចរន្តសកលនាពេលបច្ចុប្បន្ន ប្រទេសទាំងនោះភាគច្រើនបានទទួលរងឥទ្ធិពលពីពួកមហាអំណាចយក្សរួចមកហើយ គឺសហរដ្ឋអាមេរិកនិងចិន។ ជាក់ស្តែង ប្រទេសដែលស្ថិតនៅតំបន់ខាងកើតនៃសមុទ្រក្រហមនិងព្រែកជីកស៊ុយអេរួមមានជាអាទិ៍ អ៊ីស្រាអែល អារ៉ាប់ឌីសាអូឌីត និង សហព័ន្ធអារ៉ាប់ ដែលជាទូទៅត្រូវបានបានចាត់ទុកជា​របស់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ស្របពេលដែលផ្នែកខាងលិចគឺតំបន់អាហ្វ្រិកភាគច្រើនដូចជាប្រទេសស៊ូដង់ អេហ្ស៊ីប អេជូពី ជាដើមសុទ្ធតែបានរងនូវឥទ្ធិពលពីមហាយក្សចិន ។

 

យើងបានដឹងរួចមកហើយថា ការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិន បានកំពុងតែមានសន្ទុះខ្លាំងក្លាឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ យុទ្ធសាស្ត្រថ្មី មួយក្នុងចំណោមយុទ្ធសាស្ត្រដទៃទៀតដែលចិនកំពុងប្រើដើម្បីការពារខ្លួន និង ប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដែលស្តែងចេញយ៉ាងច្បាស់ឡើងនោះគឺបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោកស៊ីជីងពីងបានកសាងមូលដ្ឋានទ័ពនៅឯនាយសមុទ្ររបស់ខ្លួនដំបូងគេបង្អស់ដែលមានទីតាំងនៅប្រទេសជីប៊ូទី ( Djibouti)ត្រូវចិនបានហៅថា “ផែគាំទ្រការដឹកជញ្ជូន” (Logistic Support) ។ ជីប៊ូទិជាប្រទេសមួយក្នុងតំបន់អាហ្វ្រិកដែលស្ថិតនៅច្រកចូលនៃឈូងសមុទ្រអេដិន វាស្ថិតនៅក្នុងច្រកមួយឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ។ គេត្រូវដឹងផងដែរថានៅក្នុងឆ្នាំ ២០១៨ ប្រទេសចិន ជាប្រទេសដែលនាំចូលប្រេងឆៅនិងឧស្ម័នធម្មជាតិច្រើនជាងគេបង្អស់នៅលើពិភពលោក។ ជាក់ស្តែង ប្រមាណជិតពាក់កណ្ដាល​(៤៣ភាគរយ)នៃការនាំចូលសរុប របស់ចិនគឺត្រូវបានធ្វើឡើងតាមរយៈច្រកសមុទ្រមួយនេះ។

 

ទោះបីការរំកិលខ្លួនកាន់តែកៀករបស់ចិនមកតំបន់នេះ ក្នុងនាមជាអ្នកចូលរួមការពារស្ថេរភាពនៃការធ្វើនាវាចរណ៍អន្តរជាតិពីការវាយប្រហារដែលផ្ដើមចេញ ពីចោរសមុទ្រសូម៉ាលីក្តី ​ក៏អ្នកវិភាគជាច្រើននៅតែមានជំនឿយ៉ាងមុតមាំថា ការមកដល់នេះគឺជាការប្រកួតប្រជែងទល់មុខគ្នារវាងចិននិងសហរដ្ឋអាមេរិកដោយផ្ទាល់។ ការសន្មត់នេះស្ថិតនៅក្នុងកត្តាយុទ្ធសាស្ត្រមួយ គឺភាពងាយស្រួលក្នុងការរាំងខ្ទប់នាវាដឹកប្រេងនិងទំនិញរបស់ប្រទេសចិនដែលឆ្លងកាត់តាមច្រកសមុទ្រមួយនេះ ពីសំណាក់សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរឡើងដល់បន្ទាត់ក្រហម ឬឈានទៅដល់ការធ្វើសង្គ្រាម។ ហេតុថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានមកដាក់មូលដ្ឋានយោធានៅច្រកនៃឈូងសមុទ្រអេដិនរួចមកហើយ ពោលគឺនៅប្រទេសឌីជេបូទិដូចគ្នានេះតែម្ដង។ ការមើលឃើញនេះគឺស្របពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិចនិងចិនកាន់តែមានកម្ដៅឡើង ទន្ទឹមនឹងការពង្រីកអំណាចរបស់ចិនពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្កើតមូលដ្ឋានទ័ពរបស់ចិននៅតំបន់អាហ្វ្រិកនេះគឺជាការការពារមុខជំនួញនិងប្រជាជនខ្លួនដែលមកវិនិយោគនិងតាំងទីលំនៅនៅតំបន់មួយនេះ។

 

ដូច្នេះហើយវត្តមានយោធាចិនត្រូវបានយល់ឃើញថាគឺជាការការពារការគំរាមកំហែងពីសហរដ្ឋអាមេរិក ទៅលើនាវាចរដឹកប្រេងនិងទំនិញរបស់ខ្លួនផងនិងជាការពារផលប្រយោជន៍ចិនដែលមាននៅទីនោះផង។ បើសិនលទ្ធភាពរឿងអាក្រក់មួយនេះអាចឈានទៅដល់ការបិទផ្លូវសមុទ្រមួយនេះមែន មិនថាជាការបិទនៅព្រែកជីកស៊ុយអេដោយផ្ទាល់ ឬ ក៏សមុទ្រក្រហម ឬ នៅឈូងសមុទ្រអេដិន នោះទេវាសុទ្ធតែជាហានិភ័យសម្រាប់ពិភពលោកទាំងមូល។ ដូច្នេះហើយ ឧបទ្ទវហេតុជាប់គាំងនាវាមួយអាទិត្យថ្មីនេះជាទឡ្ហីករណ៍ដ៏ល្អសម្រាប់ការពិពណ៌នាពីការខាតបង់របស់ពិភពលោកដែល អាចកើតមានឡើងពីហានិភ័យមួយនាពេលខាងមុខ៕

 

ដោយ៖ ក្រុមអ្នកវិភាគរបស់ The Thinker Cambodia

រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។