តើនយោបាយនៅតែជារឿងបោកប្រាស់ក្នុងទស្សនៈពលរដ្ឋខ្មែរឬ?

ប្រភព៖ Facebook
Share this article to

 

«នយោបាយ គឺជានយោបោក និងជាការបោកប្រាស់របស់អ្នកនយោបាយ។ កុំចង់ប្រឡូកជាមួយនយោបាយ បើមិនអស់ជីវិត ក៏ជាប់គុក រត់ចោលស្រុក ឬក៏វិនាសទ្រព្យសម្បត្តិដែរ។ កុំទៅខ្វាយខ្វល់ជាមួយនឹងនយោបាយ រឿងនយោបាយទុកឱ្យអ្នកនយោបាយជាអ្នកដោះស្រាយ យើងគិតតែពីរឿងរកស៊ីទៅបានហើយ»។

 

ទាំងអស់នេះគឺជាអ្វីដែលខ្ញុំតែងតែឮស្ទើររៀងរាល់ថ្ងៃក្នុងសង្គមខ្មែរ នៅពេលនិយាយដល់ពាក្យនយោបាយ ឬ រឿងទាំងឡាយណាពាក់ព័ន្ធនឹងនយោបាយ។ តើនយោបាយ នៅតែជារឿងអវិជ្ជមានដែលគួរឱ្យខ្លាចរអា ឬក៏ជាការបោកប្រាស់ដូចការយល់ឃើញខាងលើឬទេ?

 

ទស្សនៈដែលយល់ឃើញថា នយោបាយ ជាការបោកប្រាស់ និងជារឿងអពមង្គល គឺប្រហែលជាយោងទៅតាមកាលៈទេសៈនយោបាយនៅក្នុងសង្គមកម្ពុជាដែលប្រជាពលរដ្ឋបានឆ្លងកាត់ទាំងក្នុងពេលអតីតកាលនិងបច្ចុប្បន្នកាល។ នៅក្នុងអតីតកាល បើយើងក្រឡេកទៅមើលត្រឹមតែប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបពោលគឺក្រោយសម័យអាណានិគមនិយមបារាំង យើងឃើញថា ភ្លើងសង្គ្រាមធ្វើឲ្យប្រទេសក៏ដូចជាប្រជាជនកម្ពុជាឆ្លងកាត់ទុក្ខសោកធំធេង ក្តីវិនាសអន្តរាយ និងទ្រុឌទ្រោមរកអ្វីប្រៀបពុំបាន។ ហេតុផលសង្គ្រាមនេះ មួយផ្នែកធំគឺកើតចេញពីការដណ្ដើមអំណាចហែកហួរគ្នារបស់បណ្តាអ្នកនយោបាយនិងមេដឹកនាំខ្មែរផ្ទាល់តែម្តង។

 

ជាក់ស្តែងនៅខែមីនាឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ ណុល និងបក្សពួកបានធ្វើរដ្ឋប្រហារទម្លាក់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អោយខ្ទាតចេញពីអំណាចនៅពេលដែលព្រះអង្គយាងចេញទៅធ្វើទស្សនកិច្ចនៅបរទេស ហើយរបបសង្គមរាស្ត្រនិយមរបស់ព្រះអង្គត្រូវរលំរលាយ។ ក្រោយឡើងកាន់អំណាចបានប្រហែលជិតប្រាំឆ្នាំ រដ្ឋាភិបាលនៃសារធារណៈខ្មែររបស់លោក លន់ ណុល ត្រូវបានផ្តួលរលំដោយកងទ័ពខ្មែរក្រហមនៅខែមេសាឆ្នាំ១៩៧៥ ដែលធ្វើអោយលោក លន់ ណុល រត់ចោលស្រុកទៅបរទេសរហូតថ្ងៃអវសាននៃជិវិត។

 

ក្រោយពីបានឡើងកាន់អំណាច ពួកខ្មែរក្រហមបានដឹកប្រទេសអោយធ្លាក់ជ្រៅក្នុងរបបរពិឃាតដ៏រខ្មៅងងឹតបំផុតក្នុងទំព័រប្រវត្តិសាស្ត្រកម្ពុជា ធ្វើឱ្យប្រជាជនកម្ពុជាធ្វើការបាក់កម្លាំង អត់បាយក្រហាយទឹក និងត្រូវបានគេសម្លាប់រង្គាល បណ្តាលឲ្យមនុស្សស្លាប់អស់ជិត២លាននាក់។ ឡើងកាន់អំណាចមិនទាន់បាន៥ឆ្នាំស្រួលប្រួលផង របបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលគាំទ្រដោយកងទ័ពវៀតណាមនៅខែមករាឆ្នាំ១៩៧៩ ហើយមកដល់ពេលនេះ ពួកអ្នកនយោបាយកំពូលៗនៃរបបខ្មែរក្រហមមួយចំនួនក៏បានស្លាប់បាត់ ហើយមួយចំនួនទៀតកំពុងជាប់គុកនិងកំពុងត្រូវបានកាត់ទោសដោយតុលាការខែ្មរក្រហម។ បើទោះបីរបបខ្មែរក្រហមត្រូវបានដួលរំលំតែជម្លោះនយោបាយនិងការបង្ហូរឈាមរវាងអ្នកនយោបាយខ្មែរនិងខ្មែរ ក៏នៅបន្តរហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំដោយអង្គការសហប្រជាជាតិ ទើបស្ថានភាពនយោបាយនៅកម្ពុជាមានការធូរស្បើយ។

 

មួយវិញទៀត បើក្រឡេកមកមើលស្ថានភាពជាក់ស្តែងនៅពេលបច្ចុប្បន្ន យើងឃើញថារឿងនយោបាយនិងស្ថានភាពនយោបាយនៅកម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពល្អក់កករនិងចម្រោងចម្រាស់ដែលបង្កើតបរិយាកាសមួយដែលមិនគួរជាទីមោទកនៅក្នុងការជជែកដេញដោលនិងចូលរួមក្នុងនយោបាយឡើយ។ ជាក់ស្តែង អ្នកវិភាគនយោបាយនិងសង្គមដ៏មានប្រជាប្រិយនៅកម្ពុជា គឺលោកបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់នៅភ្នំពេញក្នុងខែកក្កដាឆ្នាំ២០១៦ ហើយនៅតែមិនទាន់ទទួលបាននូវយុត្តិធម៌ពេញលេញនៅឡើយរហូតមកដល់ពេលនេះ។

 

មួយវិញទៀត អតីតគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលកម្ពុជានៅខែវិច្ឆិកាឆ្នាំ២០១៧ ហើយ លោក សម រង្ស៊ី ដែលជាអតីតប្រធានបក្សនេះ និងមេដឹកនាំបក្សមួយចំនួនទៀតបាននឹងកំពុងរត់ភៀសខ្លួនទៅរស់នៅបរទេស ខណៈពេលពេលដែលលោក កឹម សុខា ជាអតីតអនុប្រធានបក្ស កំពុងស្ថិតក្នុងដំណើរការចោទប្រកាន់របស់តុលាការដំបូងរាជធានីភ្នំពេញនៅឡើយ។

 

ដូច្នេះ បើយោងទៅតាមទិដ្ឋភាពប្រវតិ្តសាស្ត្រនិងបច្ចុប្បនភាពនៃនយោបាយក្នុងបរិបទសង្គមកម្ពុជាដែលបានលើកឡើងខាងលើ យើងសង្កេតឃើញថា នយោបាយហាក់ដូចជារឿងដែលគួរអោយខ្លាចរអា អ្នកដែលប្រឡូកក្នុងនយោបាយសុទ្ធតែត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ ចំណែកប្រជាពលរដ្ឋត្រូវបានអ្នកនយោបាយបោកប្រាស់និងយកធ្វើជាឧបករណ៍នៅក្នុងការដណ្តើមអំណាចគ្នាបន្តបន្ទាប់។ ប៉ុន្តែការលើកឡើងនេះ វាបានត្រឹមតែឆ្លុះបញ្ចាំងពីនយោបាយនៅក្នុងតថភាពនៃសង្គមខ្មែរតែប៉ុណ្ណោះ វាមិនឆ្លុះបញ្ចាំងពីអត្ថន័យដើមនិងទូទៅនៃពាក្យនយោបាយដែលអ្នកប្រាជ្ញាក្នុងលោកបានរកឃើញ និងផ្តល់ឱ្យនោះទេ។

 

ពាក្យថា «នយោបាយ» មានន័យស្មើនឹងពាក្យភាសាអង់គ្លេស «Politics» ដែលពាក្យនេះមកពីពាក្យជាភាសាក្រិកថា “Polis” ហើយពាក្យថា Polis នេះមានន័យថាទីក្រុង(បុរី) ឬក៏បុរីរដ្ឋ (city-state)។ នៅក្នុងសង្គមក្រិកបុរាណត្រូវបានបែងចែកទៅជាបណ្ដុំនៃបុរីរដ្ឋឯករាជ្យជាច្រើនដែលមានប្រព័ន្ធរដ្ឋាភិបាលដាច់ដោយឡែកពីគ្នា ហើយបុរីរដ្ឋដែលធំជាងនិងមានឥទ្ធិពលជាងគេគឺបុរីរដ្ឋអាតែនដែលមានប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យដោយផ្ទាល់។ នៅក្នុងន័យនេះ នយោបាយគឺមានន័យសំដៅដល់អ្វីដែលទាក់ទងនឹងរដ្ឋ ឬក៏កិច្ចការក្នុងការគ្រប់គ្រងរដ្ឋ។

 

លើសពីនេះទៅទៀត អារីស្តូត (Aristotle) ជាបិតាវិទ្យាសាស្ត្រនយោបាយវិទូក្រិក បានផ្តល់និយមន័យថា «នយោបាយ» គឺជាវិទ្យាសាស្ត្រជាន់ខ្ពស់ដែលគ្មានអ្វីជាក្រៅពីសកម្មភាពតាមរយៈអ្វីដែលមនុស្សព្យាយាមធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ពួកគេនិងដើម្បីបង្កើតសង្គមល្អមួយ។”

 

មួយវិញទៀត បើតាមទ្រឹស្តីនយោបាយវិទូនិងជាទស្សនវិទូអាល្លឺម៉ង់ ហាន់ណាហ អារ៉ែន (Hannah Arendt) បានឱ្យនិយមន័យថា «នយោបាយ គឺជាទម្រង់ដ៏សំខាន់បំផុតនៃសកម្មភាពរបស់មនុស្សពីព្រោះវាពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសេរីភាពនិងសមភាពរបស់ពលរដ្ឋ។ ដូច្នេះ នយោបាយផ្តល់អត្ថន័យដល់ជីវិតនិងបញ្ជាក់ពីលក្ខណៈពិសេសរបស់មនុស្សម្នាក់ៗ»។

 

ចំណែកឯលោក ដេវីឌ អេសស្តុន (David Easton) វិទ្យាសាស្ត្រនយោបាយវិទូអាមេរិក បានផ្តល់និយមន័យថា «នយោបាយ គឺជាការបែងចែកគុណតម្លៃនៃសិទ្ធិអំណាច»។ ក្នុងន័យនេះ លោកចង់មានន័យថានយោបាយគឺជាដំណើរការផ្សេងៗគ្នា ដែលរដ្ឋាភិបាល ឆ្លើយតបសម្ពាធនៅក្នុងសង្គម ជាពិសេសតាមរយៈការបែងចែកផលប្រយោជន៍ រង្វាន់ ឬការពិន័យ។

 

សម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយអង់គ្លេស លោក ប៊ើណាដ ក្រិក (Bernard Crick) បានឱ្យនិយមន័យថា «នយោបាយជាសកម្មភាពក្នុងការផ្សះផ្សានៅក្នុងទំនាស់ផលប្រយោជន៍នៅក្នុងអង្គភាពស្ថិតនៅក្នុងក្រមខណ្ខច្បាប់ ដោយផ្តាល់ឱ្យពួកគេនូវការបែងចែកអំណាចសមស្រមទៅនឹងសេចក្តីត្រូវការរបស់ពួកគេដើម្បីសុខុមាលភាពនិងការរស់រានមានជីវិតនៅក្នុងសហគមន៍ទាំងមូល»។ និយាយអោយខ្លី នយោបាយគឺទាក់ទងទៅនឹងដំណោះស្រាយនៃបញ្ហា។

 

ជារួម នយោបាយគឺជាវិទ្យាសាស្ត្រនិងសិល្បៈក្នុងការគ្រាប់គ្រងនិងការដឹកនាំ និងយុទ្ធវិធីក្នុងការសម្រចចិត្តដើម្បីដោះស្រាយបញ្ហានៅក្នុងក្រុមនៃមនុស្ស សហគមន៍ សង្គមនិងប្រទេសជាតិទាំងមូល ដើម្បីឈានទៅដល់គោលដៅនៃសុខុមាលភាព សេចក្តីសុខ ស្ថិរភាព វិបុលសុខ និងការរីកចម្រើនរបស់ប្រជាពលដ្ឋនិងសង្គមជាតិទាំងមូល។ តាមន័យនេះ នយោបាយមិនមែនមានន័យថា ជានយោបោក ឬជាការបោកប្រាស់របស់អ្នកនយោបាយ និងជារឿងគួរអោយភ័យខ្លាចដូចការលើកឡើងនៅក្នុងបរិបទនៃសង្គមខ្មែរយើងនោះទេ។

 

ប្រសិនបើយើងស្អប់ខ្ពើមនយោបាយ នោះមានន័យថា យើងមិនចង់ដឹង មិនចង់ស្គាល់ មិនចង់យល់ពីអត្ថន័យ មុខងារ តួនាទី និងសារៈប្រយោជន៍នៃនយោបាយនៅក្នុងការអភិវឌ្ឍសង្គមជាតិ។ ដូច្នេះ តើសង្គមរបស់យើងអាចក្លាយទៅជាកន្លែងប្រកបដោយភាពរុងរឿងបានដែរឬទេ ប្រសិនបើយើងជាតួអង្គមួយនៅក្នុងសង្គម មិនខ្វល់ខ្វាយទៅនឹងចរន្តនិងទិសដៅនៃការអភិឌ្ឍបែបនេះ?

 

ដូច្នេះ ដើម្បីអោយសង្គមជាតិរីកចម្រើនបានលឿន ការចូលរួមក្នុងកិច្ចការនយោបាយជារឿងសំខាន់និងចាំបាច់។ ដូចអ្វីដែលលោក ហ្សង់ ហ្សាក់ហ្សាសរូស (Jean Jacques Rousseau) ទស្សនវិទូនិងទ្រឹស្តីនយោបាយវិទូដើមកំណើតស្វីស ដែលបានលើកឡើងថា មានតែការចូលរួមដោយផ្ទាល់និងដោយឥតស្រាកស្រាន្តរបស់ប្រពលរដ្ឋក្នុងជីវិតនយោបាយប៉ុណ្ណោះ ទើបសង្គមជាតិអាចក្លាយជាកន្លែងសុខក្សេមក្សាន្តបាន។

 

ដើម្បីឈានទៅដល់សង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ លុះត្រាតែយើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខិតខំប្រឹងប្រែងស្វែងយល់អោយបានស៊ីជម្រៅអំពីនយោបាយ ក៏ដូចជា សិទ្ធិ សេរីភាព កាតព្វកិច្ច និងច្បាប់សង្គម ព្រោះថាបើគ្មានការប្រែប្រួលស៊ីជម្រៅនៅក្នុងស្មារតីនយោបាយរបស់ពលរដ្ឋទេ នោះក៏មិនអាចមានការផ្លាស់ប្តូរនិងប្រែប្រួលបែបវិជ្ជាមាននៅក្នុងសង្គមកម្ពុជាឡើយ។

 

មួយវិញទៀត យុវជនដែលត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងនៃប្រទេសជាតិ គួរខិតខំសិក្សាអោយបានស៊ីជម្រៅទៅលើនយោបាយ និងប្រើប្រាស់សិទ្ធិនយោបាយឲ្យបានពេញលេញ ដើម្បីបន្សល់សកម្មភាពជាគំរូសម្រាប់ក្មេងជំនាន់ក្រោយដើម្បីកុំយល់ខុសទៅលើអត្ថន័យនយោបាយតទៅមុខទៀត។

 

សូមចងចាំថា យើងម្នាក់ៗមិនអាចគេចផុតពីនយោបាយបានឡើយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូចអ្វីដែលគេតែងតែលើកឡើងថា «យើងអាចភ្លេចនយោបាយបាន តែនយោបាយមិនដែលភ្លេចយើងនោះទេ»។ ឬក៏គេអាចនិយាយបានថា ដរាបណាគ្មានមនុស្ស ទើបអាចគ្មាននយោបាយ។ ពេលណាមានមនុស្សចាប់ពីពីរនាក់ឡើងទៅ គឺមាននយោបាយ។ នេះដូចអ្វីដែល អារីស្តូត បានអះអាងថា «មនុស្ស គឺជាសត្វនយោបាយតាមបែបធម្មជាតិ»៕

 

ដោយ៖ វណ្ណ ប៊ុនណា និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Jamia Millia Islamia រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា។ 

រាល់ខ្លឹមសារក្នុងអត្ថបទនេះជាគំនិតផ្ទាល់របស់អ្នកនិពន្ធមិនបង្ហាញពីទស្សនៈរបស់ The Thinker Cambodia ទេ។