កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានសហរដ្ឋអាមេរិក The Washington Post បានចុះផ្សាយថាមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាអាចនឹងត្រូវបានផ្តល់ឳ្យចិនប្រើប្រាស់ជាមូលដ្ឋានកងទ័ពរបស់ខ្លួន។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយផ្អែកទៅលើប្រភពដែលបានមកពីបទសម្ភាសន៍ជាមួយមន្ត្រីទូតរបស់ប្រទេសលោកខាងលិច និងមន្ត្រីរដ្ឋាភិបាលរបស់ចិន។ របាយកាយការណ៍ថ្មីនេះហាក់ដូចជាការបញ្ជាក់បន្ថែមទៅលើព័ត៌មានដែលបានចុះផ្សាយដោយ The Wall Street Journal កាលពីឆ្នាំ ២០១៩ ដែលបានចោទកម្ពុជាថាបានចុះកិច្ចព្រមព្រៀងយោធាសម្ងាត់ជាមួយចិន ដែលអនុញ្ញាតឳ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពរាម។   ពិតណាស់រឿងអាស្រូវ មូលដ្ឋានទ័ពចិននៅកម្ពុជាបានធ្វើឳ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសជិតខាងរបស់កម្ពុជា និងប្រទេសមហាអំណាចផ្សេងទៀត។ ឧទាហរណ៍ កាលពីខែមិថុនា ឆ្នាំ ២០២១ ប្រទេសវៀតណាមបានបង្កើតកងចល័តតូចមួយនៅក្នុងខេត្តកិនកឿង (Kien Giang) ដែលមានចំងាយប្រហែលជា ២០០ គីឡូម៉ែតពីដែនដីរបស់កម្ពុជា។ កងចល័តនេះគឺត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើត្រួតពិនិត្យក្នុងតំបន់ ហើយវាត្រូវបានគេជឿថាវាត្រូវបានបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលទាក់ទងទៅនឹងមូលដ្ឋានទ័ពចិននៅមូលដ្ឋានកងទ័ពរាម។   កាលពីនៅចុងឆ្នាំ ២០២១ លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានធ្វើដំណើរទស្សនកិច្ចទៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៏រួមទាំងកម្ពុជាផង។ គោលដៅចំបងរបស់លោកស្រីដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់ពីបញ្ហាទាក់ទងទៅនឹងរឿងអាស្រូវមូលដ្ឋានទ័ពចិននៅកម្ពុជា។ នៅថ្ងែទី៧ ខែមិនុថា រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ហើយបញ្ហាមូលដ្ឋានទ័ពរាមក៏បានក្លាយជាប្រធានបទក្តៅសម្រាប់កិច្ចពិភាក្សានោះដែរ។   ទោះបីជាយ៉ាងនេះក្តី ព័ត៌មានដែលបានចុះផ្សាយដោយ The Washington Post មិនបានផ្តល់ភស្តុតាងច្បាស់លាស់ណាមួយទាក់ទងទៅនឹងមូលដ្ឋានទ័ពចិននៅកម្ពុជាឡើយ។ ព័ត៌មាននេះផងដែរ ហាក់ដូចជាផ្ទុយពីគោលនយោបាយការបទេសកម្ពុជាបច្ចុប្បន្ន ។ ដើម្បីធ្វើការវាយតម្លៃថាតើកម្ពុជាមានបំណងអនុញ្ញាតឳ្យបរទេសប្រើប្រាស់នៅមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន ដែលវាផ្ទុយពីរដ្ឋធម្មនុញរបស់កម្ពុជា ជាដំបូងយើងត្រូវពិនិត្យមើលទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាង។ យើងក៏នឹងពិនិត្យមើលផងដែរ ពីឥរិយាបថរបស់កម្ពុជាចំពោះបញ្ហាក្នុងតំបន់ ពិភពលោក និងតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានកន្លងមក។   នាពេលបច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួនទាំងថៃនិងវៀតណាម។ ទោះបីជាកម្ពុជាធ្លាប់ប្រឈមមុខដាក់គ្នាជាមួយថៃកាលពីឆ្នាំ ២០០៨-២០១១ រឿងប្រាសាទព្រះវិហារ ក៏ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរមានល្អប្រសើរឡើងវិញ ជាពិសេសបន្ទាប់ពីមានរដ្ឋប្រហានៅថៃដែលដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចារ។ នៅឆ្នាំ២០១៨ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទៀបាញ់បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិថៃលោក Prawin Wongsuwon ដែល ផ្តោតទៅលើការបង្រ្កាបឧក្រិត្តកម្មឆ្លងដែន។ នៅខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកប្រាយុទ្ធបានអបអរសាទរ ខួប ៧០ ឆ្នាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ នៅក្នុងពេលនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាថានឹងពង្រឹងទំនាក់ទំនងរបស់ខ្លួនឳ្យកាន់តែរឹងមាំឡើង ដោយផ្តោតសំខាន់ទៅលើបញ្ហាបច្ចុប្បន្នដោយមិនរំលឹកពីជម្លោះក្នុងអតីតកាល។ នាពេលបច្ចុប្បន្ន ថៃក៏បានជួយដល់កម្ពុជាក្នុងការដោះស្រាយបញ្ហាវិបត្តិមីយ៉ាន់ម៉ា ដែលនេះបង្ហាញពីភាពល្អប្រសើរឡើងនៃទំនាក់ទំនងប្រទេសទាំងពីរ។   ចំណែកទំនាក់ទំនងកម្ពុជាជាមួយវៀតណាមក៏នៅតែមានភាពល្អប្រសើរ ទោះបីជាក្នុងពេលបច្ចុប្បន្ននេះកម្ពុជាមានទំនោរខ្លាំងទៅរកចិនក៏ដោយ។ នៅក្នុងកម្រឹតថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់កម្ពុជារាប់ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោករដ្ឋមន្ត្រីទៀបាញ់មានទំនាក់ទំនងយ៉ាងល្អជាមួយមេដឹកនាំវៀតណាម ហើយតែងតែធ្វើទស្សនកិច្ចទៅវៀតណាមជាញឹកញ៉ាប់។ ដូចគ្នានោះដែរ ថ្នាក់ដឹកនាំវៀតណាមក៏តែងតែធ្វើទស្សនកិច្ចមកកម្ពុជាផងដែរ។ នៅឆ្នាំ ២០២១ ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc បានធ្វើទស្សនកិច្ចមកកម្ពុជាដែលនោពេលនោះ លោក សួស យ៉ារា ដែលជាសមាជិករដ្ឋសភារបស់កម្ពុជាបាននិយាយថា ទំនាក់ទំនងកម្ពុជា-វៀតណាមគឺជាទំនាក់ទំនងមួយដែលមានការគោរពគ្នា យល់គ្នា ជឿទុកចិត្តគ្នា និងផ្តល់ផលប្រយោជន៍ឳ្យគ្នាទៅវិញទៅមក។ នៅលើផ្នែកយោធាវិញ កម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយវៀតណាម ដែលកិច្ចព្រមព្រៀងជាច្រើនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ នៅឆ្នាំ ២០១៩ កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្រាប់រយៈពេល៥ឆ្នាំជាមួយវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរសម្រាប់ឆ្នាំ ២០២០-២០២៥។ កាលពីខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Phan Van Giang បានធ្វើទស្សនកិច្ចមកទីក្រុងភ្នំពេញហើយជួបជាមួយលោករដ្ឋមន្ត្រីទៀ បាញ់។ ជំនួបនោះបានផ្តល់ឪកាសឳ្យប្រទេសទាំងពីររឹតចំណងសាមគ្គីភាពទាក់ទងទៅនឹងវិស័យការពារជាតិ ហើយប្រទេសទាំងពីរក៏បានសន្យានិងមិនឳ្យ ប្រទេសណាមួយប្រើប្រាស់ខ្លួនដើម្បីប្រឆាំងគ្នាទៅវិញទៅមក។   និយាយជារួម ទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាងពោរពេញដោយកិច្ចសហប្រតិបត្តិការនិងការផ្តល់ផលប្រយោជន៍ឳ្យគ្នាទៅវិញទៅមក។​ ​នៅក្នុងន័យនេះ ការអនុញ្ញាតឳ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា អាចនឹងធ្វើអោយមានផលអាក្រក់ដល់ទំនាក់ទំនងកម្ពុជាជាមួយប្រទេសជិតខាងរបស់ខ្លួន។ យើងត្រូវដឹងថា ថៃជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៏ ដែលបច្ចុប្បន្ននៅតែបន្តរពឹងផ្អែកយ៉ាងខ្លាំងទៅបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិក។ ចំណែកប្រទេសវៀតណាមវិញ បច្ចុប្បន្នកំពុងតែមានជម្លោះជាមួយចិនទាក់ទងទៅនឹងដែនសមុទ្រចិនខាងត្បូង។ ដូច្នេះ ប្រសិនបើកម្ពុជាអនុញ្ញាតឪ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួន គឺគោលដៅមានតែមួយប៉ុណ្ណោះ គឺកម្ពុជាចង់ប្រឈមមុខដោយផ្ទាល់ជាយោធាជាមួយវៀតណាម។ តើការប្រឈមមុខជាមួយវៀតណាម​ជាអ្វីដែលថ្នាក់ដឹកនាំកម្ពុជាបច្ចុបន្នចង់បានមែនឬទេ? លើសពីនេះទៅទៀត នៅក្នុងសៀវភៅសការពារជាតិរបស់វៀតណាមដែលបានចុះផ្សាយកាលពីឆ្នាំ ២០១៩ បានប្រមាណយ៉ាងច្បាស់ពីការលូកដៃរបស់ចិននឹងធ្វើឳ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។   លើសពីនោះទៅទៀត ការអនុញ្ញាតឳ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមអាចនឹងធ្វើឳ្យការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នក្លាយជាអាសាបង់ នេះមិនទាន់និយាយដល់តួនាទីរបស់កម្ពុជាជាប្រធានអាស៊ានផង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានបង្ហាញពីជំហរអព្យាក្រឹត របស់ខ្លួនដែលមិនអនុញ្ញាតឳ្យមេដឹកនាំយោធាមីយ៉ាន់មាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយសារតែរបបសឹកភូមានៅតែមិនអនុវត្តទៅការព្រមព្រៀងជាឯកឆន្ទរបស់អាស៊ាន។ កម្ពុជាក៏បានចេញមុខថ្កោលទោសការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនផងដែរ។ ការឆ្លើយតបរបស់កម្ពុជាទៅលើបញ្ហានេះបានធ្វើឳ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលដំបូងឡើយគេបានរំពឹងទុកជាមុនថាកម្ពុជានឹងដើរតាមគន្លងរបស់ចិនដើម្បីគាំទ្ររបបផ្តាច់ការនៅរុស្សី ។   កម្ពុជាក្នុងនាមជាប្រធានអាស៊ាន​ កម្ពុជាបានខំព្យាយាមរក្សានូវអព្យាក្រឹតរបស់អាស៊ានដោយព្យាយាមរក្សានូវតុល្យភាពរបស់អង្កការតំបន់មួយនេះជាមួយមហាអំណាចខាងក្រៅ ជាពិសេសជាមួយសហរដ្ឋអាមេរិកនិងចិន។ នៅក្នុងពេលនៃកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក-អាស៊ាន កម្ពុជាបានបង្ហាញការស្វាគមន៍ដល់ការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សកម្មភាពនេះវាបានបង្ហាញពីជំហររបស់កម្ពុជាដើម្បីពង្រឹកទំនាក់ទំនងអាស៊ានជាមួយប្រទេសមហាអំណាចទាំងអស់នៅក្នុងក្របខណ្ឌអាស៊ាន។   ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនឹងទៅជាគ្មានន័យប្រសិនបើកម្ពុជាអនុញ្ញាតឪ្យចិនប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន។​​ ក្នុងពេលនៃកិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិក-អាស៊ាន កម្ពុជាបានចេញផ្សាយនូវសៀវភៅសការពារជាតិ ដែលខ្លឹមសារបានសង្កត់ធ្ងន់ទៅលើមូលដ្ឋានទ័ពរៀម ដោយបានលើកលើងថា​​ ទំនើបកម្មយោធានេះនឹងមិនបង្ករការគំរាមគំហែងដល់ប្រទេសណាមួយឡើយក្នុងតំបន់ ហើយកម្ពុជានឹងមិនអនុញ្ញាតឳ្យកងទ័ពបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីតាំងទ័ពឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានបង្ហាញយ៉ាងច្បាស់ពីជំហរអព្យាក្រឹត និងឯករាជ្យភាពរបស់កម្ពុជា។ សកម្មភាពនេះបានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលក្នុងពេលថ្មីៗនេះ កម្ពុជាបានទទួលសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដោយសារតែការខិតជិតខ្លាំងពេករបស់ទៅរកចិន។​ មូលហេតុចម្បងដែលកម្ពុជាព្យាយាមរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នេះដោយសារតែកម្ពុជាយល់ថាកម្ពុជាមិនអាចពឹងចិនតែម្ខាងបានទេ។ គួរកត់សម្គាល់ថាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។   និយាយជារួម ការលើកឡើង ថាមានមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជានៅតែជារឿងមិនចម្រោងចម្រាស […]